អ្នកវិភាគ​​និង​មន្ត្រី​​សង្គម​ស៊ីវិល​​មិន​ជឿ​លោក​​កែម ឡី​​ស្លាប់​​ព្រោះ​​លុយ​​៣​​ពាន់​​ដុល្លារ​​

10-07-2016 6:39 pm 8806

​ជុំវិញ​ការស្លាប់​របស់​លោក​កែម ឡី អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា នៅតែ​មាន​មន្ទិល​នៅឡើយ​។ លោក​កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០​កក្កដា​នេះ ក្រោម​មូលហេតុ ជំពាក់​លុយ​ខ្មាន់កាំភ្លើង​ចំនួន​៣០០០​ដុល្លារ​មិន​សង​។ នេះ​បើ​តាម​ការសារភាព​របស់​ជនសង្ស័យ​ដែល​បាន​សម្លាប់​លោក​កែម ឡី​។ យ៉ាងណា អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន នៅ​តែ​ដាក់​ការសង្ស័យ​ជុំវិញ​មូលហេតុ​នៃ​ការស្លាប់​របស់​លោក​កែម ឡី ដោយ​គេ​យល់ថា ការស្លាប់​នេះ​ទំនងជា​មិន​ជាប់ទាក់ទង​នឹង​រឿង​បុគ្គល​ឡើយ​។​

 

​លោក​ឡៅ ម៉ុងហៃ អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​មួយ​រូប​នៅ​កម្ពុជា ដែល​បាន​ទៅដល់​កន្លែងកើតហេតុ បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង ជុំវិញ​ការស្លាប់​របស់​លោក​កែម ឡី​។ លោក​ឡៅ ម៉ុងហៃ ចាត់ទុក​ព្រឹត្តការណ៍​នេះ​ជា​ប្រវត្តិសាស្ត្រ ហើយ​ជៀសវាង​រឿងនេះ កុំឲ្យ​ដូច​ករណី​លោក​ជា វិជ្ជា ពោល​គឺ​ត្រូវតែ​ស្វែងរក​យុត្តិធម៌​ឲ្យ​ខាន​តែ​បាន​។​

​សំឡេង​លោក​ឡៅ ម៉ុងហៃ​៖

 

​អ្នកវិភាគ​នយោបាយ​ជើងចាស់​មួយ​រូប​ទៀត គឺ​លោក​មាស នី ក៏​បាន​សម្តែង​ការតក់ស្លុត និង​សោកស្តាយ​ជាខ្លាំង ចំពោះ​ការបាញ់​សម្លាប់​លោក​កែម ឡី​។ យ៉ាងណាក៏ដោយ លោក​មាស នី នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​ទេ​ថា ការស្លាប់​របស់​លោក​កែម ឡី មកពី​មូលហេតុ​អ្វី​នោះទេ ទោះបីជា​ឃាតករ​បាន​សារភាព​ក៏ដោយ​។ ប៉ុន្តែ ជា​ជំហាន​ដំបូង​លោក​មាស នី អះអាងថា ករណី​នេះ​ទំនងជា​មិន​ជាប់​ទាក់ទង​នឹង​រឿង​បុគ្គល​ឡើយ តែ​វា​អាច​ទាក់ទង​នឹង​ការបញ្ចេញ​មតិ​របស់​លោក​កែម ឡី​....​។​

សំឡេង​លោក​មាស នី​៖

 

ឆ្លើយ​សំណួរ​ថា​តើ ករណី​បាញ់ប្រហា​រលើ​លោក​កែម ឡី អាច​ជា​ការ​គម្រាម​គំហែង​ទៅដល់​អ្នកវិភាគ​នយោបាយ​ផ្សេង​ទៀត​ដែរ​ឬទេ​? លោក​មាស នី លើកឡើថា ពិតណាស់ ទោះបីជា​មូលហេតុ​នៃ​ការបាញ់​សម្លាប់​នេះ​ចេញពី​ជ្រុង​ណា​ក៏​ដោយ វា​នឹង​ធ្វើ​ឲ្យមាន​ភាពភ័យខ្លាច​ដល់​ការ​បញ្ចេញមតិ​ក្នុងប្រទេស​កម្ពុជា ហើយក៏​ជា​សារ​គំរាម​ដល់​មនុស្ស​ដទៃ​ទៀត​កុំឲ្យ​ធ្វើការ​វិភាគ​ច្រើន​។​

សំឡេង​លោក​មាស នី​៖

 

