សាលា​រាជធានី​ភ្នំពេញ​​មិន​អនុញ្ញាត​ឲ្យ​លោក​​ម៉ម សូណង់ដូ​​ធ្វើបាតុកម្ម​​ឡើយ​​

07-07-2016 8:53 am 2722

​កាលពី​ព្រឹក​ថ្ងៃទី​៦​កក្កដា លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ចូលរួម​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ពិភាក្សា​ស្តីពី​សំណើសុំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​០៩​កក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដក​ពាក្យបណ្តឹង និង​ការចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​រូប និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​ចំនួន ១​រូប ដែល​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

 

​លោក​មាន ចាន់​យ៉ាដា នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​នៅក្នុង​កំណត់ហេតុ​ប្រជុំ​ថា ចំពោះ​សំណើ​ធ្វើ​បាត​កម្ម​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំ​អនុញ្ញាត​ជូន​ឡើយ ដោយហេតុ​ថា យោងតាម​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា របស់​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​រក្សា​សន្តិសុខ និង​សុវត្ថិភាព ព្រមទាំង​សណ្តាប់ធ្នាប់​សាធារណៈ​។ ហើយ​ម្យ៉ាងទៀត កន្លងមក​មាន​តំណាង​គណបក្ស​នយោបាយ និង​តំណាង​ប្រជាពលរដ្ឋ សកម្មជន​ដីធ្លី បាន​ស្នើសុំ​ធ្វើ​បាតុកម្ម​ដែរ ហើយ​ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ជូន​ដែរ តែ​អនុញ្ញាត​ឲ្យ​ចាត់​តំណាង​ដាក់​ញ្ញត្តិ​ទៅ​ប្រគល់​ជូន​ស្ថាប័ន​ដែល​ពួកគាត់ ចង់​សុំ​អន្តរាគមន៍​។

 

​លោក​ម៉ម សូណង់ដូ ថ្លែង​បញ្ជាក់ថា ចំពោះ​ការស្នើសុំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​៩​កក្កដា គឺ​មាន​បំណង​ល្អ​ទេ តែ​បើ​អាជ្ញាធរ​មិន​អនុញ្ញាត លោក​ក៏​មិន​ដឹកនាំ​ធ្វើបាតុកម្ម​ដែរ ប៉ុន្តែ​ជា​ជំហរ​របស់​លោក​នៅ​តែ​រក្សា​ដដែល​។ ហើយ​ចំពោះ​រឿង​ពាក់អាវ​សរ ខ្មៅ ឬ​ក្រហម ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​រូបនេះ អះអាង​ថា​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ឡើយ​។​

សំឡេង​លោក​ម៉ម សូណង់ដូ​៖

 

​សូមជម្រាបថា លោក​ម៉ម សូណង់ដូ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា បាន​ដាក់​លិខិត​ជូន​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ធ្វើ​បាតុកម្មអហិង្សា នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២០០​នាក់ ដើម្បី​សំណូមពរ​ឲ្យ​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​​ដក​ពាក្យបណ្តឹង និង​ការចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​៤​រូប គឺ​លោកស្រី​លឹម មុន្នី លោក​ណៃ វ៉ង់​ដា លោក​យី សុខសាន្ត លោក​នី សុខា និង​អគ្គលេខាធិការរង​គ​.​ជ​.​ប ចំនួន​មួយ​រូប គឺ​លោក​នី ចរិយា​។​

 

យ៉ាងណា ក្រោយ​ពិភាក្សាគ្នា​រួចមក សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតឲ្យ​លោក​ម៉ម សូណង់ដូ ដឹកនាំ​បាតុកម្ម​នៅ​ចុង​សប្តាហ៍​នេះឡើយ​។ ហើយ​សាលា​រាជធានី ព្រមាន​ថា ក្នុងករណី​នៅតែ​មាន​ការជួបជុំ​ធ្វើបាតុកម្ម ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​នោះ សាលា​រាជធានី​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ហើយ​អ្នក​ទាំងនោះ​ត្រូវ​ទទួល​ទោស​ជា​ធរមាន​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត