ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកការជាការបាត់បង់លោកកែម ឡី គឺជាការបន្ថែមទម្ងន់កាន់តែខ្លាំងទៅលើបញ្ហាដែលកើតមានកន្លងមក ដែលបង្កើនឲ្យបរិយាកាស មុនការបោះឆ្នោតខាងមុខ ស្ថិតក្នុងការបំភិតបំភ័យ គំរាមកំហែង និងការភ័យខ្លាច។ ក្រុមអង្គការសង្គមស៊ីវិល ទាមទារឲ្យ ការស៊ើបអង្កេត របស់សមត្ថកិច្ចប្រកបដោយឯករាជ្យ និងតម្លាភាព ហើយរដ្ឋាភិបាលត្រូវតែស្តារបរិយាកាសនយោបាយឡើងវិញ សម្រាប់ការចុះឈ្មោះបោះឆ្នោត និងអំឡុងពេលបោះឆ្នោត ត្រូវតែប្រកបដោយសុវត្ថភាព និងសេរីភាពពេញលេញ។
អង្គការសង្គមស៊ីវិលធំៗនៅកម្ពុជា ប្រមាណជាង១០បានចេញសេចក្តីថ្លែងការណ៍ ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែស្តារបរិយាកាសនយោបាយឡើង ដើម្បីសុវត្ថិភាពសម្រាប់ការបោះឆ្នោតមួយ ប្រកបដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ។ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពី មានករណីឃាតកម្មដ៏សាហាវឃោរឃៅ លើលោកកែម ឡី ដែលអង្គការសង្គមស៊ីវិលទាំងនេះចាត់ទុកថា លោកកែម ឡី គឺជាតួអង្គតែមួយគត់ ក្នុងការផ្តល់ភាពជឿជាក់ ជូនប្រជាពលរដ្ឋចូលក្នុងដំណើរការនយោបាយ និងការបោះឆ្នោត។
សេចក្តីថ្លែងការណ៍ បានចាត់ទុកការស្លាប់របស់លោកកែម ឡី គឺជាការបាត់បង់ដ៏ធំអំពីការបញ្ចេញមតិ ការពិភាក្សាខាងនយោបាយសម្រាប់ការបោះឆ្នោតខាងមុខដ៏មានអត្ថន័យ។ក្រុមអង្គការសង្គមស៊ីវិលដដែលលើកឡើងថា ករណីនេះគឺជាការបន្ថែមទម្ងន់កាន់តែខ្លាំងទៅលើករណីផ្សេងទៀត ដែលកើតមានកន្លងមក ជាលំនាំការចោទប្រកាន់ ការវាយដំ ការចាប់ខ្លួនតំណាងរាស្ត្រ និងការចោទប្រកាន់មន្ត្រីអង្គការសង្គមស៊ីវិលខាងសិទ្ឋិមនុស្ស ដែលបង្កើនឲ្យបរិយាកាសមុនការបោះឆ្នោតខាងមុខ ស្ថិតក្នុងការបំភិតបំភ័យ គំរាមកំហែង និងការភ័យខ្លាច។
លោកកែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការលើកស្ទួយ និងជំរុញការពិភាក្សាដេញដោលលើការដឹកនាំរដ្ឋាភិបាល បញ្ហានយោបាយ ព្រំដែន សិទ្ឋិមនុស្ស ធនធានធម្មជាតិ បរិស្ថាន និងអភិបាលកិច្ច ដូចជារបាយការណ៍ថ្មីៗនេះរបស់Global Witness ដែលជះឥទ្ឋិពលខ្លាំងទៅលើក្រុមយុវជន និងប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាសបណ្តាញសង្គម និងអ្នកតាមដានព័ត៌មាននៅតាមប្រព័ន្ឋផ្សព្វផ្សាយឯករាជ្យ។ដូច្នេះការសម្លាប់នេះពិតជាមានឥទ្ឋិពល ដែលប៉ះពាល់ និងទាក់ទងដល់បញ្ហា និងដំណើរការនយោបាយនៅកម្ពុចា ពិសេសការបោះឆ្នោតនៅពេលខាងមុខ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ មានការសង្ស័យយ៉ាងខ្លាំងអំពីការផ្តល់សក្ខីកម្មរបស់ជនសង្ស័យដែលបានផ្សព្វផ្សាយកន្លងមក ហើយអង្គការសង្គមស៊ីវិល ទាមទារឲ្យ ការស៊ើបអង្កេតរបស់សមត្ថកិច្ចប្រកបដោយឯករាជ្យ និងតម្លាភាព ហើយរដ្ឋាភិបាលត្រូវតែស្តារបរិយាកាសនយោបាយឡើងវិញ សម្រាប់ការចុះឈ្មោះបោះឆ្នោត និងអំឡុងពេលបោះឆ្នោត ត្រូវតែប្រកបដោយសុវត្ថភាព និងសេរីភាពពេញលេញ។
ជាការកត់សម្គាល់លោកកែម ឡី ត្រូវបានពលរដ្ឋខ្មែរទូទៅទទួលស្គាល់ថា ជាអ្នកវិភាគដ៏ក្លាហានមួយរូប ដែលហានរិះគន់ចំៗ លើការដឹកនាំរបស់រដ្ឋាភិបាល ពីបញ្ហានយោបាយ បញ្ហាអភិបាលកិច្ច ហើយចុងក្រោយ លោកបានធ្វើការវិភាគទាក់ទងនឹងរបាយការណ៍អាជីវកម្មត្រកូល«ហ៊ុន»របស់អង្គការ Global Witnessផងដែរ៕
ដោយ៖ខាត់ សុធី