​ជាមួយគ្នានេះ អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ផ្សេង​ទៀត បាន​ថ្កោលទោស​យ៉ាង​ពេញទំហឹង​ចំពោះ​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​នេះ​។ លោក​សុខ ទូច ដែល​ជា​អ្នកវិភាគ​សង្គម និង​នយោបាយ ដូច​លោក​កែម ឡី ដែរនោះ បានចាត់ទុក​មរណភាព​លោក​កែម ឡី គឺជា​ការបាត់បង់​បញ្ញវន្ត​មួយរូប ដែល​មាន​ការទទួលស្គាល់​ពី​ស្រទាប់​បញ្ញវន្ដ​ជាតិ និង​អន្ដរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​។ លោក​សុខ ទូច បន្តថា លោក​កែម ឡី កញ្ចក់​សង្គម​មួយ​ផ្នែក ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា ហើយ​លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​

 

​ដោយឡែក អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏​បាន​ថ្កោលទោស​ចំពោះ​ការបាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ​និង​ស្នើ​អាជ្ញាធរ​ស៊ើអង្កេត​ករណីនេះ ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ លោក​គល់ បញ្ញា នាយក​ប្រតិ​ប​ត្ដិ​អង្គការ​ខុមហ្វ្រែល បាន​លើកឡើង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប្រមូល​ព័ត៌មាន ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​របស់​លោក​កែម ឡី​។ ការ​ដាន​បន្ត​នេះ ដោយសារ​លោក​គល់ បញ្ញា មិន​ជឿជាក់​ទៅលើ​ចម្លើយសារភាព​របស់​ឃាតករ​នោះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ បញ្ជាក់ថា ការអះអាង​របស់​ភរិយា​លោក​កែម ឡី ជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​វិភាគ​លើ​ករណី​ឃាតកម្ម​នេះ​។​

​សំឡេង​លោក​គល់ បញ្ញា​៖

 

​បើតាម​ភរិយា​របស់​លោក​កែម ឡី បាន​អះអាង​ថា ករណី​បាញ់សម្លាប់​ប្តី​របស់​អ្នក​ស្រី ជា​រឿង​នយោបាយ ដោយ​ច្រាន​ចោល​ការលើកឡើង​ពី​រឿង​ជំពាក់​លុយ​គេ​។ អ្នកស្រី​ប៊ូ រចនា បាន​ប្រាប់​វី​អូ​ឌី​នៅ កន្លែង​កើតហេតុ​ថា ប្តី​របស់​អ្នកស្រី​មិន​ដែល​មាន​បញ្ហា​ជាមួយ​អ្នកណា​នោះ​ទេ​។ ហើយ​អ្នកស្រី​បាន​ច្រាន​ចោល​ការលើកឡើង​ថា​លោក​កែម ឡី ជំពាក់​លុយ​គេ​មិន​សង ដោយ​អ្នកស្រី​ចាត់ទុក​ករណី​នេះ​ជា​រឿង​នយោបាយ​។

 

​សូមបញ្ជាក់​ថា លោក​កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​ដោយ​កាំភ្លើងខ្លី នៅ​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ក្នុង​Star Mart នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុប​បូកគោ ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជា​ទីកន្លែង​ដែល​លោក​កែម ឡី តែង​មក​អង្គុយ​ផឹក​កាហ្វេ​នៅ​ទីនោះ​ស្ទើរតែ​រៀងរាល​ព្រឹក​។ ក្រោយ​កើតហេតុ​ភ្លាមៗ ខ្មាន់កាំភ្លើង​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ចាប់បាន ដោយសារតែ​ឃើញ​អាវ​ប្រឡាក់​ពាសពេញ​ដោយ​ឈាម​។ ជនដៃដល់​បាន​សារភាពថា រូបគេ​មាន​ឈ្មោះ​ជួប សម្លាប់ មាន​កន្លែង​កំណើត​ន​ខេត្ត​បន្ទាយមានជ័យ ហើយ​ធ្វើ​ជា​កម្មករ​ចំការ​ដំណាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

 

​ខ្មាន់កាំភ្លើង​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​តាម​បាញ់សម្លាប់ជ​ន​រងគ្រោះ​នោះ ដោយសារតែ​រឿង​ជំពាក់​លុយ​ចំនួន​៣០០០​ដុល្លារ​មិន​សង ហើយ​ក៏​រៀបចំ​ផែនការ​តាម​បាញ់សម្លាប់​តែម្តង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​អះអាងថា ការសារភាពរ​បស់​ជនសង្ស័យ​ជា​ការពិត ឬ​យ៉ាងណា​នោះឡើយ​។ សមត្ថកិច្ច​នឹង​បន្ត​ធ្វើ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ករណី​នេះ​បន្ថែម ដើម្បី​ស្វែងរក​ការពិត​៕

(​ដោយ​៖ អឿន ភា​រ៉ា​)


 ពាក្យគន្លឹះ  លោក​​កែម ឡី

ព័ត៌មានផ្សេងទៀត