នាយក​រដ្ឋមន្ដ្រី​ថ្មី​​ត្រូវ​ដឹក​ដៃ​អង់គ្លេស​​ចេញពី​សហភាព​អឺរ៉ុប​​ក្រោយ​ចូល​កាន់​តំណែង​

14-07-2016 5:03 pm 814
លោកស្រី​Theresa May

​នាយក​រដ្ឋមន្ដ្រី​ថ្មី​អង់គ្លេស​លោកស្រី​Theresa May បន្ទាប់ពី​បាន​កាន់​តំណែង​ជា​ផ្លូវការ​ជំនួស​លោក​David Cameron​នៅ​ថ្ងៃ​១៣​កក្កដា លោក​ស្រី​ត្រូវ​ដឹក​ដៃ​អង់គ្លេស​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​។​សហភាព​អឺរ៉ុប​នៅ​តែ​ទទូច​ដដែលៗ ឲ្យ​អង់គ្លេស​ពន្លឿន​ផែន​ការចរចា​ដើម្បី​ចាកចេញ​។​បន្ទុក​ដ៏​ធ្ងន់​នេះ​ត្រូវ​ធ្លាក់​លើ​លោកស្រី​Theresa May​។​


​យ៉ាងណាមិញ​ដ្បិត​មាន​ការបង្ខំ​ពី​សហភាព​អឺរ៉ុប លោកស្រី​នាយករដ្ឋមន្ដ្រី​ថ្មី​រូបនេះ​ប្ដេជ្ញា​ថា​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​មិន​ខាន ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ហើយ​ចាំបាច់ ត្រូវ​រៀបចំ​ផែនការ​នៃ​កិច្ចចរចា​ជាមុនសិន​។​លោកស្រី​សង្ឃឹមថា​កិច្ចចរចា​អាច​ដំណើរការ​ដោយ​ល្អប្រសើរ​។​


​សូមបញ្ជាក់​ថា អង់គ្លេស​បាន​រៀបចំ​កា​រ​បោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃ​២៣​មិថុនា ហើយ​លទ្ធផល​បង្ហាញ​ថា សំឡេង​គាំទ្រ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប​មាន​ច្រើន​ជាង​សំឡេង​គាំទ្រ​ឲ្យនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​។​លទ្ធផល​នេះ​ហើយ ដែល​ធ្វើឲ្យ​លោកនាយក​រដ្ឋមន្ដ្រី​David Cameron​ប្រកាស​ចុះចេញ​ពី​តំណែង ព្រោះ​លោក​ថា​មិន​អាច​ដឹកនាំ​អង់គ្លេស​បាន​ទៀត​ទេ វា​ខុសពី​ឆន្ទៈ​របស់​លោក​។​លោក​Cameron​គាំទ្រ​ឲ្យ​អង់គ្លេស​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត