លោក​គឹមបញ្ញា​៖៥​ខែក្រោយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​ដាំ​ក្បាល​ចុះ​

19-07-2016 4:35 pm 1228

​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​កម្ពុជា​(AIP) បាន​រៀបចំ​សិក្ខាសាលា ស្តី​ពី​ការពិនិត្យ​ឡើងវិញ លើ​ការបន្ត​ការគាំទ្រ និង​ពង្រឹង​សមត្ថភាព ដល់​អ្នកសារព័ត៌មាន ក្នុង​ការជំរុញ ការ​ពាក់មួក​សុវត្ថិភាព សម្រាប់​អ្នករួមដំណើរ តាម​ទោចក្រយានយន្ត ព្រម​ទាំង​កុមារ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ កក្កដា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង បន្ត​គាំទ្រ ដល់​ការពង្រឹង​សមត្ថភាព អ្នកសារព័ត៌មាន ក្នុងការ​ធ្វើ​សេចក្តីរាយការណ៍ អំពី​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ចំពោះ​ការ​ពាក់មួក​សុវត្ថិភាព និង​ការជំរុញ​ការ​ពាក់មួក​សុវត្ថិភាព នៅ​កម្ពុជា​ឲ្យបាន​ខ្ពស់​ជាអតិបរមា​។​

​ភា្ល​មៗ ក្រោយ​ការដាក់ចេញ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដាក់ឲ្យអនុវត្ត កាលពីដើមឆ្នាំ​២០១៦ ឃើញថា អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ ពិសេស​កុមារ មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់ ដែល​មាន​រហូត​ដល់​៣០% ប៉ុន្តែ​ក្រោយពី​ការអនុវត្ត​រយៈពេល​៥​ខែ​ចុង​ក្រោយ ការ​ពាក់មួក​សុវត្ថិភាព បាន​ដាំ​ក្បាល​ថយចុះ មក​សល់​ត្រឹមតែ​ប្រមាណ​២០% ប៉ុណ្ណោះ​។ សម្រាប់​មូលហេតុ​នៃ ការធ្លាក់ចុះ​នេះ ត្រូវបាន​លោក​គឹម បញ្ញា ប្រធាន​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​កម្ពុជា បញ្ជាក់ថា​....៖

សំឡេង​

​ទោះជា​យ៉ាងណា ក៏ដោយ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​កម្ពុជា បាន​បង្កើត​គម្រោង “​មួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់​” តាមរយៈ​ការរៀបចំ​កម្មវិធី​អប់រំ នៅតាម​គ្រឹះស្ថានសិក្សា ដូចជា​ការផ្តល់​អំណោយ​មួកសុវត្ថិភាព ការពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព និង​ការអប់រំ​អំពី​សុវត្ថិភាព​ចរាច​រណ៍​។ គម្រោង​នេះ ក៏​មាន​រួមបញ្ចូល​នូវ​កម្មវិធី​ទំនាក់ទំនង ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ ដែល​មាន​ដូចជា​ការរៀប​ចំ​យុទ្ធនាការ បង្កើន​ការយល់ដឹង​សាធារណ និង​យុទ្ធនាការ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​នឹង​ការជំរុញឲ្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ឲ្យបាន​ជាប់លាប់​ផង​ដែ​រ​។​
​ដោយឡែក សម្រាប់​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី ជំរុញ​ឲ្យមាន​ការពាក់​មួក​សុវត្ថិភាព តាមរយៈ​ការបង្កើន​កម្លាំង​ត្រួតពិនិត្យ​បន្ថែម នៅ​តាម​គោលដៅ​ទូទាំង​ប្រទេស ទាំង​ថ្ងៃ​ទាំង​យ​ប​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​ទី ឡុង អនុប្រធាន​នាយក​រដ្ឋា​ន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​សំឡេង​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍រ​បស់​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​នៅលើ​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា​។ ៦២% នៃ​ជនរងគ្រោះ​ដែល​ស្លាប់ ហើយ​ជា​អ្នកធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត បាន​ទទួល​រងរបួស​ត្រង់​ក្បាល​។ ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ ៧៧% មិនបាន​ពាក់មួក​សុវត្ថិភាព​៕ ដោយៈ​សៅ វិសាល​


 

ព័ត៌មានផ្សេងទៀត