អ្នក​ស្លាប់​​ដោយសារ​​ការ​បំផ្ទុះ​គ្រាប់បែក​​នៅ​អ៊ីរ៉ាក់​​សប្ដាហ៍​មុន​​កើន​ដល់​​២៥០​នាក់​

06-07-2016 3:56 pm 451
ប៉ូលិស​​កំពុងជីក​កកាយ​រកសាកសព​ដែលកប់​ក្នុងគំនរ​បាក់បែក

​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​សុខាភិបាល​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ទី​០៥​កក្កដា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ក្នុង​ក្រុង​បា​ដា​ដ​កាលពី​សប្ដាហ៍​មុន បាន​កើនឡើង​ដល់​២៥០​នាក់​ហើយ​។​ចំពោះ​ចំនួន​អ្នករងរបួស​ក្រសួង​មិន​បាន​បញ្ជាក់​តួលេខ​ថ្មី​ទេ ខណៈ​តួលេខ​ចាស់​មាន​ប្រមាណ​១៥២​នាក់​។​


​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១.០០​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ពេល​ជន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​បាន​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​ដឹក​ទំនិញ​មួយគ្រឿង​ខាងក្រៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ក្រុង​។​អគារ​កម្ពស់​បី​ជាន់​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក ហើយ​នៅ​មាន​អគារ​ជាច្រើន​នៅ​ជិតៗ​នោះ​ត្រូវ​រង​ការខូចខាត​និង​បំផ្លាញ ព្រមទាំង​ឆេះ​រថយន្ដ​ប្រជាជន​ជាច្រើន​គ្រឿង​ដែល​ចត​នៅ​កន្លែងកើតហេតុ​។​ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏​បាន​ចេញ​មុខ​ទទួលខុសត្រូវ​ភ្លាមៗ​ដែរ ដោយ​អះអាង​ថា​មាន​សមាជិក​នៃ​ក្រុម​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​របស់​ពួកគេ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​។​


​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​បន្ទាប់ពី​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ប្រកាស​ពី​ជោគជ័យ​នៃ​ការ​ដណ្ដើម​បាន​ក្រុង​Fallujah​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​មកវិញ​។​កងទ័ព​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ផែនការ​វាយប្រហារ​ដណ្ដើម​យក​ក្រុង​Mosul​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បន្ដទៀត ដែល​កំពុង​ស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់​ក្រុម​នេះ​២​ឆ្នាំ​មកហើយ​។​យ៉ាងណាមិញ​ក្រុម​រដ្ឋ​អ៊ីស្លាម​មិន​បាន​បញ្ជាក់​ទេ​ថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជាការ​សងសឹក​នឹង​កងទ័ព​រដ្ឋាភិបាល​ដែល​វាយប្រហារ​លើ​ពួកគេ​ឬ​យ៉ាងណា​ទេ​។​


​រលក​នៃ​អំពើហិង្សា​ក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​កើតឡើង​ខ្លាំងក្លា​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដណ្ដើម​កាន់កាប់​បាន​ទឹកដី​មួយ​ភាគ​ធំ​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ប្រទេស​ក្នុង​ឆ្នាំ​២០១៤​។​បើ​តាម​របាយការណ៍​អង្គការសហប្រជាជាតិ មាន​ប្រជាជន​អ៊ីរ៉ាក់​ប្រមាណ​៦៦២​នាក់​បាន​ស្លាប់ និង​១,៤៥៧​នាក់​ត្រូវ​របួស​ដោយសារ​សកម្ម​ភាព​ភេរវកម្ម អំពើហិង្សា​និង​ជម្លោះ​ប្រដាប់អាវុធ​ក្នុង​ខែ​មិថុនា​ឆ្នាំនេះ នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់​៕

ព័ត៌មានផ្សេងទៀត