ថ្វីដ្បិតថាពិធីបុណ្យសពរបស់លោកបណ្ឌិត កែម ឡី បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃហើយក្ដី ក៏ប៉ុន្តែនៅ តែមានអ្នកបន្តចូលគោរពវិញ្ញាណក្ខន្ធ មិនដាច់ឡើយ គឺចេះតែមានជាបន្ត រហូតពីសំណាក់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជាបណ្ដាស្ថានទូតនានា ក្នុងប្រទេសកម្ពុជា។ ក្នុងថ្ងៃនេះដែរ ព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ នៃសម្ដេចម៉ែដែលបានផ្ដាំផ្ញើព្រះរាជបន្ទូលពីទីក្រុងប៉េកាំងមក ដើម្បីចូលរួមមរណទុក្ខគ្រួសារលោកបណ្ឌិត កែម ឡី។ ក្នុងឱកាសនោះ ព្រះអង្គបានចូល បុណ្យសពលោក បណ្ឌិត កែម ឡី ក្នុងទឹកប្រាក់ចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សម្ដេចម៉ែក៏បានផ្ដាំថា សន្យាធានាផ្គត់ផ្គង់គ្រួសារលោកកែម ឡី ចំពោះការខ្វះខាតជាដរាប។
ព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ ដែលតំណាងព្រះវិរមាតាជាតិខ្មែរ បានយាងមកចូលរួមគោរពវិញ្ញាណក្ខន្ធ របស់លោកបណ្ឌិត កែម ឡី នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានលើកយកព្រះបន្ទូលសម្តេចព្រះមហាក្សត្រី ប្រាប់អ្នកស្រី ប៊ូ រចនា ដែលជាភរិយាលោកបណ្ឌិត កែម ឡី ថា ព្រះអង្គនឹងធានាចំពោះការខ្វះខាតរបស់គ្រួសារលោកបណ្ឌិត កែម ឡី។
សំឡេងព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ៖
កាលពីថ្ងៃទី១២ កក្កដា កន្លងទីនេះ ភរិយារបស់លោកកែម ឡី អ្នកស្រីប៊ូ រចនា បានប្រាប់អ្នកកាសែតថា អ្នកស្រី និងកូនៗអាចនឹងទៅរស់នៅប្រទេសអូស្ត្រាលី ក្រោយពិធីបុណ្យសពរបស់ប្តីអ្នកចប់រួចរាល់។ អ្នកស្រីប៊ូ រចនា បញ្ជាក់ថា ស្ថានទូតប្រទេសអូស្ត្រាលីបានមកជួបទាក់ទងអ្នកស្រី ហើយអ្នកស្រីនឹងរៀបចំសំណុំឯកសារ នៅពេលពិធីបុណ្យសពចប់រួចរាល់។ ការសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលីនេះ ដោយសារអ្នកស្រី បារម្ភខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន និងកូនៗ។
សំឡេង អ្នកស្រី ប៊ូ រចនា៖
គិតមកត្រឹមថ្ងៃទី១៤ កក្កដា នេះ បុណ្យសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃហើយ ខណៈដែលសាកសពរបស់លោកនៅតែបន្តតំកល់ទុកក្នុងមឈូសកញ្ចក់ ដោយមិនទាន់មានការសម្រេចចិត្តច្បាស់ពីសំណាក់គ្រួសារសពថានឹងត្រូវបូជា ឬបញ្ចុះ នៅថ្ងៃណានោះទេ។ បើតាមប្រសាសន៍បងស្រីរបស់លោកកែម ឡី ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា រង់ចាំដល់ថ្ងៃទី១៨ ខែកក្កដា ទើបមានការសម្រេច៕