ចិន​ថា​​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង​​​មិន​គួរ​យកមក​​ពិភាក្សា​​ក្នុង​កិច្ចប្រជុំ​​អាស៊ី​-​អឺរ៉ុប​ទេ​

11-07-2016 4:56 pm 1333
ទិដ្ឋភាពកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ជា​របៀបវារៈ​ត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​អាស៊ី​និង​មេដឹកនាំ​អឺរ៉ុប នៅ​ម៉ុង​ហ្គោលី​នា​ចុង​សប្ដាហ៍​នេះ​ទេ​។​នេះ​ជា​ការបញ្ជាក់​របស់​មន្ដ្រី​ជាន់ខ្ពស់​ចិន​នៅ​ថ្ងៃ​ទី​១១​កក្កដា​។​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ឬក៏​ASEM នឹង​ក្លាយជា​កិច្ចប្រជុំ​ពហុភាគី​មាន​សារៈសំខាន់​បំផុត បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ ប្រកាស​សេចក្ដីសម្រេចពាក់ព័​ន្ធ​ជម្លោះ​សមុទ្រចិន​ខាងត្បូ​ង​នៅ​ថ្ងៃទី​១២​កក្កដា ដែល​ហ្វីលីពីន​បាន​ប្ដឹង​ចិន​។​


​ជំនួយការ​រដ្ឋមន្ដ្រី​ការបរទេស​ចិន​បាន​និយាយថា កិច្ចពិភាក្សា​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិនគួរណា​លើកឡើង​ក្នុង​កិច្ចប្រជុំ​ទេ​។​កិច្ចប្រជុំ​នេះ​សម្រាប់​ពិភាក្សា​តែ​បញ្ហា​រវាង​អាស៊ី​និង​អឺរ៉ុប​ប៉ុណ្ណោះ​។​ម្យ៉ាង​មេដឹកនាំ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក៏​មិន​សម​នឹង​ជជែក​គ្នា​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ហើយ​បើ​ជជែក​មែន​ក៏​មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ​។​យ៉ាងណាមិញ​មន្ដ្រី​ចិន​ជា​អ្នកចូលរួម​រៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​បាន​បញ្ជាក់ថា គេច​មិន​រួច​ទេ​ចង់​មិន​ចង់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ត្រូវ​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ ដែល​នឹង​មាន​វត្ដ​មាន​នាយករដ្ឋមន្ដ្រី​ចិន នាយករដ្ឋមន្ដ្រី​ជប៉ុន និង​អធិការបតី​អាល្លឺម៉ង់​ចូលរួម​។​


​សូមបញ្ជាក់​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជា​ជម្លោះ​រ៉ាំរ៉ៃ​ដែល​ចិន​កំពុង​មាន​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដូចជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​ណេ​។​ចិន​អះអាងថា​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។​ប៉ុន្ដែ​ប្រទេស​ពាក់ព័ន្ធ​ថា​ចិន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​។​ការទាមទារ​រក​តែ​ត្រូវ​រៀងៗ​ខ្លួន ធ្វើឲ្យ​ជម្លោះ​រីក​រាលដាល​កាន់តែខ្លាំ​ង​។​រាល់​ពេល​មាន​កិច្ចប្រជុំ​ធំ​ម្ដងៗ ចិន​មិន​ចង់ឲ្យ​មាន​របៀបវារៈ​ទាក់ទងនឹ​ង​ជម្លោះ​នឹង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ដោយ​ចិន​ចង់​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រទេស​មាន​វិវាទ​វិញ​។​


​ប៉ុន្ដែ​ជា​ញយ​ដង​អន្ដរជាតិ​តែង​យក​បញ្ហា​នេះ​មក​ពិភាក្សា ក្នុង​គោលបំណង​ចូលរួម​រក​ដំណោះស្រាយ​មក​បញ្ចប់​បញ្ហា តែ​ក៏​បរាជ័យ​ជា​បន្ដបន្ទាប់​។​ដ្បិត​បរាជ័យ ចិន​នៅ​តែ​មិន​ចង់​ឲ្យ​កិច្ចប្រជុំ​ជា​លក្ខណៈអន្ដ​រ​ជាតិ យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មក​ពិភាក្សា ហើយ​ដាក់បន្ទុក​តែ​ចិន​ម្ខាង​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត