«​សួនសត្វ​​សាហាវ​» ​ជា​អត្ថបទ​​ចុង​ក្រោយ​​លើ​ទំព័រ​ហ្វេ​សប៊ុក​​លោក​​កែម ឡី​​

10-07-2016 11:24 am 144510
រូបថតដែលលោកកែម ឡី បានបង្ហោះជាមួយអត្ថបទ «​សួនសត្វ​​សាហាវ​»

​ការស្លាប់​របស់​លោក​កែម ឡី ដែល​គេ​ស្គាល់​ថា ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា ត្រូវបាន​អ្នក​ដែរ​ស្រលាញ់​ចូល​ចិត្ត​លោក​បាន​ទៅ​ស្រែកយំ ទាមទារ​រក​យុត្តិធម៌ នៅ​កន្លែងកើតហេតុ​ក្នុង​Starmart ស្តុប​បូកគោ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ រីឯ​ភរិយា​របស់​លោក​កែម ឡី ដែល​កំពុង​មានផ្ទៃពោះជិតគ្រប់ខែ​ រួម​ទាំង​កូនៗបាន​ស្រែ​ក​ទ្រហោយំ​ស្រណោះ​ប្តី និងឪពុក​​ ដែល​បាន​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម​ជាទីបំផុត​។

 

​ដោយឡែក នៅលើ​ទំព័រហ្វេសប៊ុក​​ផ្លូវការ​របស់​លោក​កែម ឡី បាន​បន្សល់ទុក​នូវ​អត្ថបទ​វិភាគ​ជាច្រើន ហើយ​អត្ថបទ​ចុងក្រោយ​របស់​លោក​មាន​ចំណងជើង​ថា សួនសត្វ​សាហាវ​។ អត្ថបទ​នេះ​មាន​អត្ថន័យ​ដូចតទៅ​៖

​រឿង​កំប្លែង​ទី​១៩ សួនសត្វ​សាហាវ​

​នៅ​ក្នុង​សួន​មួយ​ឈ្មោះថា​សួន​នយោបាយ​សត្វ មាន​សត្វ​ចម្រុះ​ដែល​រស់​នៅ​លាយឡំ​គ្នា រួមទាំង សត្វ​តោ ខ្លា គោ ក្របី សេះ មាន់ ទា ចាប លលក និង​សត្វ​ជាច្រើន​ទៀត ។​
​នៅ​ជ្រុង​មួយ​នៃ​សួន មាន​ដើមឈើ​ជាច្រើន​ដែល​មាន​ផ្លែ​ច្រើន និង មាន​ចំណី​ជាច្រើន​ក្រៃ​លេង​នៅ​ទីនោះ តែ​កន្លែង​ផ្សេងៗ​ទៀត​មិន​សូវ​មាន​អាហារ​ហូប​ទេ ។​
​សត្វ​សាហាវៗ​ដូចជា ពស់​វែក ខ្លា តោ ។​ល​។ បាន​ជួបជុំគ្នា និង រក​ល្បិច​បំភ័យ សម្លុត គំរាម​សត្វ​ទាំងឡាយ​នៅក្នុង​សួន​ជាមួយគ្នា​កុំឲ្យ​ទៅ​ទីនោះ ព្រោះ​បារម្ភ​សត្វ​ដទៃ​នាំគ្នា​ទៅ​ទីនោះ​ច្រើន​កុះករ​ដែល​បណ្តាលឲ្យ​អស់ចំណី ។​

​ក្រោយ​ពី​ប្រជុំគ្នា​រួច សត្វ​ខ្លា​បានប្រកាសថា ពពួកសត្វ​ទាំងឡាយ​អើយ កុំទៅ​ជ្រុង​មួយ​នៃ​សួនឲ្យ​សោះ​ព្រោះ​មាន​បីសាច​សាហាវ និង​តែងតែ​សុ​ី​យើង​ទាំង​រស់ ។ ចំណែក​សត្វ​តោ​បានប្រកាសថា នៅ​ទីនោះ​មាន​ទ្រុង​ពួក​ព្រាន​ដែល​តែងតែ​ចាប់​យើង​យក​ធ្វើជា​ម្ហូបអាហារ និង​មិន​ងាយ​រួចខ្លួន​ទេ ។ លើសពីនេះ សត្វ​ពស់វែក​បាន​បញ្ចេញ យោបល់​ថា ជ្រុង​នោះ​ជា​ជ្រុង​មាន​ជ្រោះ​សែន​ជ្រៅ​ដែល​អាច​ឲ្យ​យើង​ធ្លាក់ចូល​ដោយ​ពុំ​ដឹងខ្លួន រហូត​ស្លាប់​គ្មាន​ថ្ងៃ​កើត​មក​វិញ​ទេ ។​

​ពពួកសត្វ​ជាពិសេស​សត្វ​ស្លូតៗ សត្វ​ល្អៗ និង​សត្វស្រុក​ដែល​មាន​ប្រយោជន៍​ដល់​សង្គម បាន​ឭ​ដំណឹង​ដូចនេះ ក៏​ចាប់ផ្តើម​ភ័យខ្លាច និង​មិន​ហ៊ាន​ទៅ​ទីនោះ​ទេ និង​ថែម​ទាំង​បាន​ព្យាយាម​រស់ នៅ និង​សម្ងំ​ក្នុងព្រៃ​ធម្មតា ។​

​សត្វ​មាន់​បាន​ឆ្លើយថា សុខចិត្ត​រស់នៅ​ក្នុង​ព្រៃ​តូច​មួយ​ដែល​មាន​សេរីភាព ប្រសើរ​ជាង​រស់នៅ​ក្នុង​ព្រៃធំ​សម្បូរ​ដោយ​សត្វ​ខ្លា និង​សត្វ​សាហាវ​នានា ។​

​មាន​សត្វ​ស្លូតៗ​ដូចជា គោ សេះ ពពែ សាកល្បង​ទៅ​ទីនោះ តែ​ត្រូវ​សត្វ​សាហាវ​លួច​ខាំ​សុ​ី​ដោយ​គ្មាន​មេត្តា ដែល​បន្សល់​នូវ​ព័ត៌មាន​ប្រកបដោយ​ការភ័យខ្លាច ។ សម្លាប់​មួយ​បន្លាច​មួយ​ពាន់ ។ ដោយ​ស្ថានភាព​បែប​នោះ ធ្វើឲ្យ​សត្វ​នានា​ដែល​ជា​សត្វ​មានគុណ​តម្លៃ​ខ្ពស់​មិន​ហ៊ាន​ទៅ​ទីនោះ​រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

​សត្វ​គោ​បាន​ស្រែកថា សុខចិត្ត​នៅ​បម្រើ​មនុស្ស​ស្លូតៗ ប្រសើរ​ជាង​ទៅ​ទីនោះ​ដែល​មាន​វាសនា​អាក្រក់ បើ​មិន​ជាប់​ទ្រុង ឬ​រត់ចោល​ទ្រុង ក៏​ត្រូវ​សត្វ​សាហាវ​សម្លាប់​ដែរ ។​
​រីឯ​សត្វ​សាហាវៗ ដូចជា ខ្លា តោ ពស់ ។​ល​។ បាននាំគ្នា​ទៅ​ទីនោះ និង​ទទួលបាន​ចំណី​ឆ្ងាញ់ៗ ព្រមទាំង​ព្យាយាម​កាន់កាប់ គ្រប់គ្រង​តំបន់​នោះ​ទៅ​តាម​កម្លាំង និង​សមត្ថភាព ។​
​តោ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​បាន​ប្រាប់​ពួក​សត្វ​សាហាវ​ថា យើង​ខ្លាំងជាងគេ ត្រូវ​គ្រប់គ្រង​សួន​នេះ​ទាំងមូល និង​តំបន់​មាន​ចំណី​ច្រើន យើង​គ្រប់គ្រង​ទាំងស្រុង បើ​អ្នក​ចង់​បាន​ចំណី ចាំ​យើង​ចែក​ឲ្យ​សុ​ី ។​

​មួយ​ឆ្នាំ​ក្រោយមក តោ​នោះ​ចាស់ បញ្ជា​លែងមាន​អ្នក​ស្តាប់ សត្វ​ខ្លា​បាន​ឡើង​កាន់កាប់​ម្តង និង​ចេញ​បទបញ្ជា​ដោយ​ខ្លួនឯង​ថា មិនអាច​នរណា​មក​បំផ្លាញ​យើង​បានទេ ។ ករណី​សត្វ​ណា​ព្យាយាម​ប្រឆាំង​យើង ត្រូវ​តែ​ចាប់ ចោទ ឃុំ និង សម្លាប់ ។​

​ក្រោយ​ពី​សត្វ​ខ្លា​អស់​ចង្កូម​មក សត្វ​ពស់វែក​រឹតតែ​សាហាវ​បាន​មក​កាន់កាប់ និង​គ្រប់គ្រង​សួន​នេះ​ម្តង ។ ជា​បន្តបន្ទាប់​មក សួន​នេះ ត្រូវបាន​គ្រប់គ្រង និង ត្រួតត្រា​ដោយ​សត្វ​សាហាវៗ​មិនចេះចប់ ។​
​សត្វ​ស្លូតៗ​ដែល​ទទួលរង​ការកាប់សម្លាប់​ឥតឈប់ឈរ​បាន​ប្រជុំ​គ្នា​និង​លើកឡើង​ថា បងប្អូន​យើង​ស្លាប់​អស់​ច្រើនណាស់ ករណី​ដែល​សត្វ​ល្អៗ សត្វ​ស្លូតៗ សត្វ​ដែល​មាន​ប្រយោជន៏​ដូច​ពួក​យើង​នេះ​មិន​រួមគ្នា មិន​ហ៊ាន​ប្រឈម និង​មិន​ចូលរួម​ប្រកួតប្រជែង​នៅ​តំបន់​នោះទេ និង នាំ​គ្នា​ចេះ​តែ​ភ័យខ្លាច​ដូច​សព្វថ្ងៃនេះ ចំណី​ទាំងឡាយ ភាពភ័យខ្លាច ភាព​ខ្វល់ខ្វាយ បញ្ហា​ទាំងឡាយ នៅតែ​គ្រប់គ្រង ត្រួតត្រា និង ចាត់ចែង​ដោយ​ពពួកសត្វ​សាហាវ​ទាំងនោះ​ជា​រៀងរហូត ។​

​មនុស្ស​មាន​ប្រាជ្ញា បាន​រៀនសូត្រ​ច្រើន និង​មាន​ការគិត​សុីជម្រៅ មិន​ត្រូវ​ដឹកនាំ​បែប​សាច់រឿង​ខាងលើ​ឡើយ ។​

​រង្វង់​នៃ​សួនសត្វ​សាហាវ cycle of Animal Farm

(ដោយ៖ អឿន ភារ៉ា)

 ពាក្យគន្លឹះ  ​​លោក​​កែម ឡី​​

ព័ត៌មានផ្សេងទៀត