កូរ៉េខាងត្បូង​៖​​កូរ៉េខាងជើង​​អាច​ធ្វើ​តេស្ដ​​អាវុធ​នុយក្លេអ៊ែរ​​លើក​ទី​៥​​បាន​គ្រប់ពេល​​បើ​គេ​ចង់​

18-07-2016 3:10 pm 898
រូបភាព​​​បង្ហាញ​​ពី​ទីតាំង​​​ធ្វើតេស្ដ​​​អាវុធ​​​​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​១៨​កក្កដា​នេះ​ថា កូរ៉េខាងជើង​អាច​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​គេ​នៅ​ពេល​ណា​ក៏​បាន​ដែរ ឲ្យតែ​មាន​ការបញ្ជា​ពី​លោក​គីម ជុង​អ៊ុន ព្រោះថា​ប្រទេស​នេះ​បាន​រៀបចំ​រួចជាស្រេច​ទៅហើយ​។​ការអះអាង​បាន​ដូច្នេះ​របស់​កូរ៉េ​ខាងត្បូង ដោយសារ​តែ​ក្រុម​អ្នក​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាងត្បូង​និង​អាមេរិក បាន​តាមដាន​ឃើញ​នៅ​កន្លែង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​កូរ៉េខាងជើង មាន​សកម្មភាព​មមាញឹក​យ៉ាងខ្លាំង​ដូច​ជា​ការត្រៀម​ធ្វើ​អ្វីមួយ​។​


​សកម្មភាព​ខុសប្លែក​ពី​ធម្មតា​នៅ​កន្លែង​ធ្វើ​តេស្ដ​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាងជើង​នេះ​ទៀតសោត ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក​កាលពី​ថ្ងៃ​ទី​០៨​កក្កដា បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ​២០១៧​។​ការប្រកាស​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ត្រូវ​កូរ៉េខាងជើង​ជំទាស់​ដាច់ខាត ហើយ​ថែមទាំង​ព្រមាន​ថា​បើ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​មិន​ដក​ផែនការ​ចេញ​ទេ ខ្លួន​នឹង​ចាត់​វិធានការ​ជាក់ស្ដែង ដែល​គ្មាន​នរណា​ដឹង​ឡើយ​ថា វិធានការ​ជាក់ស្ដែង​នោះ​ជា​អ្វី​។​


​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​បួន​លើក​មក​ហើយ គឺ​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០៦ លើក​ទី​ពីរ​នៅ​ឆ្នាំ​២០០៩ លើក​ទី​បី​នៅ​ឆ្នាំ​២០១៣ និង​លើក​ទី​បួន​នៅ​ថ្ងៃ​ទី​០៦​មករា​ឆ្នាំ​២០១៦​នេះឯង​។​ការ​ធ្វើ​តេស្ដ​​អាវុធ​​នុយក្លេអ៊ែរ​លើកចុងក្រោយ កូរ៉េខាងជើង​ត្រូវ​រង​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​យ៉ាង​ចាស់ដៃ​។​ក្រៅពីនោះ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​បន្ថែមទៀត ហើយ​សូម្បី​ចិន​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​នឹង​កូរ៉េ​ខាងជើង​ក៏​ដាក់​សម្ពាធ​កូរ៉េខាងជើង​ដែរ​។​ប៉ុន្ដែ​កូរ៉េខាងជើង​មិន​បាន​ខ្វលខ្វាយ​ពី​ទណ្ឌកម្ម​ណាមួយ​ឡើយ ហើយ​បន្ដ​ធ្វើ​តេស្ដ​មី​ស៊ី​ល​កាន់តែ​ច្រើន​ជាង​មុន​៕

ព័ត៌មានផ្សេងទៀត