ចិន​​ប្រកាស​​ធ្វើ​សមយុទ្ធ​​បី​ថ្ងៃ​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​​ក្រោយ​ចាញ់​ក្ដី​​ហ្វីលីពីន​

18-07-2016 4:30 pm 2563
នាវា​ដែលប្រើ​សម្រាប់​ធ្វើសមយុទ្ធ​កន្លងមក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បានឲ្យដឹងថា ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​រយៈពេល​បី​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩-២១​កក្កដា​។​តាម​សារព័ត៌មាន​CCTV News ការធ្វើដំណើរ​ចូលទៅ​ក្នុង​ទី​តាំងធ្វើ​សមយុទ្ធ​ត្រូវ​ហាមឃាត់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អាច​មាន​បញ្ហា​។​យ៉ាងណាមិញ​មន្ដ្រី​រៀបចំ​ធ្វើ​សមយុទ្ធ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា សមយុទ្ធ​នេះ​ប្រព្រឹត្ដទៅ​យ៉ាងណា​ខ្លះ​ទេ​។​


​ការប្រកាស​ធ្វើ​សមយុទ្ធ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​នៅ​ទី​ក្រុងឡាអេ ចេញ​សេចក្ដីសម្រេច​លើ​ពាក្យបណ្ដឹង​ហ្វីលីពីន​ប្ដឹង​ចិន​តាំងពី​ឆ្នាំ​២០១៣ ជុំវិញ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​តុលាការ​បាន​គាំទ្រ​ហ្វីលីពីន ហើយ​ប្រកាស​ថា​ចិន​គ្មាន​សិទ្ធិ​ស្រប​ច្បាប់​ណាមួយ អះអាង​គ្រប់គ្រង​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​


​សេចក្ដីសម្រេច​របស់​តុលារ​ត្រូវ​ហ្វីលីពីន​ទទួលយក ប៉ុន្ដែ​ចិន​វិញ​ច្រានចោល​ដាច់ខាត និង​និយាយ​ថា​ចាត់ទុក​ជា​មោឃៈ គ្មាន​ការបង្ខំ​ចិន​ឲ្យ​អនុវត្ដ​តាម​ឡើយ​។​ចិន​ធ្លាប់​និយាយថា ខ្លួន​មិន​ទទួលយក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​ណាមួយ​ពី​ប្រទេស​ទី​បី​ទេ ហើយក៏​មិន​ទទួលយក​ដំណោះស្រាយ​ដែល​ដាក់បន្ទុក​លើ​ចិន​ដែរ​។​ចិន​ចង់​ចង់បាន​ជានិច្ច​ស្ថេរភាព និង​សន្ដិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្ដែ​មិន​អាច​ធ្វើ​តាម​សេចក្ដីសម្រេច​ជា​លទ្ធផល​របស់​តុលាការ​អាជ្ញាកណ្ដាល​បាន​ឡើយ​ក្នុង​ករណី​ជម្លោះ​នេះ​។​


​សូមបញ្ជាក់​ថា ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​ដែន​កម្មសិទ្ធិ​របស់​ចិន​។​ប៉ុន្ដែ​ប្រទេស​ពាក់ព័ន្ធ​មាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយ​ណេ ថា​ចិន​រំលោភ​ដែន​អធិបតេយ្យ​របស់គេ​។​ហ្វីលីពីន​និង​វៀតណាម​បាន​បាន​ចេញមុខ​ប្រឆាំង​ចិន​ខ្លាំងជាងគេ ដោយសារ​ប៉ះពាល់​ជាមួយ​ចិន​ច្រើន​ជាង​គេ​ដែរ​។​ដោយឡែក​ចំពោះ​ការធ្វើ​សមយុទ្ធ​របស់​ចិន​ពីថ្ងៃ​១៩-២១​កក្កដា មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណា​ទេ​ពី​ប្រទេស​ពាក់ព័ន្ធ​ជម្លោះ​៕

ព័ត៌មានផ្សេងទៀត