រដ្ឋាភិបាល​ច្រានចោល​ការលើក​ឡើងរបស់​អឺរ៉ុប ​និងអាមេរិក​ ដែលថាកម្ពុជា​កំពុងមាន​វិបត្តិនយោបាយ​

20-07-2016 5:21 pm 3535

ក្នុងដំណើទស្សនៈកិច្ចនៅកម្ពុជា សហរដ្ឋអាមេរិក តាមរយៈឧបការី​នៃ​ក្រសួង​ការបរទេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​​ និង​ការងារ​លោក Tom Malinowski បានលើកឡើងថា លោក​ចង់​ឃើញ​​បរិយាកាស​នយោ​បាយ​​នៅកម្ពុជា ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ដែល​មាន​ភាព​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន​នៅ​ឆ្នាំ ២០១៧ និង ២០១៨។លោក Tom Malinowski ចង់ឲ្យគណបក្សប្រជាជន និងគណបក្ស​សង្គ្រោះ​ជាតិ​​ បន្តវប្បធម៌សន្ទនា​ជាមួយគ្នា​ឡើង​វិញផងដែរ។

 

កន្លងមកទាំងសហរដ្ឋអាមេរិក និងសភាសហភាពអឺរ៉ុប បានចាត់ទុកស្ថានការណ៍នៅកម្ពុជាសព្វថ្ងៃថា​ កំពុងមានវិបត្តិ​នយោបាយ។ប៉ុន្តែលោកអ៊ុច បូរិទ្ឋ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរ​ជាតិ បានប្រាប់ឲ្យ​ដឹងថា កម្ពុជា​សូមច្រានចោលការលើកឡើងរបស់ សភាអឺរ៉ុប និងអាមេរិក ដែល​ថា​ប្រទេសកម្ពុជាកំពុងមានវិបត្តិ​នយោបាយ។ លោកថា ការលើកឡើង របស់សភាអឺរ៉ុប និង សហ​អាមេរិក គឺយោងតែទៅតាមឯកសារ​គ្មានភាពច្បាស់លាស់ និងប្រមូលយកតែម្ខាងគ្មានតម្លាភាព​ទេ​។

 

ការលើកឡើងរបស់ លោក អ៊ុច បូរិទ្ធ បានធ្វើឡើងខណៈដែលលោកបាន​ចូលរួមក្នុងកិច្ចពិគ្រោះ​យោ​បល់ ជាមួយគណៈប្រតិភូស្វីស ដឹកនាំ ដោយលោក Johannes Matyassy ឧបការី ក្រសួងការ​បរ​ទេស​ស្វីស នៅព្រឹកថ្ងៃទី ទី២០កក្កដា នេះ។

 

លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ពី ការលើកឡើងរបស់សភាអឺរ៉ុប និងសភាអាមេរិក ពីសិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដែលថាកំពុងតែវឹកវរ និងនាំឲ្យមានវិបត្តិនយោបាយ នៅកម្ពុជា គឺជារឿងមិនពិតនោះទេ។ កម្ពុជាបច្ចុប្បន្ន កំពុងតែបំពេញតួនាទីរបស់ខ្លួន ក្នុងការអភិវឌ្ឍពង្រឹងការគោរពសិទ្ធិមនុស្ស គោរពច្បាប់ ពង្រឹ​ង​​នីតិរដ្ឋ ដើម្បីឲ្យកម្ពុជារីកចំរើន និងលូតលាស់ទៅមុខ។លោកថា រឿងកើតឡើង​បច្ចុប្បន្ន​គ្រាន់តែ​ជា​រឿងបុគ្គល របស់អ្នកនយោបាយប៉ុណ្ណោះ។ រឿងនេះ ច្បាប់ត្រូវតែអនុវត្តតាមនីតិវិធី គ្មានអ្វីដែល​ខុស​ច្បាប់​ រឺបង្ហាញថា កម្ពុជាកំពុងតែជួបវិបត្តិនយោបាយនោះទេ។

 

សូមបញ្ជាក់ថា ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tom Malinowski ក្នុងដំណើ​រ​ទស្សនៈ​កិច្ចនៅកម្ពុជាថ្ងៃទី១៨និង១៩ កក្កដា ដោយផ្តោតពីសារសំខាន់នៃសិទ្ធិមនុស្សនៅក្នុង​ទំនាក់​ទំនង ​រវាង​សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានោះ ​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ​ដែលជាចំណុចសំខាន់ ឈាន​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន​នៅ​ឆ្នាំ ២០១៧​ និង ២០១៨។ លោកក៏​បាន​លើក​ឡើង​ផង​ដែរ ​ពី​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ក៏​ដូចជា​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​មេបក្ស​ប្រឆាំងជាដើម៕

 

ដោយ៖ខាត់ សុធី

 

 

ព័ត៌មានផ្សេងទៀត