លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ភ្ញាក់ខ្លួន​​ក្រោយ​​បាត់បង់​​សំឡេងគាំទ្រ​​ពី​ពលរដ្ឋ​​?​

21-07-2016 3:25 pm 36016

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា លោក​នឹង​ចុះ​បេសកកម្ម ជួប​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​នៅ​ទូទាំង​២៥ រាជធានី ខេត្ត ក្រុង​ចាប់ពី​ថ្ងៃ​ទី​២០ កក្កដា ដើម្បី​សួរ​សុខទុក្ខ​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ ជាពិសេស ពិនិត្យ​អំពី​សមិទ្ធផល​នៅតាម​បណ្ដា​ខេត្ត និង​បញ្ហា​ប្រឈម​នានា​។ ចំពោះ​អ្នកវិភាគ យល់ថា ការចុះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ពេលនេះ អាច​ជា​ការមិនទុកចិត្ត​ចំពោះ​របាយការណ៍​មន្ត្រី​ថ្នាក់ក្រោម ហើយ​មួយវិញទៀត ជាការ​ភ្ញាក់ខ្លួន​របស់​លោកនាយក​រដ្ឋមន្ត្រី ក្រោយពី​គណបក្ស​របស់​លោ​ក​​បាត់បង់​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​កន្ល​កមក​។

 

​ការបង្ហាញ​ភាព​ស្និត​ស្នាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​កាន់​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​បន្តបន្ទាប់ នៅ​រយៈពេល​ចុងក្រោយ​នេះ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ខ្លាំង ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកនិង​សារព័ត៌មាន​ក្នុងស្រុក​។​ជាងនេះទៅទៀត ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា នឹង​ចុះ​បេសកកម្ម​ជួប​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​នៅ​ទូទាំង​២៥ រាជធានី ខេត្ត ដើម្បី​សួរ​សុខទុក្ខ​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ ជាពិសេស ពិនិត្យ​អំពី​សមិទ្ធផល​នៅតាម​បណ្ដា​ខេត្ត និង​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​។​

 

​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ពេលនេះ ត្រូវបាន​អ្នកវិភាគ​សង្គម និង​នយោបាយ​នៅ​កម្ពុជា​យល់ឃើញ ស្រដៀង​គ្នា​ន​ថា ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី លែង​ទុកចិត្ត​លើ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោយ ដែល​តែងតែ​រាយការណ៍​មក​ថ្នាក់លើ​តែ​ចំណុច​ល្អ ដោយឡែក​ចំពោះ​ចំណុច​ដែល​អាក្រក់​ត្រូវបាន​មន្ត្រី​ទាំងអស់​នោះ​លាក់ទុក​។​

 

​យ៉ាង​វិញទៀត អ្នកវិភាគ យល់​ថា​សកម្មភាព​ថ្មី​របស់​លោក ហ៊ុន សែន​នេះ អាចនិយាយបាន​ថា ជាការ​ភ្ញាក់​រម្លឹក​មួយ​ផងដែរ នៅពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ត្រូវបាន​បាត់បង់​ការគាំទ្រ​ពី​ប្រពល​រដ្ឋ កាល​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។​

 

​ចំពោះ​លោក​សុខ ទូច ដែល​ជា​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ថា លោក​មិន​ជំទាស់​ចំពោះ​ការចុះ​របស់​លោកនាយក​រដ្ឋមន្ត្រី នៅតាម​មូលដ្ឋាន​នោះទេ ប៉ុន្តែ​លោក​បាន​យល់​ពន្យល់ថា បើ​លោក​នាយករដ្ឋមន្ត្រី ចុះ​ទៅ​សូម​កុំ​ប្រាប់​មុន ដោយ​លោក​អះអាងថា មន្ត្រី​នៅ​តាម​មូលដ្ឋាន​មួយចំនួន​ចេះ​ណាស់ ក្នុង​ការរៀបចំ​ទុក​មុន​ជា​ស្រេច​។​

 

​បើ​តាម​លោក សុខ ទូច បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែ​សិក្សា​ឡើងវិញ ហើយ​រក​មូលហេតុ​ថា តើ​ហេតុអ្វី​បានជា​គណបក្ស​កាន់អំណាច​មួយ​នេះ បាត់បង់​ការគាំទ្រ​ពី​៩០​កៅអី មក​ត្រឹម​៦៨​កៅអី​។ លោក​បាន​សង្កត់ធ្ងន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការងារ​របស់​មន្ត្រី​ថ្នាក់​ក្រោយ ដែល​មន្ត្រី​ទាំងអស់​នោះ​ហើយ​ជា​ដើមចម​ធ្វើឲ្យ គណបក្ស​របស់​លោក​បាត់បង់​កៅអី​……

