ប្រព័ន្ធ​ផ្សព្វផ្សាយ​​ចិន​​ប្រកាស​ឲ្យ​​ឈប់​ទិញ​​ស្វាយ​ហ្វីលីពីន​​ក្រោយ​ចាញ់​ក្ដី​​នៅ​តុលាការ​​អន្ដរជាតិ​

14-07-2016 1:56 pm 1049
បម្រាមដែលចិនបានផ្សព្វផ្សាយ

ក្រោយពេល​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ ចេញ​សេចក្ដីសម្រេច​គាំទ្រ​លើ​ហ្វីលីពីន ចំពោះ​ពាក្យបណ្ដឹង​ដែល​ហ្វីលីពីន​ប្ដឹង​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ប្រកាស​មិន​ទទួលស្គាល់​សេចក្ដីសម្រេច​ជា​ដាច់ខាត​។​បច្ចុប្បន្ន​មិន​ត្រឹម​តែ​ថ្នាក់​ដឹកនាំ​ចិន​ទេ សូម្បី​ប្រជាជន​ចិន​មួយចំនួន​ក៏​បង្ហាញ​ការមិនពេញចិត្ដ​ដូចគ្នា​។​


​ពួកគេ​មិន​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​អី​ទេ ប៉ុន្ដែ​ពួកគេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជនចិន​ឈប់​គាំទ្រ​ផលិតផល​ផ្លែ​ឈើ​របស់​ហ្វីលីពីន​។​មាន​បម្រាម​សរសេ​រ​បង្ហោះ​ថា “​ប្រសិនបើ​អ្នក​ចង់​ហូប​ផ្លែស្វាយ ត្រូវ​ទិញ​របស់​ថៃ ទុក​ឲ្យ​ស្វាយ​ហ្វីលីពីន​នៅសល់​ចុះ ទោះ​ឃ្លាន​ស្លាប់​ក៏​ត្រូវ​ទិញ​ស្វាយ​ហ្វីលីពីន​ដែរ​។​ប្រសិនបើ​អ្នក​ស្រឡាញ់​ប្រទេស​ចិន កុំ​ទិញ​ទំនិញ​នាំចូល​ពី​ប្រទេស​ហ្វីលីពីន​។​”​នេះ​ជា​សម្ដី​ដែល​បាន​ផ្សព្វផ្សាយ​។​


​សារ​ដទៃ​ទៀត​ថា “​ខ្ញុំ​នឹង​ហូប​ស្វាយ​ស្ងួត​នៅ​ហ្គ័​ង​ស៊ី ផឹក​កាហ្វេ​យូ​ណាន និង​ហូប​ទុរេន​ហៃណាន​។​ខ្ញុំ​ត្រូវតែ​ធ្វើឲ្យ​ប្រាក់​ដែល​យើង​ចំណាយ​ស្ថិតនៅក្នុង​ប្រទេស​ចិន មិន​ឲ្យ​ធ្លាយ​ចេញ​ទៅ​ហ្វីលីពីន​ឡើយ​។​”​ដោយឡែក​ខ្លះ​ប្ដេជ្ញា​ថា ឈប់​បរិភោគ​អាហារសម្រន់​របស់​ហ្វីលីពីន​ទៀតហើយ​។​នេះ​បើ​តាម​អ្វី​ដែល​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​Weibo​ចិន​។​


​តាមរយៈ​អ្វី​ដែល​ប្រជាជន​បាន​និយាយ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា​ពួកគេ​ពិតជា​មិន​យល់ស្រប​ឡើយ ដែល​ចិន​ត្រូវ​ចាញ់​ហ្វីលីពីន​រឿង​ពាក្យបណ្ដឹង​ដាក់​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​ម្យ៉ាង​ចិន​ថា​ជា​ការសម្រេចចិត្ដ​ដោយឯ​កតោ​ភាគី ព្រោះ​ចិន​មិនបាន​ចូលរួម​ហើយក៏​មិន​ទទួលស្គាល់​ពាក្យបណ្ដឹង​ហ្វីលីពីន​ដែរ​៕

 ពាក្យគន្លឹះ  ជម្លោះហ្វីលីពីន-ចិន

ព័ត៌មានផ្សេងទៀត