ស​ហ​ព័ន្ធ​​ស្រូវ​​-​​អង្ករ​​កម្ពុជា​ ​ស្នើ​​ស​ហ​គមន៍​​អឺរ៉ុប​ ​បន្ត​​គាំ​ទ្រ​​អង្ករ​​ខ្មែរ​​ទៅ​​កាន់​​ទី​ផ្សារ​​អឺរ៉ុប​​

20-07-2016 4:14 pm 1157

​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​ស្នើសុំ​សហគមន៍​អឺរ៉ុប ឲ្យ​បន្ត​ជួយ​គាំទ្រ​វិស័យ​នាំចេញ​អង្ករ កម្ពុជា ទៅ កាន់​ទីផ្សារ​អឺរ៉ុប​។ សំណើ​នេះ​បាន​ធ្វើឡើង ក្នុងអំឡុង​ទស្សនកិច្ច​របស់​គណៈកម្មកា​រ​រួម ទទួលបន្ទុក​ផ្នែក កិច្ចការ​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ពាណិជ្ជកម្ម​នៃ​សហគមន៍​អឺរ៉ុប ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​កន្លង​ទៅ ដើម្បី​ពិគ្រោះ​យោបល់ ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ក្នុង​ការបង្កើន​នាំចូល​អង្ករ​គ្រាប់​វែង​របស់​ប្រទេស​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។​

 

​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​បាន​គូសបញ្ជាក់ថា សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​ប្តេជ្ញា​ដោះស្រាយ​កង្វល់​ទាំងឡាយ ដែល​បាន​លើកឡើង​ដោយ​គណៈប្រតិភូ​សហគម​ន៍​អឺរ៉ុប រួម​ទាំង​ខំប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ធានា​អនុវត្តន៍​តាម​ច្បាប់​នានា ដែល​សហគមន៍​អឺរ៉ុប​បាន​តម្រូវ​។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា សហគមន៍​អឺរ៉ុប​បាន​ប្តេជ្ញា​ជួយ​កសិករ កម្ពុជា ឲ្យមាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​។

 

​សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ក្លាយទៅជា​ប្រទេស​នាំចេញ​អង្ករ​នាំមុខគេ ទៅ​កាន់​ទីផ្សារ​សហគម​ន៍ អឺរ៉ុប​។ តែ​ទោះជា​បែប​នេះ​ក្តី ប្រទេស​កម្ពុជា នៅ​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​។ បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​ការធ្លាក់ចុះ នៃ​ការនាំចេញ​អង្ករ នៅក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ​២០១៦​នេះ ដោយសារ​តម្លៃ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត​។ សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ក៏​បាន​ស្នើសុំ​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ពន្លឿន​ការចុះបញ្ជី ម៉ាក​សម្គាល់​អង្ករ​ខ្មែរ ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ​នៅលើ​ទីផ្សារ​អន្តរជាតិ និង​ដើម្បី​ងាយស្រួល​ឲ្យ​ក្រុមការងារ ធ្វើ​យុទ្ធនាការ​ទីផ្សារ​នៅ​បរទេស ហើយ​ត្រូវ​ត្រួតពិនិត្យ​គុណភាព អង្ករ​កម្ពុជា មុន​អនុញ្ញាត​នាំចេញ​ទៅ​កាន់​ទីផ្សា​របរ​ទេស​។​

 

​គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ប្តេជ្ញា​ថា នឹង​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ ឲ្យបាន ១​លាន​តោន​។ ប៉ុន្តេ​កាលពី​ឆ្នាំ​២០១៥ កន្លងទៅ ការប្តេជ្ញា​នេះ ត្រូវ​បាន​បរាជ័យ​ទៅ​វិញ​។ ភាព​បរាជ័យ​នៃ​ការនាំ​អង្ករ ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អះ​អាង​ថា ដោយសារ​អង្ករ​កម្ពុជា មិនអាច​ប្រកួតប្រជែង​ជាមួយ អង្ករ​ប្រទេស​គេ​បាន តែ​ទោះជា​បែប​នេះ​ក្ដី រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ខិតខំ​ប្រឹងប្រែង ធ្វើយ៉ាងណា ដើម្បី ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់ អង្ករ​កម្ពុជា នៅលើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។​

 

​ដូច្នេះ​ទើប​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា បាន​ស្នើសុំ​សហគមន៍​អឺរ៉ុប ឲ្យ​បន្ត​ជួយ​គាំទ្រ​វិស័យ​នាំចេញ​អង្ករ កម្ពុជា ទៅ កាន់​ទីផ្សារ​អឺរ៉ុប ដោយ​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​ប្តេជ្ញា​ដោះស្រាយ​កង្វល់​ទាំងឡាយ ដែល​បាន​លើកឡើង​ដោយ​គណៈប្រតិភូ​សហគម​ន៍​អឺរ៉ុប រួម​ទាំង​ខំប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​សហគមន៍​អឺរ៉ុប​បាន​តម្រូវ​៕
​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត