ក្រសួង​ទេ​ចរណ៍​នឹង​កម្រិត​ពិន័យ​ធ្ងន់ធ្ងរ​លើ​អ្នក​មិន​គោរព​សេចក្តីណែនាំ​”​បរិស្ថាន​គ្មាន​ផ្សែង​បារី​”

20-07-2016 6:02 pm 1199

​សិក្ខាសាលា​ស្តីពី ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅក្នុង​វិស័យ​ទេសចរណ៍ ត្រូវបាន​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២០ កក្កដា​នេះ ដោយ​មាន​ការរៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CCMH) អង្គការ​សុខភាព​ពិភពលោក​(WHO) សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​។​

​សិក្ខាសាលា​ដែល​ធ្វើ​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃនេះ ក្នុង​គោលបំណង​ដើម្បី ដើម្បី​ផ្សព្វផ្សាយ ពន្យល់​ណែនាំ ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា ឲ្យ​យល់ដឹង​ពី ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ នៅ​តំបន់​ទេសចរណ៍​នានា ដើម្បី​ឲ្យស្រប​ទៅ​តាម​សេចក្តីណែនាំ របស់​ក្រសួង​ទេសចរណ៍ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​។​

​លោក​ស្រី​ឈា ឆដា​ភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព នៃ​ក្រសួង​សុខាភិបាល បានលើកឡើង នៅក្នុង​អង្គសិក្ខាសាលា​នេះ​ថា ការបិទ​ស្លាក​ហាម​ជក់បារី នៅ​តាម​ភោជនីយដ្ឋាន និង​នៅតាម​សណ្ឋាគារ​មួយ​ចំនួន បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ទៅ​តាម​សេចក្តីណែនាំ របស់​ក្រសួង​ទេសចរណ៍​។ ភោជនីយដ្ឋាន និង​សណ្ឋាគារ​ទាំងនោះ ស្ថិតនៅក្នុង​ខេត្ត​សៀមរាប ដែល​ត្រូវបាន មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព នៃ​ក្រសួង​សុខាភិបាល ធ្វើការ​សិក្សា​។​

​ជាមួយគ្នានេះ លោកស្រី ឈា ឆដា​ភា បាន​ផ្តល់​ក្តីសង្ឃឹម​ថា ក្រៅ​ពី​ខេត្ត​សៀមរាប ខេត្ត​ដទៃ​ផ្សេងទៀត ដែល​មាន​សក្តានុពល​ទេសចរណ៍ នឹង​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ខេត្ត​របស់​ខ្លួន ទទួលបាន​នូវ ចំណាត់ថ្នាក់​ល្អ ក្នុង​ការទប់ស្កាត់​ការ​បង្ហុយផ្សែង​បារី ឲ្យស្រប​ទៅ​នឹង​សេចក្តីណែនាំ “​បរិស្ថាន​គ្មាន​ផ្សែង​បារី​”​។​

​សូមបញ្ជាក់​ថា ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្តីណែនាំ ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ទូទាំង​ប្រទេស​ថា​៖
១. ត្រូវ​បិទ​ផ្សាយ ឬ​ដាក់​បម្រាម​អំពី​ការហាម​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅតាម​ផ្លូវ​ចូល និង​កន្លែង​សមស្រប​ផ្សេងទៀត នៃ​កន្លែង​សាធារណៈ ដែល​ឲ្យ​សាធារណជន​អាច​មើលឃើញ​ច្បាស់​។​

២.​មិន​ត្រូវ​ដាក់​តាំង ឬ​បង្ហាញ​ប្រដាប់​គោះ​បារី ឬ​រូបភាព​ប្រដាប់​គោះ​បារី ទោះ​ក្នុង​ទម្រង់ ទំហំ និង​ប្រភេទ​ណាក៏ដោយ នៅ​កន្លែងធ្វើការ កន្លែង​សាធារណៈ និង​កន្លែង​ផ្សេង​ទៀត ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ជក់ និង​បង្ហុយ​ផលិតផល​ថ្នាំជក់​។​

៣.​ត្រូវ​បង្គាប់​មិន​ឲ្យ​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ ចំពោះ​ជន​ណា​ដែល​មិន​អនុវត្ត​តាម​ស្លាក​បម្រាម​ហាម​ជក់ និង​ត្រូវ​សហការ ជាមួយ​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ឲ្យទាន់​ពេលវេលា​។​

៤. មិន​ត្រូវ​ផ្សាយពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់ ក្នុង​បរិវេណ​មូលដ្ឋាន​របស់​ខ្លួន ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ រួម​មាន​ផ្ទាំង​រូបភាព ផ្ទាំង​ប៉ាណូ ផ្ទាំង​បដា ផ្ទាំងគំនូរ ឬ​បណ្ណ​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​ផ្សេងៗ​ទៀត ឬ​តាមរយៈ​រូបភាព​ចល័ត​នៅលើ​ជញ្ជាំង​រថយន្ត ឬ​លើ​យានជំនិះ និង​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​។​

៥.​អាច​ដាក់​តាំង​បង្ហាញ កញ្ចប់​ផលិតផល​ថ្នាំជក់​ធម្មតា បាន​តែ​មួយ​កញ្ចប់​ក្នុង​មួយ​ម៉ាក នៅ​នឹង​កន្លែង​លក់ ឬ​តូប​លក់ ឬ​ក្នុង​ហាង​លក់​បារី​ប៉ុណ្ណោះ​។ ទូ​ឬ​សម្ភារៈ​សម្រាប់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់​ត្រូវ​មាន​ពណ៌​ត្នោត និង​មាន​ទំហំ​មិន​លើសពី ២​ពាន់​សង់ទីម៉ែត្រ​ការ៉េ​។​

៦.​ត្រូវ​ដាក់​តាំង​បង្ហាញ ឬ​លក់​តែ​ផលិតផល​ថ្នាំជក់ ដែល​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​ភាសា​ខ្មែរ ទំហំ​៥៥% បោះពុម្ភ​លើ​ផ្នែក​ខាង​លើ​ផ្ទៃ​សំខាន់ ទាំង​២​នៃ​កញ្ចប់​ផលិតផល​ថ្នាំជក់​។​

៧. ចំពោះ អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ មិន​អនុវត្ត​តាម​សេចក្តីណែនាំ ត្រង់​ចំណុច​ទី​១ ទី​២ និង​ទី​៣ ត្រូវ​ពិន័យ​អន្តរកាណ៍​ជា​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​។ សម្រាប់​អ្នក​ល្មើស​នឹង​ចំណុច​ទី​៦ នឹង​ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល និង​ឈាន​ដល់​ការមិន​ផ្តល់ ឬ​បន្ត​អាជ្ញា​បណ្ណទេ​សចណ៍​ពី​ក្រសួង​ទេសចរណ៍​ឡើយ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត