ប្រធានាធិបតី​​និង​នាយករដ្ឋមន្ដ្រី​ចិន​​ក្ដៅស្លឹកត្រចៀក​​នឹង​សេចក្ដីសម្រេច​​តុលាការ​អន្ដរជាតិ​

13-07-2016 9:52 am 10278
ប្រធានាធិបតីចិន​(ឆ្វេង)​និងនាយករដ្ឋមន្ដ្រីចិន​(ស្ដាំ)​ពេលចូលរួម​​កិច្ចប្រជុំ

​ទាំង​ប្រធានាធិបតី​និង​នាយករដ្ឋមន្ដ្រី​ចិន បាន​បដិសេធចោល​ទាំងស្រុង​ទៅលើ​សេចក្ដី​សម្រច​របស់​តុលាការ​អាជ្ញាក​ណ្ដា​លអ​ន្ដ​រ​ជាតិ ចេញ​កាលពី​ថ្ងៃ​ទី​១២​កក្កដា ដោយ​បង្ហាញ​ជំហរ​គាំទ្រ​ហ្វីលីពីន​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​បាន​និយាយថា កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​អធិបតេយ្យ​របស់​ចិន​តាំងពី​បុរាណកាល​មក​។​អធិបតេយ្យភាព​ដែនដី​និង​ផលប្រយោជន៍​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិន​អាច​ត្រូវ​ប៉ះពាល់​ដោយសារ​តែ​សេចក្ដីសម្រេច​នេះ​ឡើយ​។​លោក​ស៊ី​បន្ដថា ប្រទេស​ចិន​តែង​គោរព​តាម​ច្បាប់​អន្ដរជាតិ មាន​សុចរិត​ភាព មាន​សច្ចភាព ហើយ​តែង​ប្រកាន់ខ្ជាប់​ទៅនឹង​ផ្លូវ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​សន្ដិភាព​។​


​ប្រទេស​ចិន​បាន​ប្ដេជ្ញា​ចិត្ដ​យ៉ាង​មុតមាំ ដើម្បី​សន្ដិភាព​និង​ស្ថេរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង  និង​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​តាមរយៈ​ការចរចា​ដោយ​សន្ដិវិធី ដែល​មាន​មូលដ្ឋាន​លើ​ការទទួលស្គាល់​នៃ​អង្គហេតុ​ប្រវត្ដិសាស្ដ្រ និង​អនុលោម​តាម​ច្បាប់​អន្ដរជាតិ​ផងដែរ​។​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ស៊ី​។


​ចំណែក​លោក​នាយករដ្ឋមន្ដ្រី​ចិន លី ឃឺ​ឈាង​វិញ មិន​ខុស​ពី​លោក​ប្រធានាធិបតី​បាន​ប្រតិកម្ម​ថា មិន​ទទួលស្គាល់​សេចក្ដីសម្រេច​របស់​តុលាការ​អន្ដរជាតិ​ទី​ក្រុងឡាអេ​ជាដាច់ខាត​។​ក្នុងនាម​ជា​ប្រទេស​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ចិន​តែង​យកចិត្ដទុកដាក់​ខ្លាំង​បំផុត ប្ដេជ្ញា​ឲ្យមាន​សន្ដិភាព​និង​ស្ថេរភាព​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ចិន​ចង់​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី តាមរយៈ​កិច្ចចរចា​និង​ការពិគ្រោះ​យោបល់​ដោយ​ភាព​យោគយល់​ជាមួយនឹង​ក្រម​ប្រតិ​ប​ត្ដិ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ស្រប​តាម​ច្បាប់​អន្ដរជាតិ​។​លោក​លី​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត្យ​លើ​បញ្ហា​នេះ​។​


​សូមបញ្ជាក់​ថា ទាក់ទង​នឹង​ពាក្យបណ្ដឹង​របស់​ហ្វីលីពីន​ប្ដឹង​ចិន ដាក់​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​តាំងពី​ឆ្នាំ​២០១៣​មក​នោះ ចិន​មិនដែល​អើពើ​ហើយក៏​មិនបាន​ចូលរួម​ក្នុង​សវនាការ​នេះដែរ​។​ចិន​ថា​តុលាការ​គ្មាន​ដែន​សមត្ថកិច្ច​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​ទោះ​ចិន​មិន​ចាប់​អារម្មណ៍ នៅ​ថ្ងៃ​ទី​១២​កក្កដា​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​បាន​ចេញ​សេចក្ដីសម្រេច​គាំទ្រ​ដល់​ហ្វីលីពីន ដោយ​និយាយ​ថា​ចិន​គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​កាន់កាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូច​អ្វី​ធ្លាប់​អះអាង​ឡើយ​។​សេចក្ដីសម្រេច​នេះ គឺ​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់​ថា តុលាការ​បាន​កាត់ក្ដី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​ទៅហើយ ទើប​ចិន​ប្រតិកម្ម​ខ្លាំងណាស់​៕

ព័ត៌មានផ្សេងទៀត