អ្វី​ជា​ភាពមិនប្រក្រតី​នៃ​របាយការណ៍​របស់​អង្គការ​Global Witness?

20-07-2016 5:51 pm 14532

​កាលពីដើម​ខែ​កក្កដា កន្លងទៅនេះ មាន​អង្គការ​អន្តរជាតិ​មួយ បានបង្ហាញ​របាយការណ៍​ដ៏​រសើប ទាក់ទង​នឹង​ក្រុមគ្រួសារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ របាយការណ៍ ត្រូវបាន​បណ្តា​សារព័ត៌​មាន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ចុះផ្សាយ​យ៉ាង​ភ្លូកទឹកភ្លូកដី​ផងដែរ​។​

​របាយការណ៍​របស់​អង្គការ Global Witness ដែល​មាន​ជិត ៦០​ទំព័រ គឺ​បាន​បញ្ចេញ​របាយការណ៍ លាតត្រដាង ពី​ការកាន់កាប់​អំណាច និង​សេដ្ឋកិច្ច នៅក្នុង​គ្រួសារ​ត្រកូល​ហ៊ុន ដែល​រៀបរាប់ ពី​សាច់ញាតិ​ទាំង​២៧​នាក់ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​ភាគហ៊ុន ក្នុង​ក្រុមហ៊ុន​ជាង​១០០ និង​មាន​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​។​

​ក្រោយ​ការផ្សព្វផ្សាយ​របាយការណ៍ ដ៏​ក្តៅគគុក​នេះ ភ្លាមៗ កូនប្រុស​-​ស្រី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​មុខ​ប្រតិកម្ម​ថា ជា​របាយការណ៍​បរិហាកេរ្តិ៍ និង​វាយប្រហារ មក​លើ​ឪពុក​របស់​ខ្លួន ខណៈ​ការបោះឆ្នោត​ជិត​មក​។ ខ្លះ​បាន​អះអាងថា ជា​របាយការណ៍​មាន​លក្ខណៈ​នយោបាយ​, លម្អៀង និង​មិន​គ្រប់​ជ្រុងជ្រោយ​។​

​យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​១៩ កក្កដា លោក​Allen Myers ជនជាតិ​អូស្ត្រាលី ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចេញ​នូវ​បទ​អត្ថាធិប្បាយ​មួយ ស្តី​ពី​ភាព​មិន​ប្រក្រី នៃ​របាយការណ៍ របស់​អង្គការ Global Witness​។​

​បទ​អត្ថាធិប្បាយ ដែល​មាន​ចំនួន​៦​ទំព័រ គឺ​បាន​សរសេរ​រៀបរាប់ ពី​ការខុសឆ្គង របស់​អង្គការ​Global Witness ក្នុង​ការសិក្សា​ស្រាវជ្រាវ លើ​ដើមទុន និង​ភាគហ៊ុន របស់​គ្រួសារ​ត្រកូល​ហ៊ុន នៅក្នុង​ក្រុមហ៊ុន​នី​មួយៗ​។ របាយការណ៍ មិន​បាន​បង្ហាញ​នូវ ភស្តុតាង​ណាមួយ​ទាល់តែ សោះ​អំពី «​ការកាន់កាប់​ភាគហ៊ុន​ដ៏​សន្ធឹកសន្ធាប់​» ឬក៏ «​អាណាចក្រ​អាជីវកម្ម​» ដែល​ជា​របស់​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ បទ​អត្ថាធិប្បាយ បង្ហាញ​នូវ​ភាពមិនប្រក្រតី ចំនួន ២​ចំណុច​ធំៗ នោះ​គឺ ភាព​មិន​ច្បាស់លាស់​នៃ​ដើមទុន និង​ការ​សាប​ព្រួស​ភាព​រវើរវាយ​។​
​ភាព​មិន​ច្បាស់លាស់​នៃ​ដើមទុន គឺ​Global Witness  បាន​បង្កកំហុស ត្រង់​ថា មិន​យល់​ពី​ភាពខុស​គ្នា រវាង​ដើមទុន ដែល​គេ​មាន និង​ដើមទុន​ដែល​គេ​ចុះបញ្ជី​។ ត្រង់​ចំណុច​នេះ របាយការណ៍​របស់ Global Witness បាន​រាយការណ៍ ដោយ​មិន​ចេះ​គិត​ទៅលើ “​តម្លៃ​ភាគហ៊ុន​ដែលមាន​” របស់​ក្រុមហ៊ុន “​ពាក់ព័ន្ធ​” ទៅ​នឹង​សមាជិកគ្រួសារ​ត្រកូល​ហ៊ុន​។

