អ្នកណា​ខាតបង់​ខ្លាំង ក្នុង​ការបិទ​ទីផ្សារ​សំលៀកបំពាក់​នៅ​កម្ពុជា​?

19-07-2016 5:01 pm 3693

​នៅក្នុង​ជំនួប​ពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ជាមួយ​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ លោក សម រង្ស៊ី បាន​ស្នើរ​ទៅ​សភា​សហភាព​អឺរ៉ុប ពិចារណា​បិទ​ទីផ្សារ​សម្លៀក​បំពាក់​របស់​កម្ពុជា ដោយ​អះអាង​ថា​មិន​ធ្វើឲ្យប៉ះពាល់​ដល់​កម្មករ​នោះ​ទេ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ ពិសេស​បុគ្គលិក​រោងចក្រ​មួយចំនួន នៅតែ​បារម្ភ​ចំពោះ​បញ្ហា​កង្វះ​ការងារ ប្រសិនបើ​មាន​ការបិទ​ទីផ្សារ​សំលៀក​បំពាក់​របស់​កម្ពុ​ជា​។ 


​កំពុង​ដើរ​តាម​ដងផ្លូវ​សំដៅទៅ​កន្លែងធ្វើការ បន្ទាប់ពី​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ លោក​ផល្លី កម្មករ​ម្នាក់​ក្នុង​រោងចក្រ​ផលិត​សំលៀកបំពាក់ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​លើកឡើង​ថា ប្រសិនបើ​មាន​ការបិទ​រោងចក្រ​ដែល​លោក​កំពុង​បំរើ​ការងារ​សព្វថ្ងៃ លោក​នឹង​កម្មករ​-​កម្មការិនី​ផ្សេងទៀត​ប្រក​ដ​ជា គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​។ គ្មាន​ការងារ​ក្នុងស្រុក​ប្រជាពលរដ្ឋ​នឹង ធ្វើ​ជា​ពលករ​ចំណាកស្រុក​ទៅ​បរទេស ជាពិសេស​គឺ​ប្រទេស​ថៃ​ជាដើម​..........


​សំឡេង លោក​ផល្លី ៖


​បើទោះបីជា​ការបិទ​រោងចក្រ​ធ្វើឱ្យ ថៅកែ​រោងចក្រ​ខាតបង់​ច្រើន​ជាង​កម្មករ ប៉ុន្តែ​លោក​ផល្លី យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​កម្មករ​នឹង​ពិបាក​ក្នុង​ការស្វែងរក​ការងារ​នៅ​ក្រៅប្រទេស ដោយ​មួយចំនួន​មានលទ្ធភាព​អាច​ធ្វើការ​ស្របច្បាប់ និង​មួយចំនួនទៀត​ទៅ​ទាំង​ភិតភ័យ​តាមរយៈ​មេខ្យល់​............


​សំឡេង លោក​ផល្លី​៖


​ការបិទ​ទីផ្សារ​សំលៀបំពាក់ទៅ​អឺរ៉ុប មាន​ផលប៉ះពាល់​ចំនួន​បី​។  ប៉ះពាល់​ដល់​គណបក្ស​កាន់អំណាច ដែល​លែង​អាច​ទទួល​ចំណូល​បាន​ពី​ថៅកែ​រោងចក្រ ប៉ះពាល់​ដល់​ថៅកែ​រោងចក្រ ដែល​ត្រូវ​បាត់បង់​ជំនួញ​របស់ខ្លួន​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​កម្មករ​ត្រូវ​បាត់បង់​ការងារ​។ នេះ​ជា​ការលើកឡើង​របស់​លោក សូត្រ វិចិត្រា និស្សិត​ផ្នែក​ព័ត៌មានវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។


​សំឡេង​លោក សូត្រ វិចិត្រា​៖


​តែ​ទោះ​យ៉ាងណា អ្នកវិភាគ​សេដ្ឋកិច្ច​លោក ចាន់ សុផល បានបញ្ជាក់​ថា ភាគី​ខាង​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ផលប៉ះពាល​ច្រើន​នោះ​ទេ ពី​ព្រោះ​រដ្ឋាភិបាល បាន​អនុគ្រោះ​នូវ​ការយកពន្ធ ទៅលើ​ផលិតផល​សម្លៀក​បំពាក់​នេះ​។ លោក​បាន​អះអាង​ថា ប្រសិនបើ​សហភាព​អឺរ៉ុប ឈប់​បញ្ជា​ទិញ​សំលៀក​បំពាក់ និង​បិទ​ទីផ្សារ​សម្លៀក​បំពាក់​របស់​កម្ពុជា​នោះ ភាគី​ជា​ច្រើន​អាច​នឹង​មាន​ការប៉ះពាល់​។​ប៉ុន្តែ​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ មិន​ជឿ​ថា សហភាព​អឺរ៉ុប​នឹង​ធ្វើ​តាម​សំណើរ របស់​ប្រធាន​គណបក្សប្រឆាំង​នោះទេ​ …………


​សំឡេង​លោក ចាន់ សុផល ៖


​ដោយឡែក លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការបិទ​ទីផ្សារ​សម្លៀក​បំពាក់​របស់​កម្ពុជា ទៅ​អឺរ៉ុប​នេះ គឺ​មិនមែន​កម្មករ ឬ​ប្រជាជន​ទេ ដែល​ប៉ះពាល់ អ្នក​ដែល​ប៉ះពាល់ គឺ​ពួក​ថៅកែ​ធំៗ មេ​ឈ្មួញ​ធំៗ​ទៅវិញ​ទេ​ដែល​ប៉ះពាល់​។ លោក​បន្តថា ឈ្មួញ​ធំៗ​ទាំងអស់​នោះ​ហើយ​ដែលជា​អ្នក​សូកលុយ​មួយចំណែក​ធំ​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​។ លោក​បញ្ជាក់ថា ប្រសិនបើ​សហភាព​អឺរ៉ុប បើក​ទីផ្សា​រទិញ​សំលៀក បំពាក់​របស់​កម្ពុជា​វិញ ត្រូវ​ភ្ជាប់​លក្ខខណ្ឌ​ផ្សេងៗ​៕

(ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត