ចិន​៖​​កុំ​ខ្លាំង​ដៃ​ពេក​​អាមេរិក​​គួរ​បញ្ឈប់​​ទង្វើ​បំពាន​ចិន​​ក្នុង​សមុទ្រ​ចិន​​ខាងត្បូង​ទៅ​

07-07-2016 11:21 am 2282
កោះដែលចិន​បានសាងសង់​ក្នុងសមុទ្រចិន​ខាងត្បូង

​និយាយ​ដោយ​គ្មាន​លាក់លៀម​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក លោក​រដ្ឋមន្ដ្រី​កាបរទេស​ចិន​បាន​ប្រាប់​ទៅ​លោក​ច​ន ឃើ​រីថា អាមេរិក​គួរ​បញ្ឈប់​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត​ទៅ​។​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​០៦​កក្កដា លោក​វ៉ាង យី​បាន​ថ្លែង​ទៅ​កាន់​លោក​ឃើ​រី ដោយ​ជំរុញ​ឲ្យ​អាមេរិក​ប្រកាន់ពាក្យ​សន្យាថា មិន​ចូល​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ចិន​សង្ឃឹមថា អាមេរិក​អាចធ្វើ​សកម្មភាព​គោរព​តាម​ការនិយាយ ហើយ​មិន​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ដែនដី​និង​ផលប្រយោជន៍​សន្ដិសុខ​ចិន​ឡើយ​។​


​ពាក្យសម្ដី​តានតឹង​បែប​នេះ​កើតឡើង​នៅ​មុនពេល​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្នុង​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ចេញ​សេចក្ដីសម្រេច​នៅ​ថ្ងៃ​ទី​១២​កក្កដា ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​បាន​ប្ដឹង​ចិន​។​ពាក្យបណ្ដឹង​របស់​ហ្វីលីពីន ចិន​បាន​ច្រាន​ចោល​ម្ដង​ជា​ពីរ​ដង ហើយ​និយាយ​ថា​តុលាការ​គ្មាន​ដែន​សមត្ថកិច្ច​លើ​បញ្ហា​នេះ​ទេ​។​


​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​ដែន​កំពុង​ធ្វើឲ្យ​ចិន​ត្រូវរង​សម្ពាធ​ពី​ប្រទេស​ពាក់ព័​ន្ធ​ដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ តៃវ៉ាន់ ដោយ​ចោទ​ចិន​ថា​បំពាន​លើ​ដែន​អធិបតេយ្យ​របស់គេ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ប្រទេស​មាន​បញ្ហា​ជាមួយ​ចិន​ខ្លាំងជាងគេ​គឺ​ហ្វីលីពីន​និង​វៀតណាម ដោយ​ម្ខាងៗ​ចង់​កាន់កាប់​អ្វី​ធ្លាប់​អះអាង​រៀងៗ​ខ្លួន​។​បើ​ចិន​វិញ​ថា​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​គេ​។​ប៉ុន្ដែ​អំណះអំណាង​ត្រូវបាន​បដិសេធ​។​


​ដំណោះស្រាយ​កាន់តែ​រួម​តូច​រីឯ​ជម្លោះ​រីក​កាន់តែ​ធំ ធ្វើឲ្យ​ប្រទេស​ពាក់ព័ន្ធ​នៅ​បន្ដ​ប្រឈមមុខ​គ្នា​រហូត​ដល់​បច្ចុប្បន្ន​។​ចំណែក​អាមេរិក​បាន​លូក​ដៃ​ក្នុង​បញ្ហា​នេះ ហើយ​បាន​បញ្ជូន​នាវាចម្បាំង​និង​យន្ដហោះ​ស៊ើបការណ៍​ដើម្បី​តា​មដាន​ឲ្យ​ច្បាស់​ថា ចិន​ពិតជា​បាន​រំលោភ​លើ​ដែន​អន្ដរជាតិ​ឬ​យ៉ាងណា​។​អាមេរិក​បញ្ជាក់ថា ទង្វើ​ខ្លួន​ធ្វើ​គ្រាន់​ចង់​រក្សា​សន្ដិសុខ សន្ដិភាព និង​ស្ថេរភាព​ក្នុង​តំបន់​ទេ ហើយ​អាមេរិក​ក៏​មិន​បាន​ឆ្លង​ចូល​ដែន​កម្មសិទ្ធិ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ គ្រាន់តែ​ធ្វើ​ដំណើរ​ក្នុង​ដែន​អន្ដរជាតិ​ប៉ុណ្ណោះ​។​ប៉ុន្ដែ​ចិន​បាន​ចោទ​អាមេរិក​ថា ឈ្លានពាន​ចូល​ដែន​របស់គេ ហើយ​ថា​អាមេរិក​ធ្វើបែបនេះ ដូច​កំពុង​លូកដៃ​មក​ជំពាក់ជំពិន​នឹង​ជម្លោះ​ទាំង​ខ្លួន​ជា​អ្នក​ដទៃ​សុទ្ធសាធ​៕

ព័ត៌មានផ្សេងទៀត