​ម្យ៉ាងវិញទៀត ទីផ្សារ​ភាគហ៊ុន​កម្ពុជា គឺ​នៅ​ថ្មី​ណាស់ ហើយ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​តែ​៣​ប៉ុណ្ណោះ នោះ​គឺ កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ (Phnom Penh Autonomous Port) ក្រុមហ៊ុន Grand Twins International (Cambodia) Plc. និង​អាជ្ញាធរ​រដ្ឋាករទឹក​ភ្នំពេញ (Phnom Penh Water Supply Authority)​។

​របាយការណ៍​របស់​អង្គការ Global Witness បានលើកឡើង​ហាក់ដូច​វា ជា​រឿង​តែមួយ គឺជា​ដើមទុន​ចុះបញ្ជី​របស់​ក្រុមហ៊ុន ហើយ​ក៏​គេ​ហៅថា ដើមទុន​ផ្លូវការ​។ នៅ​កម្ពុជា​ដើមទុន​ដែល​គេ​ចុះបញ្ជី គឺជា​តម្លៃ​នៃ​ភាគហ៊ុន ដែល​ក្រុមហ៊ុន​មួយ អាច​លក់​ភាគហ៊ុន របស់ខ្លួន ដែល​ការលក់​មិន​ត្រូវ​លើសពី​ចំនួន ដែល​បាន​វិនិយោគ ដោយ​ម្ចាស់​ភាគហ៊ុន​ឡើយ​។​

​សម្រាប់​ភាព​ខុសឆ្គង​ដ៏​ធំ​ទី​ពីរ នោះ​គឺ របាយការណ៍ Global Witness បាន​ពន្លើស​ទាំងស្រុង ចំពោះ​ការកាន់កាប់​ក្រុមហ៊ុន របស់​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន​។ បទ​អត្ថាធិប្បាយ ក៏​បាន​លើក​ជា​ឧទាហរណ៍ ទាក់ទង​កូនស្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោកស្រី​ហ៊ុន ម៉ា​ណា ត្រូវបាន​គេ​ចាត់ទុកថា ជា​ម្ចាស់​ភាគហ៊ុន (Shareholder) នៅក្នុង​ក្រុមហ៊ុន Viettel ដែលជា​ក្រុមហ៊ុន​វៀតណាម គ្រប់គ្រង​ក្រុមហ៊ុន Metfone​។

​ដើមទុន​ចុះបញ្ជី​របស់​ក្រុមហ៊ុន Viettel ដែល​បញ្ចូល​នៅក្នុង​តារាង​របស់​អង្គការ Global Witness គឺ​ចំនួន​ជាង​៤៤.៩​លាន​ដុល្លារ​។ ដូច្នេះ​ទឹកប្រាក់​ចំនួន ៤៤.៩​លាន​ដុល្លារ​របស់ Viettel នោះ ហាក់បីដូច​ជា​ផ្នែក​មួយ នៃ​ប្រាក់​តម្លៃ​២០០​លាន​ដុល្លារ របស់​គ្រួសារ​ត្រកូល ហ៊ុន​។

