ថ្ងៃនេះ កាល​២​ឆ្នាំមុន ជា​ថ្ងៃ​អ្វី​?

22-07-2016 4:45 pm 1772

ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៦​នេះ គឺជា​ខួប​២​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​២២ កក្កដា ឆ្នាំ​២០១៤ ដែល​ជា​ការចរចា បញ្ចប់​ជម្លោះ​នយោបាយ ក្រោយ​បោះឆ្នោត ឆ្នាំ​២០១៣ រវាង​គណបក្ស​កាន់អំណាច ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។

​តាមរយៈ កិច្ចព្រមព្រៀង​នេះ គណបក្សប្រឆាំង បាន​បញ្ឈប់​សកម្មភាព​បាតុកម្ម​តវ៉ា នៅតាម​ទីសាធារណៈ ដោយ​បាន​វិល​មក​បំពេញ​តួនាទី នៅ​រដ្ឋសភា ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា​។ គណបក្ស​ទាំង​២ ក៏​បាន​ឯកភាពគ្នា ក្នុង​ការបែងចែក​អំណាច ក្នុង​រដ្ឋសភា រួម​នឹង​ការធ្វើ​កំណែទម្រង់​លើ​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា មួយចំនួន​ផង​ដែរ​។​

ពេលវេលា​នៃ​ភាព​ផ្អែមល្ហែម រវាង​ដឹកនាំ នៃ​គណបក្ស​ធំៗ​ទាំង​២ បាន​រំកិល​ទៅ​មុខ​បន្តិច​ម្តងៗ ធ្វើឲ្យ​ការរឹតចំ​ណង​មិត្តភាព សាមគ្គីភាព​កាន់តែ​ស៊ីជម្រៅ​។ ប្រជាពលរដ្ឋ​កម្ពុជា មាន​សេចក្តី​រីករាយ និង​ត្រេកអរ​ជាខ្លាំង ដោយ​បាន​ឃើញ​ពី​សកម្មភាព របស់​ថ្នាក់ដឹកនាំ គណបក្ស​ទាំង​២ ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី បាន​កាន់​ដៃ​គ្នា ចូលរួម​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី រួម​នឹង​ការ​ទទួលទាន​អាហារ ជា​លក្ខណៈ​គ្រួសារ​ជាមួយ​គ្នា​ជាដើម​។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ គឺ​ការប្តេជ្ញា កាន់​ដៃ រួបរួមគ្នា ដោះស្រាយ​បញ្ហា​ជាតិ តាមរយៈ​វប្បធម៌​សន្ទនា​។
​ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រមោល​អតីតកាល នៃ​ភាព​មិន​ចុះសម្រុង​នឹង​គ្នា បាន​មក​លងបន្លាច លើ​គណបក្ស​ទាំង​២​សារជាថ្មី​។ ជម្លោះ​ទាស់ទែង ការចោទប្រកាន់​គ្នា​ទៅវិញទៅមក បាន​ក្លាយជា​ដើមហេតុ បង្ក​ឲ្យ​កើត​មាន​ជម្ងឺ​មិន​ទុកចិត្ត​គ្នា​។​

​ដើម​ហេតុ​នៃ​ការ​ប្រេះឆា​គ្នា ត្រូវបាន​ខាង​គណបក្ស​កាន់អំណាច អះអាងថា មក​ពី​លោក​សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ប្រើ​នូវ​យុទ្ធសាស្ត្រ “​ចាប់ដៃ ជាន់​ជើង​” និង​ចូលចិត្ត​លាប​ពណ៌​មកលើ​រដ្ឋាភិបាល​។ ដោយឡែក គណបក្សប្រឆាំង​វិញ បាន​ចោទប្រកាន់​ថា គណបក្សកាន់អំណាច មិន​បាន​គោរព​ឲ្យបាន​ពេញលេញ នូវ​កិច្ចព្រមព្រៀង​នយោបាយ ទាំង​៧​ចំណុច ព្រមទាំង​បាន​ធ្វើទុក្ខបុកម្នេញ​មកលើ​ខ្លួន តាមរយៈ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​។​

