ចិន​ឲ្យ​អាមេរិក​និង​កូរ៉េខាងត្បូង​​បញ្ឈប់​ផែនការ​​ដំឡើង​​ប្រព័ន្ធ​​ការពារ​មី​ស៊ី​ល​​ជាបន្ទាន់​

09-07-2016 9:11 am 1855
ប្រព័ន្ធ​ការពារមីស៊ីល​ប្រភេទ​THAADរបស់អាមេរិក

​បន្ទាប់​ពី​មាន​ការឯកភាព​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​អាមេរិក ដោយ​ព្រមឲ្យ​អាមេរិក​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​THAAD​នៅលើ​ទឹកដី​កូរ៉េខាងត្បូង ព័ត៌មាន​នេះ​បាន​ធ្វើឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង​។​ចិន​មិន​ដែល​សប្បាយចិត្ដ​ឡើយ​ចំពោះ​ផែនការ​បែប​នេះ ដោយ​លើក​ហេតុផល​ថា ធ្វើឲ្យប៉ះពាល់​ដល់​ស្ថេរភា​ពនៅ​ឧបទ្វីប​កូរ៉េ និង​អាច​ប៉ះពាល់​ដល់​ចិន​ផង​។​


​ក្រសួងការបរទេស​ចិន​បានចេញ​សេចក្ដីថ្លែងការណ៍​ជំទាស់​ភ្លាមៗ និង​បង្ហាញ​ពី​ការមិនពេញចិត្ដ ចំពោះ​គ្រោងការ​របស់​កូរ៉េ​ខាងត្បូង​និង​អាមេរិក​។​ក្រសួង​ថា​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល មិនមែន​ជា​សកម្មភាព​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ ឬក៏​ថែ​ទាំ​សន្ដិភាព ស្ថេរភាព​ទេ​។​ផ្ទុយទៅវិញ​ប៉ះពាល់​ដល់​ការទប់ស្កាត់​ភាព​តានតឹង បំផ្លាញ​ប្រយោជន៍​សន្ដិសុខ​ប្រទេស​ក្នុង​តំបន់​រួម​ទាំង​ប្រទេស​ចិន​ផង និង​បំផ្លាញ​ដល់​យុទ្ធសាស្ដ្រ​តុល្យភាព​ទៅ​វិញ​ទេ​។​


​ចិន​បាន​ជំរុញ​ឲ្យ​អាមេរិកនិង​កូរ៉េខាងត្បូង​ត្រូវ​ផ្អាក​ជា​បន្ទាន់ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​របស់​អាមេរិក នៅលើ​ទឹកដី​កូរ៉េខាងត្បូង ហើយ​មិន​ត្រូវ​ធ្វើ​ទង្វើ​ណាមួយ​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​រឹតតែ​ស្មុគស្មាញ​ទៀត​ទេ និង​រឹតតែ​មិន​ត្រូវ​បំផ្លាញ​ផលប្រយោជន៍​ចិន​។​ចំពោះ​ក្រសួង​ការពារ​ជាតិចិន​បាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​០៨​កក្កដា​ថា នឹង​តាមដាន​យ៉ាង​ខ្ជាប់ខ្ជួន​ទៅលើ​ការផ្លាស់ប្ដូរ​របស់​អាមេរិក​និង​កូរ៉េខាងត្បូង ហើយ​បើ​ចាំបាច់​ចិន​នឹង​ចាន់​វិធានការ​ជាបន្ទាន់ តាម​យុទ្ធសាស្ដ្រ​សន្ដិសុខ​និង​យុទ្ធសាស្ដ្រ​តុល្យភាព​ក្នុង​តំបន់​។​


​ជា​ការកត់សម្គាល់ ក្រៅ​ពី​ចិន កូរ៉េ​ខាងជើង​ក៏​មិន​ពេញចិត្ដ​ចំពោះ​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធការពារ​​មី​ស៊ី​ល​​របស់​អាមេរិក​​​នៅ​​កូរ៉េខាងត្បូង​ដែរ​។​កូរ៉េខាងជើង​ថា​នេះ​ជា​ការ​បង្កហេតុ និង​ធ្វើ​ឡើង​ក្នុងន័យ​ផ្សេង​។​ជា​ញយ​ដង​កូរ៉េខាងជើង​តែង​ប្រឆាំង​នឹង​កិច្ចសហប្រតិបត្ដិកា​ររ​វាង​អាមេរិក​និង​កូរ៉េខាងត្បូង​។​ជាក់ស្ដែង​មាន​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាដើម ដោយ​កូរ៉េ​ខាងជើង​ចោទ​ថា​រៀបចំ​ផែន​ការឈា្លន​ពានខ្លួន​៕

ព័ត៌មានផ្សេងទៀត