​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​កាសែត​ក្នុងស្រុក​មួយ បាន​លើកឡើង​ថា លោកស្រី ហ៊ុន ម៉ា​ណា បាន​កាន់កាប់ ក្រុមហ៊ុន​មួយ​ដែល​មាន​តម្លៃ​៤៤​លាន​ដុល្លារ​។ ប៉ុន្តែ​ធាតុពិត លោកស្រី ហ៊ុន ម៉ា​ណា  ជា​ម្ចាស់​ភាគហ៊ុន​ត្រឹមតែ​៦​ភាគរយ​ប៉ុណ្ណោះ នៃ​ក្រុមហ៊ុន Viettel ដែល​មាន​ភាគហ៊ុន សរុប ៤៤.៩​លាន​ដុល្លារ​។ ដូច្នេះ ចំនួន​៦​ភាគរយ នៃ​ទឹកប្រាក់​សរុប ៤៤,៩ លាន​ដុល្លារ គឺ​មាន​ចំនួន ប្រហាក់​​​ប្រហែល​​២,៧​លាន​ដុល្លារ​ប៉ុណ្ណោះ មិនមែន​៤៤​លាន​ដុល្លារ​នោះទេ​។ ទ្រព្យសម្បត្តិ ដែល​គេ​ស្មាន របស់​គ្រួសារ​ត្រកូល ហ៊ុន គឺ​បាន​ថយចុះ​៤២​លាន​ដុល្លារ​។ នេះ​គឺជា​ចំនួន​ដ៏​ធំ​មួយ​។

ទាក់ទង​នឹង​រឿងនេះ លោក​ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​យល់ឃើញថា លោក​មិន​ដឹង​ពី ចេតនា ឬ​គោលបំណង​នៃ ការបង្ហាញ​នូវ​បទ​អត្ថាធិប្បាយ របស់លោក​Allen Myers​នេះ​ទេ​។ ប៉ុន្តែ​ការបង្ហាញ​នេះ អាច​ជា​ការបញ្ជាក់​ពី​ភាពខ្វះ​ចន្លោះ​នៃ​របាយការណ៍ របស់​អង្គការ​Global Witness

សំឡេង​

​លោក​ទេព វីរៈ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ បានបញ្ជាក់​ថា ការវិភាគ​ឡើងវិញ នៃ​របាយការណ៍ របស់​Global Witness ថា​មាន​ភាពមិនប្រក្រតី អាចជា​រឿង​ត្រឹមត្រូវ ព្រោះ​ការ​ធ្វើ​របាយការណ៍​នេះ  មិន​អាច​ត្រូវ ល្អ​ឥត​ខ្ចោះ​នោះ​ទេ​។ ប៉ុន្តែ​លោក​ជឿជាក់ថា ករណី​ភាគហ៊ុន លួចលាក់ នៅក្នុង​គ្រួសារ​អ្នកមាន​អំណាច​នេះ ប្រាកដជា​មាន​។​

សំឡេង

​យ៉ាងណាក៏ដោយ លោក​ទេព វីរៈ បានផ្តល់​ការកត់សម្គាល់ថា ប្រសិន​បើ​គ្រួសារ​ត្រកូល​ហ៊ុន ថា របាយការណ៍​របស់​Global Witness ជា​របាយការណ៍​មិន​ពិត និង​មួលបង្កាច់ គួរតែ​ដាក់ពាក្យ​ប្តឹង ដើម្បី​បង្ហាញ​ថា ខ្លួន​ពិតជា​ស្អាតស្អំ​។​

សំឡេង​

​គួរបញ្ជាក់​ថា អង្គការ Global Witness បាន​ចេញ​របាយការណ៍ ស៊ើបអង្កេត​ស៊ីជម្រៅ ស្តី​ពី​ការក្តោបក្តាប់​ជំនួញ នៃ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ នៅក្នុង​របាយការណ៍ នោះ បាន​ចោទប្រកាន់ ក្រុមគ្រួសារ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ក្តោប​ក្តាប់​ប្រមាណ​ជាង​១០០ ក្រុមហ៊ុន ដែល​មាន​ដើមទុន​ក្នុង​ការចុះបញ្ជី​ប្រមាណ​២០០​លាន​ដុល្លារ​។ បន្ថែម​ពី​នេះ របាយការណ៍​បាន អះអាង​ទៀតថា ក្រុមហ៊ុន​ក្រុមគ្រួសារ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង​។  
​ខ្លឹមសារ​សំខាន់​របស់​របាយការណ៍​របស់​អង្គការ Global Witness គឺ​ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត​មួយ ព្រោះ​ការកាន់កាប់​នេះ ជា​ទង្វើ​បំពាន​ច្បាប់​ប្រទេស ខណៈពេល​ដែល​សមាជិក​គ្រួសារ​ខ្លះ មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  គ្រួសារត្រកូលហ៊ុន

ព័ត៌មានផ្សេងទៀត