​ភាពមិន​ចុះសម្រុង​រវាង​គណបក្ស​ទាំង​២ បើ​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​១​ឆ្នាំ​ហើយ​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​តែងតែ ព្យាយាម​ឲ្យមាន​ការផ្សះផ្សា ត្រូវរ៉ូវ​គ្នា​ឡើងវិញ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត បានឱ្យដឹងថា រហូតដល់​ពេល​នេះ កិច្ចព្រមព្រៀង​២២​កក្កដា មិនទាន់​ស្លាប់​ទេ គ្រាន់តែ​ស្រងល់​មួយរយៈ​ប៉ុណ្ណឹង​។ គណបក្ស មិន​បាន​បិទទ្វារ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ ប៉ុន្តែ​ការចរចា ឬ​សន្ទនា​គ្នា នឹង​ធ្វើទៅបាន បន្ទាប់​ពី​តុលាការ បញ្ចប់​នីតិវិធី របស់ខ្លួន រួចរាល់​លើ​ដៃគូ​សន្ទនា​ម្ខាង​ទៀត ដើម្បី​កុំឱ្យ​ការចរចា​នេះ មាន​សម្ពាធ​លើ​តុលាការ​។​

សំឡេង

​ជាមួយគ្នានេះ លោកស្រី មួ​រ សុខ​ហួរ មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រម្លឹក​ឡើងវិញ នូវ​កិច្ចព្រមព្រៀង ២២​កក្កដា​ឆ្នាំ ២០១៤​នេះដែរ​។ លោកស្រី បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទទូច​ឱ្យ មាន​ការចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ ដោយ​ឈរ​លើ​គោលការណ៍​អហិង្សា និង​ស្នើ​ឱ្យ​មាន​ភាគី​ទី​៣ ដើម្បី​វាយតម្លៃ​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​នេះ ផងដែរ​។​

សំឡេង

​គួរ​រម្លឹក​បន្តិច​ថា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចរចា​គ្នា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ដ៏​តានតឹង​ដែល​អូស​អន្លាយ​រយៈពេល​១​ឆ្នាំ​។ កិច្ចព្រមព្រៀង​នេះ មាន​ចំនួន​៧​ចំណុច រួមមាន​៖

​ប្រការ​ទី​១៖ គណបក្ស​ទាំងពី រ​បាន​ឯកភាពគ្នា លើ​ដំណោះស្រាយ​នយោបាយ  ដោយ​ចូលរួម​ធ្វើការ​ជាមួយគ្នា នៅក្នុង​ស្ថាប័ន​រដ្ឋសភា ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​នានា របស់​ប្រទេសជាតិ ស្រប​តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

ប្រការ​២៖ ផ្អែក​តាម​ស្មារតី នៃ​សេចក្ដីប្រកាស​រួម នៃ​ជំនួប​កំពូល​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ គណបក្ស​ទាំង​ពីរ បាន​ឯកភាពគ្នា ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត ដោយ​រៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ជា​ស្ថាប័ន ដែល​មាន​ឯករាជ្យ ពេញលេញ ដោយ​មានចែង​ក្នុង​ជំពូក​មួយ​ដោយឡែក​នៃ​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព នៃ​ស្ថាប័ន​នេះ ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។ សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ចំនួន​០៩​រូប ក្នុងនោះ​សមាសភាព​៤​រូប ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​, សមាសភាព​៤​រូប ជ្រើសរើស ដោយ​គណបក្ស មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​មិន​ចូលរួម ក្នុង​រាជរដ្ឋាភិបាល ហើយ​សមាសភាព​១​រូប​ទៀត គឺ​ត្រូវ​ជ្រើសរើស​ដោយ​មាន​ការព្រម​ព្រៀង​គ្នា រវាង​គណបក្ស ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ត្រូវ​ដំណើរការ​រៀបចំ ឱ្យ​មាន​ការជ្រើសរើស ដោយ​បើកចំហ និង​តម្លាភាព នូវ​សមាសភាព គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ដាក់ជូន​រដ្ឋសភា ដើម្បី​បោះឆ្នោត​ទុកចិត្ត​។ ក្នុងករណី ដែល​ខកខាន មិន​បាន​រៀបចំ សមាសភាព គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត សមាសភាព​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត ដែល​មាន​ស្រាប់ ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​បន្តទៀត និង​មាន​សមត្ថកិច្ច ដើម្បី​ចាត់ចែង​រៀបចំ ការបោះឆ្នោត​តាម​ច្បាប់​។

គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ​។ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា ឱ្យ​គណៈកម្មការ​ចម្រុះ​ដែល​មាន​ស្រាប់ បន្ត​ពិភាក្សាគ្នា​រៀបចំ​ក្របខណ្ឌ កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ ស្រប​តាម​សេចក្ដីប្រកាស​រួម រវាង​ក្រុម​ការងារ គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្នុងនោះ ដោយ​រួមទាំង​ការរៀបចំ​បញ្ជី​ឈ្មោះ បោះឆ្នោត​ជា​ថ្មី​។​

​ប្រការ​៣៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​កំណត់​ឡើងវិញ នូវ​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត នាពេលខាងមុខ​។​

​ប្រការ​៤៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា ក្នុង​ការរៀបចំ​ឱ្យមាន​ការបែងចែក​អំណាច​ដាច់ពីគ្នា រវាង​អំណាច​នីតិ​បញ្ញតិ្ត និង​អំណាច​នីតិប្រតិបត្តិ​។ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​ធ្វើការ​សិក្សា ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធន៍កម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដើម្បី​ឱ្យ​ស្ថាប័ន​នេះ អាចបំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ និង​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងនោះ​លើកកម្ពស់​តួនាទី និង​សិទ្ធិ​អំណាច របស់​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូល ក្នុង​រាជរដ្ឋាភិបាល ស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋ​សភា ដោយ​បែងចែក​តួនាទី ដឹកនាំ​នៅក្នុង គណៈកម្មាធិការ​អចិន្ដ្រៃយ៍ នៃ​រដ្ឋសភា តាម​រូបមន្ដ​៧​ទល់​៦ ដោយ​ត្រូវ​បង្កើត​បន្ថែម គណៈកម្មការ​ជំនាញ​ថ្មី​មួយទៀត ហើយ​ដោយ​មាន​ប្រធាន​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​, អនុប្រធាន​ទី​១ មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​ទី​២ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ គណៈកម្មការ​ដែល​បង្កើត​ថ្មី ជា​គណៈកម្មការ​ទី​១០ មានឈ្មោះ​ថា «​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​» ដោយ​បំបែក​ចេញពី​គណៈកម្មការ​ទី​៤ ហើយ​ដូរ​ឈ្មោះ គណៈកម្មការ​ទី​៤ មកជា «​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​»​។ គណៈកម្មការ​ដែល គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​ប្រធាន និង​ធ្វើ​ជា​លេខាធិការ រួមមាន គណៈកម្មការ​ទី​២, គណៈកម្មការ​ទី​៤, គណៈកម្មការ​ទី​៥, គណៈកម្មការ​ទី​៦, គណៈកម្មការ​ទី​៩​។ គណៈកម្មការ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើជា​ប្រធាន និង​ធ្វើ​ជា​លេខាធិការ រួមមាន​គណៈកម្មការ​ទី​១, គណៈកម្មការ​ទី​៣, គណៈកម្មការ​ទី​៧, គណៈកម្មការ​ទី​៨ និង​គណៈកម្មការ​ទី​១០​។ គណៈកម្មការ​នីមួយៗ មាន​សមាសភាព​០៩​រូប​។ គណៈកម្មការ​ដែល​គណ​បក្ស​ណា ធ្វើជា​ប្រធាន គណបក្ស​នោះ​មាន​០៥​រូប និង​គណបក្ស​មួយ​ទៀត​មាន​០៤​រូប​។​

​ប្រការ​៥៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​ពិនិត្យ រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា​។​

​ប្រការ​៦៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​ធ្វើការ​កែទម្រង់ និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ ជាពិសេស​ស្ថាប័ន​ឯករាជ្យ​នានា ឱ្យ​អាច​បំពេញ​ការងារ​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ​។​

ប្រការ​៧៖ គណបក្ស​ទាំងពីរ​ឯកភាព​ក្នុង​ការសិក្សា ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដើម្បី​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត