រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ពី​ជំហរ​ជាថ្មី​ម្តងទៀត​លើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

09-07-2016 4:28 pm 3679

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​ពី​ជំហរ​ជា​ថ្មី របស់​រដ្ឋាភិបាល​កម្ពុ​ជា ទាក់ទង​នឹង​សេចក្តីសម្រេច​ណាមួយ របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ ក្រុងឡាអេ លើ​បញ្ហា​បណ្តឹង​រវាង​ហ្វីលីពីន និង​ចិន ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នឹង​ប្រកាស សាលដីកា នៅ​ថ្ងៃ​ទី​១២ កក្កដា ខាងមុខ​។

​ក្រសួងការបរទេស បាន​ចេញ​សេចក្តីប្រកាស នៅ​ថ្ងៃ​ទី​០៩ កក្កដា​នេះ ដោយ​បាន​បញ្ជាក់ថា កម្ពុជា​នឹង​មិន​ចូលរួម ក្នុង​ការបញ្ចេញ​ជំហរ​រួម​ណាមួយ​ចំពោះ សាលដីកា​របស់​តុលាការ​អន្តរជាតិ លើ​វិវាទ​រវាង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន​នោះ​ទេ​។​

​ខ្លឹមសារ នៃ​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា​៖ ទី​១៖ កម្ពុជា​យល់ឃើញថា បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន គឺ​ដើម្បី​សុំឲ្យ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ  ដោះស្រាយ​ជំលោះ​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន ហើយ​ដំណើរការ​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​ទាំងអស់​ជា​សមាជិក ASEAN ឡើយ​។​ ទី​២៖ ដោយហេតុនេះ កម្ពុជា​នឹង​មិន​ចូលរួម​ក្នុង​ការបញ្ចេញ​ជំហរ​រួម​ណាមួយ​ចំពោះ​សាលដីកា តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ ដែល​នឹង​ធ្វើ​ការសម្រេច​លើ​វិវាទ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន​នោះ​ឡើយ​។ ទី​៣៖ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​មិត្ត​របស់​ភាគី​ជំលោះ​ទាំងសង្ខាង និង​ក្នុង​គោលបំណង​រក្សា​សន្តិភាព សន្តិសុខ ស្ថេរភាព នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ដើម្បី​រក្សា​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​តំបន់​ទាំងមូល ដែល​បានមកពី​ទំនាក់ទំនង​សហប្រតិបត្តិការ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ល្អប្រសើ​រវាង ASEAN និង​ចិន​នោះ កម្ពុជា​សូម​អំពាវនាវ ដល់​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន បន្ត​ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​ដោយ​សន្តិវិធី​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ នូវ​ជំហរ​របស់​កម្ពុជា​២​លើក​រួចមកហើយ ដោយ​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ដំណើរ​ខាងលើ​នេះ​ឡើយ​។​

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ជា​ជម្លោះ​រវាង​អាស៊ាន និង​ចិន​ផ្ទាល់​ទេ តែ​ជា​ជម្លោះ​រវាង​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ប៉ុណ្ណោះ ពិសេស​វៀតណាម ហ្វីលីពីន ។ ដូច្នេះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​«​អាស៊ាន​» ឡើយ ដោយ​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា  គ្មាន​ហេតុផល​ណាមួយ ដែល​កម្ពុជា​ត្រូវ​ប្រឈមមុខ​ផ្ទាល់​ទល់​នឹង​ចិន​ទេ​។​

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖

​សូមបញ្ជាក់​ថា ប្រទេស​ហ្វីលីពីន បានសម្រេច​ប្តឹង​ចិន ទៅ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​នៅក្នុង​ទី​ក្រុងឡាអេ ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំប្រទល់ សមុទ្រ​ជាមួយនឹង​ប្រទេស​ចិន​។ ការប្តឹង​របស់​ហ្វីលីពីន​នេះ  បាន​ការគាំទ្រ​ច្រើន​ពី​អាមេរិក និង​អឺរ៉ុប រួម​ទាំង​ក្រុម​ប្រទេស នៅក្នុង​តំបន់​«​អាស៊ាន​» មួយចំនួនទៀត ដែល​ចាត់ទុកថា ខ្លួន​អាច​រង​ប៉ះពាល់ ដោយសារ​គម្រោង​សង់​កោះ​សិប្បនិម្មិត របស់​ចិន​នៅ ប្រជុំ​កោះ Spratleys ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ។

កន្លងមក ចិន ធ្លាប់​បាន​បដិសេធ​មិន​ទទួលស្គាល់​អំណាច និង​មិន​ទៅ​ចូលរួម​ក្នុង​សវន​ការ​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ នៅ​ទីក្រុង​ឡាអេ​នេះ​ទេ ដោយ​ចិន​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​តាម​ការចរចា​ទ្វេភាគី ជាមួយ ហ្វីលីពីន គឺ​មិន​ចាំបាច់​អន្តរាគមន៍​ពី​ភាគ​ខាងក្រៅ​ទេ​។​

