កូរ៉េខាងត្បូង​៖​​កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​​ចេញពី​នាវាមុជទឹក​​នៅ​ថ្ងៃ​ទី​០៩​​កក្កដា​នេះ​

09-07-2016 11:39 am 3252
មីស៊ីល​ដែលកូរ៉េខាងជើង​បាញ់ចេញពី​នាវាមុជទឹក​កន្លងមក

​តាម​ការបញ្ជាក់​ពី​កូរ៉េខាងត្បូង​បានឲ្យដឹងថា នៅ​ថ្ងៃ​០៩​កក្កដា​នេះ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ចេញពី​នាវាមុជទឹក​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​។​មី​ស៊ី​ល​បាន​បាញ់​ចេញពី​ក្នុង​ទឹក​នៅ​ម៉ោង​ប្រមាណ​១១.៣០​នាទី​ព្រឹក​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​យោធា​។​កូរ៉េខាងត្បូង​កំពុង​វិភាគ​មើល ថា​តើ​ការ​ធ្វើ​តេស្ដ​នេះ​ជោគជ័យ​ឬ​ក៏​បរាជ័យ​។​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល ធ្វើឡើង​ក្នុង​រយៈពេល​តិច​ជាង​បី​ខែ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​បរាជ័យ​មី​ស៊ី​ល​SLBM​។​


​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង​នៅពេលនេះ ក៏​បន្ទាប់ពី​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​លើ​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ការពារ​ការគំរាមកំហែង​ផ្នែក​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​ម្យ៉ាងវិញទៀត​កាលពីដើម​សប្ដាហ៍​នេះ អាមេរិក​បាន​បញ្ចូល​ឈ្មោះ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ចូល​ក្នុង​បញ្ជីខ្មៅ ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​។​


​ក្រោយ​ការប្រកាស​របស់​អាមេរិក កូរ៉េខាងជើង​ខឹង​យ៉ាង​ខ្លាំង​និង​បាន​ព្រមាន​ឲ្យ​អាមេរិក​ដោះស្រាយ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​អាមេរិក​ត្រូវតែ​ប្រយ័ត្ន​ខ្លួន​។​កូរ៉េខាងជើង​ថា​អាមេរិក​ពិតជា​ក្លាហាន​មែន ហ៊ាន​យក​កិត្ដិយស​មេដឹកនាំ​របស់​គេ​មក​លេងសើច​។​ទង្វើ​នេះ​អាក្រក់​បំផុត ហើយ​ចង់​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់​ទៅលើ​លោក​គីម ជុង​អ៊ុន​។​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​គីម ជុង​អ៊ុន ដូចជា​ការប្រកាសសង្គ្រាម​នឹង​កូរ៉េខាងជើង​អ៊ីចឹង​ដែរ​។​


​យ៉ាងណាមិញ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​០៩​កក្កដា​នេះ គេ​មិន​ទាន់​ដឹង​ថា​កូរ៉េ​ខាងជើង​ចង់​ឆ្លើយតប​នឹង​អាមេរិក​ជាមួយ​កូរ៉េ​ខាងត្បូង​ឬ​យ៉ាងណា​ទេ ព្រោះ​កូរ៉េខាងជើង​មិន​បាន​និយាយ​អ្វី​ទាំងអស់ ក្រៅ​តែ​ពី​សកម្មភាព​ធ្វើតេស្ដ​មី​ស៊ី​ល​៕

ព័ត៌មានផ្សេងទៀត