លោក​ជួន សុវណ្ណ​​ អះអាងថា​សមត្ថកិច្ច​មានវីដេអូ ​Camera ​បាញ់សម្លាប់​លោកកែមឡី​

13-07-2016 9:33 am 38857

លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់អង្គភាពព័ត៌មានFress News នៅ យប់ ថ្ងៃ ទី ១២ កក្កដា ថា កម្លាំងសមត្ថកិច្ចរបស់លោក មានវិដេអូរូបភាពពី Camera ដែលថតបានពី ទិដ្ឋភាព នៃការបាញ់សម្លាប់លោកកែម ឡី នៅក្នុង Star Mart ស្ថានីយប្រេងកាល់តិច ទាំងអស់ នៅ​កន្លែង កើតហេតុ ទាំងទិដ្ឋភាពនៅខាងក្នុង និងនៅខាងក្រៅ Star Mart តែវាមិនទាន់ដល់ពេលប្រាប់ និងបង្ហាញជាសាធា រណ: ដល់មហាជននៅឡើយទេ ព្រោះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។

 

ការបញ្ជាក់ពីស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយ និងការលើក​ឡើងផ្សេងៗ នៅតាមបណ្តាញសង្គម Facebook ថា Camera នៅកន្លែង កើតហេតុ នោះ ថតមិនបានពី​សកម្មភាពនោះទេ ដោយសារតែពេលនោះដាច់ភ្លើង ហើយមតិខ្លះទៀតបានលើកឡើងថា សមត្ថកិច្ចយក Memory Card របស់ Camera ពុំបានពីទិដ្ឋភាព នៃការបាញ់ប្រហារនេះឡើយ។

 

លោកជួន សុវណ្ណ ដែលកំពុងដុតដៃ ដុតជើង ដឹកនាំកម្លាំងជំនាញស៊ើបអង្កេត ករណីឃាតកម្ម ដ៏សា ហាវមួយនេះ បានបញ្ជាក់ថា រូបភាពវិដេអូ (Camera) ទាំងអស់មិនអាច បង្ហាញពេលនេះបានទេ ពី ព្រោះវាកំពុងស្ថិតនៅ​ក្នុងការស្រាវជ្រាវ ។លោកថាបើការស៊ើបអង្កេតត្រូវបានបញ្ចប់ពេលណា លោក នឹងបង្ហាញលទ្ធផលពេលនោះ។

 

តែយ៉ាងណាលោកជួន សុវណ្ណ ថា Camera ដែលទទួលបាននោះ គឺមានទាំងសកម្មភាព អ្នកបើក ម៉ូតូ ឌុប ជនដៃដល់មកបាញ់ប្រហារ និងរូបភាពពេលជនដៃដល់ រត់ចេញមកក្រៅ ក្រោយពេលបាញ់រួច គឺ មានទាំងអស់ តែសមត្ថកិច្ចកំពុងស្រាវជ្រាវថា តើនៅមានអ្នកណាខ្លះ ពាក់ព័ន្ធទៀត។

 

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំនួន២គ្រាប់ នៅក្នុង Star Mart ស្ថានីយប្រេងកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ ២០១៦ ប៉ុន្តែខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ៕

 

ដោយ៖ខាត់ សុធី

 ពាក្យគន្លឹះ  ឃាតកម្មកែម ឡី

ព័ត៌មានផ្សេងទៀត