​ដោយឡែក សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​វិញ ធ្លាប់​រង​ការចោទប្រកាន់​ពី​ការងា​ក​ទៅរក​ប្រទេស​ចិន ចាប់តាំងពី​ប្រទេស​កម្ពុជា ខកខាន​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍ ផ្លូវ​ការរួម នៅពេល​ដែល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​លើ​ក​ទី​ពីរ នៅក្នុង​ឆ្នាំ​២០១២​។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា ការចេញ​សេចក្តីថ្លែងការណ៍ មិន​រួច មិនមែនជា​កំហុស​របស់​កម្ពុជា​ទេ គឺ​ដោយសារតែ​មាន​ប្រទេស​មួយចំនួន ធ្វើបាប​កម្ពុជា ហើយ​កម្ពុជា  មិនមែន​ជា​អាយ៉ង ប្រទេស​ណាមួយ​នោះ​ដែរ​…

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖

​យ៉ាងណាក្តី ការសម្រេច​របស់​កម្ពុ​ជា​ក្នុង​ការ​មិន​ចូលរួម ចេញ​សេចក្តី​ថ្លែង ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ត្រូវបាន​អ្នកជំនាញ​មួយចំនួន​យល់ថា ជា​រឿង​ត្រឹមត្រូវ បើ​យើង​គិត​ប្រយោជន៍​ជាតិ ។ អ្នកជំនាញ​អះអាងថា ក្នុង​ឆាក​អន្តរជាតិ កម្ពុជា​ត្រូវការ​ចិន​និង​រុស្ស៊ី ជា​បង្អែក​។ ចំណែក អាមេរិក និង​បស្ចឹម​ប្រទេស​ផ្សេង​ទៀត តែង​ធ្វើឲ្យ​កម្ពុជា​រងារ​។​

​បើ​តាម​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយរូប បាន​អះអាង​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទ្វេ​គ្រោះ​ចំពោះ​បញ្ហា​នេះ​។ បើ​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍​នេះ អាច​មាន​ប្រយោជន៍​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​រវាង​កម្ពុ​ជា និង​វៀតណាម នៅពេល​ខាងមុខ នៅពេល​ដែល​ភាគី​ទាំងពីរ រក​ដំណោះស្រាយ​មិនបាន ដែល​ត្រូវ​យក​បញ្ហា​ទៅ​តុលាការ​។ ប៉ុ​នែ្ត ចិន​នឹង​មិន​សប្បាយចិត្ត នៅពេល​ដែល​កម្ពុជា​ចេញ​សេចក្តីថ្លែងការណ៍ ហើយ​វា​អាច​ប៉ះពាល់​ដល់​កម្ពុជា ព្រោះ​ចិន​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ដដែល បានបញ្ជាក់​ថា នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ត្រូវការ​ចិន​ជាង​ចិន​ត្រូវការ​កម្ពុជា ព្រោះ​វា​ជា​ហេតុផល​នយោបាយ ការ​បរទេស​ផង និង​នយោបាយ​ផ្ទៃក្នុង​ផង​។​ប៉ុ​នែ្ត បើ​កម្ពុជា​មិន​ចេញ​សេចក្តី​ថ្លែរណ៍​គាំទ្រ សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ ចិន​នឹង​សប្បាយចិត្ត ហើយ​ចិន​នឹង​ផ្តល់​ជំនួយ​កាន់​ច្រើន​ឲ្យ​កម្ពុជា តែ​កម្ពុជា​អាច​នឹង​ជួប​បញ្ហា នៅខាងមុខ នៅពេល​ដែល​កម្ពុជា នឹង​នាំ​យក​បញ្ហា​ព្រំដែន​សមុទ្រ​ទៅ​តុលាការ​អន្តរជាតិ​។​

​យ៉ាងណាមិញ អ្នកជំនាញ​បានផ្តល់ ដំណោះស្រាយ​ថា កម្ពុជា​គួរ​រក្សា​ស្ងប់ស្ងៀម ដោយ​គ្រាន់តែ​ជំរុញ​ឲ្យចេញ​នូវ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ហៅថា (COC) រវាង​អាស៊ាន​-​ចិន​និង​ប្រទេស​ពាក់ព័ន្ធ​ត្រូវដោះស្រាយ ដោយ​ជជែក​ពិភាក្សា​គ្នា​បាន​ហើយ​៕​ដោយៈ​សៅ វិសាល​

 


 ពាក្យគន្លឹះ  សមុទ្រ​ចិន​ខាងត្បូង

ព័ត៌មានផ្សេងទៀត