គណបក្សនយោបាយ​នៅ​កម្ពុជានិយាយអ្វីខ្លះ ក្រោយតុលាការ​​សម្រេច​​​លើបញ្ហាសមុទ្រ​ចិន​ខាងត្បូង​?

13-07-2016 6:04 pm 2208

​នៅ​ទី​បំផុត​ទៅ តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ ក្រុងឡាអេ បាន​សម្រេច​ឲ្យ​ប្រទេស​ហ្វីលីពីន ជា​អ្នក​ឈ្នះក្តី លើ​បណ្តឹង ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១២ កក្កដា​។ សម្រាប់​ការប្រកាស​សាលដីកា របស់​តុលាការ​អន្តរជាតិ​នេះ ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ដ្រី​ចិន បាន​បដិសេធចោល​ទាំងស្រុង និង​បាន​បញ្ជាក់ថា កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ដែន​អធិបតេយ្យ​របស់​ចិន​តាំងពី បុរាណកាល​មក​។ អធិបតេយ្យភាព​ដែនដី និង​ផលប្រយោជន៍​ចិន ក្នុង​សមុទ្រ​ចិន ខាងត្បូង មិន​អាច​ត្រូវ​ប៉ះពាល់ ដោយសារ​តែ​សេចក្ដីសម្រេច​នេះ​ឡើយ។​

ទាក់ទង​នឹង​បញ្ហា​នេះ យើង​ក្រឡេក​មក​មើល ពី​គោលជំហរ​របស់​រដ្ឋាភិបាល និង​ការយល់ឃើញ​របស់​គណ​បក្សនយោបាយ នៅ​កម្ពុជា​វិញ ថា​តើ​មាន​ការយល់ឃើញ​យ៉ាងណាខ្លះ​?

​សម្រាប់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​មាន​លោក​ញឹក ប៊ុនឆៃ ជា​ប្រមុខ​ដឹកនាំ​គណបក្ស​បានបញ្ជាក់​ថា លោក​មិន​មាន​ការយល់ឃើញ​យ៉ាងណាទេ ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ លើ​បណ្តឹង ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ជាមួយគ្នានេះ លោក​ញឹក ប៊ុនឆៃ ក៏​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​បង្កបញ្ហា​ណាមួយ រវាង​ប្រទេស​ជម្លោះ​ទាំង​២ ដែល​អាច​នឹង​ជះ​ឥទ្ធិពល ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

សំឡេង

​លោក​ទេព វីរៈ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ បាន​បង្ហាញ​ពី​គោលជំហរ​របស់​គណបក្ស​ថា បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រៀប​ដូចជា​បញ្ហា​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង ដោយ​ត្រូវ​រក​ដំណោះស្រាយ ជា​លក្ខណៈ​អន្តរជាតិ ដូចជា​ការប្តឹង​ទៅ​អង្គការសហប្រជាជាតិ ដើម្បីឲ្យ​ធ្វើជា​អាជ្ញាកណ្តាល ក្នុង​ការ​កាត់ក្តី​ឲ្យ​។ សម្រាប់​ប្រតិកម្ម​ពី​មហាអំណាច​ចិន មិន​ទទួលស្គាល់​សេចក្តីសម្រេច គឺជា​រឿង​ធម្មតា ព្រោះ​អ្នក​ដែល​ខ្លាំង​តែងតែ​ចង់​ឈ្នះ​។​

សំឡេង​

​កន្លងមក មុន​ការប្រកាស​សាលដីកា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ធ្លាប់បាន​ប្រកាស​ពី​ជំហរ​ជា​ថ្មី របស់​រដ្ឋាភិបាល​កម្ពុ​ជា​ថា នឹង​មិន​ចេញ​សេចក្តីសម្រេច​ណាមួយ ទាក់ទង​លើ​បញ្ហា​បណ្តឹង​រវាង​ហ្វីលីពីន និង​ចិន ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ខ្លឹមសារ នៃ​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា​៖ ទី​១៖ កម្ពុជា​យល់ឃើញថា បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន គឺ​ដើម្បី​សុំឲ្យ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ  ដោះស្រាយ​ជំលោះ​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន ហើយ​ដំណើរការ​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​ទាំងអស់​ជា​សមាជិក ASEAN ឡើយ​។ ទី​២៖ ដោយហេតុនេះ កម្ពុជា​នឹង​មិន​ចូលរួម​ក្នុង​ការបញ្ចេញ​ជំហរ​រួម​ណាមួយ​ចំពោះ​សាលដីកា តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ ដែល​នឹង​ធ្វើ​ការសម្រេច​លើ​វិវាទ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន​នោះ​ឡើយ​។ ទី​៣៖ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​មិត្ត​របស់​ភាគី​ជំលោះ​ទាំងសង្ខាង និង​ក្នុង​គោលបំណង​រក្សា​សន្តិភាព សន្តិសុខ ស្ថេរភាព នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ដើម្បី​រក្សា​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​តំបន់​ទាំងមូល ដែល​បានមកពី​ទំនាក់ទំនង​សហប្រតិបត្តិការ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ល្អប្រសើ​រវាង ASEAN និង​ចិន​នោះ កម្ពុជា​សូម​អំពាវនាវ ដល់​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន បន្ត​ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​ដោយ​សន្តិវិធី​។​

