តុលាការ​សម្រេច​ចោទប្រកាន់​ខ្មាន់កាំភ្លើង​សម្លាប់​លោក​កែម ឡី​ចំនួន​២​បទល្មើស​

13-07-2016 10:49 am 5722

​ក្រោយ​ពី​ការសួរចម្លើយ ការពិនិត្យ​ឯកសារ និង​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម ទៅលើ​លោក​បណ្ឌិត កែម ឡី ខ្មាន់កាំភ្លើង ដែល​មាន​ឈ្មោះ​ពិត អឿ​ត អាង អាយុ​៤៤​ឆ្នាំ ត្រូវបាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់ ចំនួន​២​បទល្មើស​នោះ គឺ​បទ​ឃាតកម្ម គិតទុក​ជាមុន និង​បទ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​គ្មាន​ការអនុញ្ញាត តាម​មាត្រា​២០០ និង​៤៩០​នៃ​ក្រម​ព្រហ្មទណ្ឌ​។

​ការសម្រេច​ចោទប្រកាន់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៣ កក្កដា​នេះ បន្ទាប់​ពី​ជនសង្ស័យ ត្រូវបាន​តុលាការ​សាកសួរ​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​។

​ជាមួយគ្នានេះ តុលាការ​ក៏​បាន​ចោទប្រកាន់ លើ​បុគ្គល​ដែល​បាន​លក់​អាវុធ ឲ្យ​ជនល្មើស ពី​បទ​លក់​អាវុធ​ដោយ​គ្មាន ការអនុញ្ញាត តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​។ យ៉ាងណាក៏ដោយ សំណុំរឿង​នេះ បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​គួរបញ្ជាក់​ថា ក្រោយ​បាញ់សម្លាប់​លោក​កែម ឡី​ភ្លាមៗ សមត្ថកិច្ច ក៏​ចាប់​បាន​ជនសង្ស័យ​ជា​ឃាតក​ម្នាក់ ហើយ​ជនសង្ស័យ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ឈ្មោះ​ជួប សម្លាប់ ប៉ុន្តែ​ក្រោយមក​ឃាតករ បាន​សារភាព​ថា ខ្លួន​មាន​ឈ្មោះ​ពិត អឿ​ត អាង អាយុ ៤៤ ឆ្នាំ មាន​ទីលំនៅ​ឋិត​ក្នុងភូមិ ទន្លេ​សរ ឃុំ នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត