ទីបំផុត គណៈកម្មការបុណ្យសព និងក្រុមគ្រួសារសពបានសម្រេចធ្វើការដង្ហែសពលោកកែម ឡី ទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនាចុងសប្តាហ៍នេះ ក្រោយពីពន្យារពេលម្តងរួចមកហើយ ក្រោមមូលហេតុជាការសំណូមពររបស់សាធារណជន ដែលចង់បន្តមកចូលរួមចែករំលែកទុក្ខនៅក្នុងពិធីបុណ្យនេះ នៅវត្តពោធិយារាម ហៅវត្តចាស់។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការដង្ហែសពលោកបណ្ឌិតកែម ឡី បានឲ្យដឹងថា នៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា សពលោកបណ្ឌិតកែម ឡី នឹងចាប់ផ្តើមដង្ហែចេញពីវត្តពោធិយារាម ហៅវត្តចាស់ តាមបណ្តាយផ្លូវជាតិលេខ៣ ឆ្ពោះទៅទីកន្លែងកំណើតរបស់បណ្ឌិតស្ថិតនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ជាមួយគ្នានេះ គណៈកម្មការបុណ្យសពបានអំពាវនាវឲ្យសាធារណៈជនជាតិ និងអន្តរជាតិចូលរួមអមដំណើរសពលោកបណ្ឌិតកែម ឡី ឲ្យបានច្រើនកុះករ។
ទាក់ទងនឹងគម្រោងហែរសពលោកបណ្ឌិតកែម ឡី នៅចុងសប្តាហ៍នេះដែរ សាលារាជធានីភ្នំពេញ រហូតមកដល់រសៀលថ្ងៃទី១៩កក្កដានេះ នៅមិនទាន់ទទួលបានលិខិតជូនដំណឹងពីថ្ងៃដង្ហែសពជាផ្លូវការនៅឡើយទេ។ លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុវាយោថា គិតមកដល់ម៉ោង២រសៀលនេះ ក្រុមគ្រួសារសពលោកកែម ឡី នៅមិនទាន់យកលិខិតបញ្ជាក់ពីថ្ងៃដង្ហែសពមកជូនសាលារាជធានីភ្នំពេញនៅឡើយទេ....។
សំឡេងលោកមាន ចាន់យ៉ាដា៖
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បញ្ជាក់ដែរថា សាលារាជធានីមានការខកបំណងយ៉ាងខ្លាំង ចំពោះគណៈកម្មការរៀបចំពិធីបុណ្យសព និងក្រុមគ្រួសារសព ដែលបានសម្រេចលើកពេលដង្ហែរសពលោកកែម ឡី ដូចអ្វីដែលគណៈកម្មការនេះធ្លាប់បានស្នើសុំមកសាលារាជធានីនោះ។ លោកមាន ចាន់យ៉ាដា ឲ្យដឹងទៀតថា នឹងអញ្ជើញក្រុមគ្រួសារសព ក៏ដូចជាគណៈកម្មការរៀបចំបុណ្យសពមកពិភាក្សាលើចំណុចនេះ ដោយសារតែខកខានម្តងរួចមកហើយ។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកក្កដា ព្រះតេជគុណប៊ុត ប៊ុនតិញ គណៈកម្មការរៀបចំបុណ្យសព បានប្រកាសពន្យារពេលហែរសពលោកកែម ឡី ដែលគ្រោងដង្ហែនៅថ្ងៃទី១៧កក្កដា ក្រោមមូលហេតុជាការសំណូរមពររបស់សាធារណជន ដែលចង់បន្តមកចូលរួមចែករំលែកទុក្ខនៅក្នុងពិធីបុណ្យនេះ។ ហើយការគ្រោងដង្ហែសពលោកបណ្ឌិតកែម ឡីនេះដែរ ក៏មានការលេចលឺព័ត៌មានថា មានការមិនចុះសម្រុងគ្នាបន្តិចបន្តួចរវាងក្រុមគ្រួសារសព និងគណៈកម្មការរៀបចំបុណ្យសពផងដែរ៕
(ដោយ៖ អឿន ភារ៉ា)