ចិន​៖​​កុំ​សង្ឃឹមថា​អាច​​បង្ខំ​ឲ្យ​ចិន​​ទទួលយក​​ការសម្រេច​​របស់​តុលាការ​​រឿង​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង​

09-07-2016 10:05 am 2571
នាវារបស់ចិន​កំពុងធ្វើដំណើរ​​ក្នុងសមុទ្រ​ចិនខាងត្បូង

​ប្រទេស​ចិន​កាលពី​ថ្ងៃ​០៨​កក្កដា​បាន​ច្រានចោល​ការស្នើសុំ​របស់​អា​មេរិក ឲ្យ​ចិន​ទទួលយក​ការសម្រេចចិត្ដ​ណាមួយ​របស់​តុលាការ​អាជ្ញាក​ណ្ដា​លអ​ន្ដ​រ​ជាតិ​ក្នុង​ទី​ក្រុងឡាអេ ដែល​នឹង​ប្រកាស​សេចក្ដីសម្រេច​ទាក់ទង​នឹង​បណ្ដឹង​ហ្វីលីពីន​ប្ដឹង​ទៅ​ចិន រឿង​ដែនសមុទ្រ​ចិន​ខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ​។​តុលាការ​អាជ្ញាកណ្ដាល​អន្ដរជាតិ​បាន​កំណត់​កាលបរិច្ឆេទ​ប្រកាស​សេចក្ដីសម្រេច​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​ជា​មួយ​ហ្វីលីពីន​។​


​ដោយសារ​ពេលវេលា​ខិត​កាន់តែ​ជិត ទើប​អាមេរិក​ស្នើ​ឲ្យ​ចិន​ទទួលយក​សេចក្ដីសម្រេច​របស់​តុលាការ ព្រោះ​កន្លងមក​ចិន​បាន​ប្រកែក​នឹង​បណ្ដឹង​របស់​ហ្វីលីពីន​ទាក់ទង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​តែ​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Hong Lei​បាន​និយាយថា ជា​ការ​យល់​ខុស​ហើយ​ដែល​រំពឹង​ថា​អាច​បង្ខំ​ចិន​ឲ្យទទួល​យក​ការសម្រេច​ចិត្ដតាមរ​យៈ​វិធីសាស្ដ្រ​ការទូត​និង​របៀប​ផ្សេងៗ​ទៀត​។​


​លោក​Hong​ឲ្យដឹងទៀតថា ការ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​នេះ បាន​ផ្ដួចផ្ដើម​ឡើង​ជា​ឯកតោភាគី​ពី​អតីត​រដ្ឋាភិបាល​ហ្វីលីពីន​របស់លោក​Aquino និង​បាន​បំប្លែង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) ធ្វើឲ្យមាន​បញ្ហា​ប្រឈម​នឹង​ច្បាប់​អន្ដរជាតិ​ស្ដីពី​សេចក្ដីថ្លៃថ្នូរ និង​ធ្វើឲ្យ​នីតិរដ្ឋ​ពិតប្រាកដ​ត្រូវ​ធ្លាក់ចុះ​។​ដូច្នេះ​ចិន​មិន​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ខ្លួន​ឡើយ​។​


​ចិន​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) និង​បាន​ចូលរួម​ធ្វើការ​ជាមួយ​ក្រុម​ការងារ​ផង ចំណែក​អាមេរិក​វិញ​មិនមែន​ជា​សមាជិក​ទេ ដោយសារ​អាមេរិក​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា​នេះ​។​មាន​ប្រទេស​នៅ​អាហ្វ្រិក​ជាង​៣០​បាន​គាំទ្រ​ជំហរ​របស់​ចិន ហើយ​បច្ចុប្បន្ន​យ៉ាងតិចណាស់​ក៏មាន​៦០​ប្រទេស​ដែរ​ប្រកាស​ជា​សាធារណៈ​គាំទ្រ​ចិន​។​ហេតុ​នេះ​មិន​ថា​តុលាការ​អាជ្ញាកណ្ដាល​ឬ​នរណា​ក៏​ដោយ មិន​អាច​មាន​ឥទ្ធិពល​អ្វី​លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​បានឡើយ​។​នេះ​ជាការ​បញ្ជាក់បន្ថែម​របស់លោក​Hong Lei​។​


​យ៉ាងណាមិញ​មន្ដ្រីជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ច​កោណ​អាមេរិក​ទទួលខុសត្រូវ​នៅ​តំបន់​អាស៊ី​ខាងកើត បាន​និយាយថា​អាមេរិក​សង្ឃឹម​ទាំង​ចិន​និង​ហ្វីលីពីន​អាច​អនុវត្ដ​តាម​សេចក្ដីសម្រេច​របស់​តុលាការ​៕

ព័ត៌មានផ្សេងទៀត