ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖​​ហ្វីលីពីន​ឲ្យ​ចិន​​​ទទួលស្គាល់​​ការពិត​ផង​​កុំ​រឹងរូស​ពេក​

14-07-2016 3:51 pm 1027
សកម្មជនហ្វីលីពីនកាន់ទង់ជាតិ ខណៈនាវាចិនកំពុងធ្វើដំណើរជីត​ នៅក្នុងសមុទ្រចិនខាងត្បូង

​បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ចេញ​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី​១២​កក្កដា ដោយ​គាំទ្រ​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ប្រកាស​មិន​ទទួលស្គាល់​សេចក្ដីសម្រេច​របស់​តុលាការ​ជា​ដាច់ខាត​។​ឆ្លើយតប​នឹង​ជំហរ​រឹងទទឹង​របស់​ចិន ហ្វីលីពីន​ដែល​ជា​ដើមបណ្ដឹង​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ជំរុញ​ឲ្យ​ចិន​ត្រូវតែ​គោរព​ទៅ​តាម​ការសម្រេច​របស់​តុលាការ​។​


​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​លោក​Perfecto Yasay បាន​ទទូច​នៅ​ថ្ងៃ​១៤​កក្កដា​នេះ​ថា ទីក្រុង​ប៉េកាំង​ត្រូវតែ​គោរព​តាម​ការសម្រេច​របស់​តុលាការ​ក្រុងឡាអេ ដែល​ថា​ចិន​គ្មាន​សិទ្ធិ​អ្វី​អះអាង​យក​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​បានឡើយ ព្រោះ​ចិន​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​។​លោក​ថា​នឹង​លើកឡើង​ពី​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​។​នេះ​បើ​តាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​។​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ក្រសួងការបរទេស​ហ្វីលីពីន​ឲ្យដឹងទៀតថា ការ​ដែល​លើកយក​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ក្នុងន័យ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាម​សេចក្ដីសម្រេច​របស់​តុលាការ និង​ត្រូវ​មាន​ការអត់ធ្មត់​ឲ្យបាន​ខ្ពស់​។​


​លោក​Perfecto Yasay ត្រូវ​តំណាងឲ្យ​លោក​ប្រធានាធិបតី​ហ្វីលីពីន​Rodrigo Duterte ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ហើយ​នាយក​រដ្ឋមន្ដ្រី​ចិន​លោក​Li Keqiang​ក៏​មាន​វត្ដ​មាន​ដែរ​។​លោក Duterte​កន្លងមក​បាន​បង្ហាញ​ថា ជាមួយ​ប្រទេស​ចិន លោក​មិន​ចង់ឲ្យ​ទំនាក់ទំនង​ការទូតត្រូវ​ដាំ​ក្បាលចុះ​ដោយសារ​តែ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​លើក​ដំបូង​ក្រោយ​ស្បថ​ចូលកាន់​តំណែង លោក​Duterte​ថា​នឹង​មិន​ចំអក​ឲ្យ​ចិន ហើយ​ក៏​គ្មាន​អំនួត​នឹង​សេចក្ដីសម្រេច​ដែល​តុលារ​ការ​ក្រុងឡាអេ​គាំទ្រ​ហ្វីលីពីន​ដែរ ប៉ុន្ដែ​លោក​សុំឲ្យ​មាន​ដំណោះស្រាយ​ល្អ​ប្រសើរ​មួយ​។​


​សួ​ម​បញ្ជាក់ថា ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន ហ្វីលីពីន​បាន​ដាក់ពាក្យ​ប្ដឹង​ចិន​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ​នៅ​ឆ្នាំ​២០១៣​។​កាលណោះ​ស្ថិត​ក្រោម​ការផ្ដួចផ្ដើមរ​បស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​Benigno Aquino​។​ចំណង​មិត្ដភា​ពរវា​ចិន​ជា​មួយ​ហ្វីលីពីន តានតឹង​នឹង​គ្នា​ខ្លាំង​មែនទែន​ដោយសារតែ​ជម្លោះ​រ៉ាំរ៉ៃ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕


ព័ត៌មានផ្សេងទៀត