​សំឡេង​លោក សុខ ទូច​៖

 

​ដោយឡែក​លោក មាស នី អ្នកវិភាគ​សង្គម​កម្ពុ​ជា បានចាត់ទុក​សកម្មភាព របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​នេះ គឺ​ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​បាន​បាត់បង់​ការគាំទ្រ​ច្រើន​។ លោក​ថា ការចុះ​តាម​ខេត្ត​នានា​នៅ​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី អាច​ជា​ការចុះ​តាមដាន​សកម្មភាព​ការងារ​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។​

 

​យ៉ាងណាក្តី អ្នកវិភាគ​សង្គម​កម្ពុ​ជា​រូបនេះ បានបញ្ជាក់​ថា ការចុះ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ប្រហែល​មិនមាន​ប្រសិទ្ធភាព​ទេ បើសិន​លោក​ចុះ​ទៅ​គ្រាន់តែ​ស្តាប់​ពី​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម ពីព្រោះ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម​ភាគច្រើន​រាយការណ៍​តែ​ចំណុច​ល្អ​។ លោក​មាស នី ថា លោកនាយក​រដ្ឋមន្ត្រី គួរតែ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​ទាំងអស់​នោះ ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង និង​ពិនិត្យ​ឲ្យបាន​ស៊ីជម្រៅ​ជាមួយ​មន្ត្រី​ទើប​ល្អ​ប្រសើរ​ជាង​…

​សំឡេង​លោក មាស នី​៖

 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា លោក​នឹង​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ជួប​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​នៅ​ទូទាំង​២៥ រាជធានី ខេត្ត ក្រុង​ចាប់ពី​ថ្ងៃ​ទី​២០ កក្កដា​នេះ​ទៅ​។ ក្នុង​យុទ្ធនាការ​នេះ លោក​បាន​ជ្រើសរើស​ខេត្ត​បាត់ដំបង ជា​ខេត្ត​គោលដៅ​ទី​មួយ​របស់​លោក​។ បន្ទាប់​ពី​ខេត្ត​បាត់ដំបង លោក​នឹង​បន្តដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ហើយ​បន្ទាប់មក​គឺ​ខេត្ត​កំពង់ធំ​។​

 

​ទាក់ទង​នឹង​ចុះ​យុទ្ធនាការ​ជួប​ប្រជាពលរដ្ឋ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ដើម្បី​សួរ​សុខទុក្ខ​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ​ពេល​ និង​ពិនិត្យ​អំពី​សមិទ្ធផល​នៅតាម​បណ្ដា​ខេត្ត និង​បញ្ហា​ប្រឈម​នានា​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ក្រើនរំឭក​ឲ្យ​មន្ត្រីរាជការ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​សេវា​តម្រូវការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធ​ភាព ​ហើយ​ត្រូវតែ​លុបបំបាត់​រាល់​កំហុសឆ្គង ការ​ថ្នាំងថ្នាក់ ភាព​អសកម្ម​ទាំងឡាយ ហើយ​ត្រូវ​ខិតខំ​កសាង​អំពើ​ល្អ​អោយបាន​ច្រើន​។​

 

​គួរបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុងតែ​កាន់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។ គណបក្ស​នេះ បាន​ស្គាល់​នូវ​ការបរាជ័យ​មួយ​ដែល​នឹកស្មាន​មិន​ដល់ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៣ ពោល​គឺ​បាន​បាត់បង់​កៅអី​ពី​៩០ មក​ត្រឹមតែ​៦៨​កៅអី​។ ការបរាជ័យ​នេះ​ទោះ​ជា​មិន​ធ្ងន់​ដល់​បាត់បង់​តំណែង​ដឹកនាំ​ប្រទេស តែ​នេះ​ជា​សារ​ព្រមាន​មួយ ដែល​បាន​បង្ហាញ​ពី​ការ​ធ្វេសប្រហែស របស់​គណបក្ស​មួយ​នេះ រហូត​នាំឲ្យ​ប្រជាប្រិយភាព​បក្ស​បាន​ធ្លាក់ចុះ​៕

(ដោយ គួន សំបូរ​)

ព័ត៌មានផ្សេងទៀត