​ប្រមុខ ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ជា​ជម្លោះ​រវាង​អាស៊ាន និង​ចិន​ផ្ទាល់​ទេ តែ​ជា​ជម្លោះ​រវាង​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ប៉ុណ្ណោះ ពិសេស​វៀតណាម ហ្វីលីពីន ។ ដូច្នេះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​«​អាស៊ាន​» ឡើយ ដោយ​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា  គ្មាន​ហេតុផល​ណាមួយ ដែល​កម្ពុជា​ត្រូវ​ប្រឈមមុខ​ផ្ទាល់​ទល់​នឹង​ចិន​ទេ​។​

​ការសម្រេច​របស់​រដ្ឋាភិបាល​បែបនេះ ត្រូវបាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គាំទ្រ​ព្រោះ​ជា​ការសម្រេច ដើម្បី​ផលប្រយោជន៍​សម្រាប់​ជាតិ និង​មិន​ចង់ឲ្យ​មាន​ការថ្នក់ចិត្ត ពី​ប្រទេស ជា​សមាជិក​អាស៊ាន​ណាមួយ​។ យ៉ាងណាមិញ សម្រាប់​គណបក្ស​អំណាច​ខ្មែរ បាន​យល់​ឃើញ​ផ្ទុយ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ​លោក​ទេព វីរៈ បាន​អះអាង​ថា​.....៖

សំឡេង

​ទោះយ៉ាងណា​ក៏ដោយ ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់ថា ការចេញ​សេចក្តីថ្លែងការណ៍ មិន​រួច មិនមែនជា​កំហុស​របស់​កម្ពុជា​ទេ គឺ​ដោយសារតែ​មាន​ប្រទេស​មួយចំនួន ធ្វើបាប​កម្ពុជា ហើយ​កម្ពុជា មិនមែន​ជា​អាយ៉ង ប្រទេស​ណាមួយ​នោះ​ដែរ​។​

​បើតាម សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប បាន​អះអាង​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទ្វេ​គ្រោះ​ចំពោះ​បញ្ហា​នេះ​។ បើ​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍​នេះ អាច​មាន​ប្រយោជន៍​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​រវាង​កម្ពុ​ជា និង​វៀតណាម នៅពេល​ខាងមុខ នៅពេល​ដែល​ភាគី​ទាំងពីរ រក​ដំណោះស្រាយ​មិនបាន ដែល​ត្រូវ​យក​បញ្ហា​ទៅ​តុលាការ​។ ប៉ុ​នែ្ត ចិន​នឹង​មិន​សប្បាយចិត្ត នៅពេល​ដែល​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍ ហើយ​វា​អាច​ប៉ះពាល់​ដល់​កម្ពុជា ព្រោះ​ចិន​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។​

​សាស្ត្រាចារ្យ វិទ្យាសាស្ត្រ​នយោបាយ​ដដែល បានបញ្ជាក់​ថា នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ត្រូវការ​ចិន​ជាង​ចិន​ត្រូវការ​កម្ពុជា ព្រោះ​វា​ជា​ហេតុផល​នយោបាយ ការ​បរទេស​ផង និង​នយោបាយ​ផ្ទៃក្នុង​ផង​។​ប៉ុ​នែ្ត បើ​កម្ពុជា​មិន​ចេញ​សេចក្តី​ថ្លែរណ៍​គាំទ្រ សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ ចិន​នឹង​សប្បាយចិត្ត ហើយ​ចិន​នឹង​ផ្តល់​ជំនួយ​កាន់​ច្រើន​ឲ្យ​កម្ពុជា តែ​កម្ពុជា​អាច​នឹង​ជួប​បញ្ហា នៅខាងមុខ នៅពេល​ដែល​កម្ពុជា នឹង​នាំ​យក​បញ្ហា​ព្រំដែន​សមុទ្រ​ទៅ​តុលាការ​អន្តរជាតិ​៕ ដោយៈ​សៅ វិសាល​

 

 ពាក្យគន្លឹះ  សមុទ្រចិនខាងត្បូង

ព័ត៌មានផ្សេងទៀត