ពាក់មួក​សុវត្ថិភាព ជម្រើស​ខ្ញុំ សុវត្ថិភាព​ខ្ញុំ​!

06-07-2016 9:55 am 2218

​សំឡេង​ការធ្វើ​ចរាចរណ៍​

​នេះ​ជា​សម្លេង នៃ​ការធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ របស់​ប្រជាពលរដ្ឋ រស់​នៅក្នុង​រាជធានី​ភ្នំពេញ តាម​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​សម្រាប់​អ្នកធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​(​ម៉ូតូ​) ចាំបាច់​ត្រូវ​ពាក់មួក​ការពារ​សុវត្ថិភាព​។​

​បច្ចុប្បន្ននេះ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​ឆក់​យក​អាយុជីវិត ប្រជាពលរដ្ឋ ស្ទើរ​ជា​រៀងរាល់ថ្ងៃ នៅតែ​ជា​បញ្ហា​ប្រឈម សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ក៏ដូចជា​អង្គការ​ដៃគូរ​ពាក់ព័ន្ធ​នានា ដែល​ខិតខំ យកចិត្តទុកដាក់ ទប់ស្កាត់ និង​កាត់បន្ថយ​។​

​ការបើកបរ ដោយ​មិន​គោរព​ច្បាប់​ចរាច​រណ៍ ឲ្យ​ខ្ជាប់ខ្ជួន ប្រៀប​បីដូច​យក​ជីវិត​ខ្លួនឯង មក​លេងសើច នៅលើ​ដងផ្លូវ​យ៉ាង​ដូច្នេះ​ដែរ​។ យោងតាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ធ្លាប់បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យមាន​អ្នកស្លាប់ និង​របួស​ភាគច្រើន នៅ​ត្រង់​ក្បាល គឺ​ដោយសារតែ មិន​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​។ បញ្ហា​ទាំងនេះ ដោយសារតែ មាន​ប្រជាពលរដ្ឋ មួយចំនួន​មិនទាន់​យល់ច្បាស់​ពី សារៈប្រយោជន៍ នៃ​មួកសុវត្ថិភាព​។​

​យ៉ាងណាមិញ​សម្រាប់ លោក​ខា សុគន្ធ  ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា រាល់​ពេល​ក្រុម​គ្រួសារ​លោក ធ្វើដំណើរ​ទៅ​ណា​ម្តងៗ​រូបលោក ប្រពន្ធ និង​កូន​គឺ​តែងតែ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ដើម្បី​ការពារ​អាយុជីវិត ពេល​ជួប​គ្រោះ​ថ្នាក់​ណាមួយ ជាយថាហេតុ​។​


សំឡេង​លោក​ខា សុគន្ធ​

ដោយឡែក សម្រាប់​អ្នក​មាន​មុខរបរ រត់​ម៉ូតូឌុប នាពេល​បច្ចុប្បន្ន​នេះ ក៏​មាន​មួកសុវត្ថិភាព សម្រាប់​អតិថិជន​របស់​ខ្លួន​ពាក់​ដែរ ដើម្បី​ការពារ​សុវត្ថិភាព និង​ចៀងវាង​ការពិន័យ ពី​មន្ត្រី​នគរបាល​ចរាច​រណ៍​។ នេះ​ជា​សកម្មភាព​មួយ ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​កំពុង​ចាប់ផ្តើម​យល់​ដឹង​ពី​គុណប្រយោជន៍ មួកសុវត្ថិភាព និង​ការគោរព​ច្បាប់​ចរាចរណ៍​។

 សំឡេង​អ្នករត់ម៉ូតូឌុប​

​ទោះបីជា​ណាក៏ដោយ មាន​ប្រជាពលរដ្ឋ​មួយចំនួន នៅតែ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព ពេល​ធ្វើដំណើរ ក្រោមលេស និង​ហេតុផល​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​ថា ផ្ទះ​នៅ​ជិត​ខ្ជិល​ពាក់ ខូច​ម៉ូត​សក់ និង​ធ្ងន់​ក្បាល​ពិបាក​ពាក់ ជាដើម​។ តើ​រវាង​ការខ្លាច​ខូច​សក់ ឬ​ស្អុះស្អាប់​ក្បាល ពិបាក​ពាក់ សុខចិត្ត​មិន​ពាក់មួក​សុវត្ថិភាព និង​ពាក់​មួកសុវត្ថិភាព ដើម្បី​គោរព​ច្បាប់​ចរាចរណ៍ និង​ការពារ​ជីវិត ណាមួយ​ជា​ជម្រើស​សម្រាប់​លោក​អ្នក​? 

សំឡេង​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​

​កំពុង​រៀបចំ​ចេញដំណើរ​ទៅ​ផ្សារ តាម​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ សេរី​ឆ្នាំ​២០១១ ដែល​មាន​កូន​តូច​ជិះ នៅខាងមុខ និង​ប្រពន្ធ​ជិះ​ខាងក្រោយ មាន​ពាក់​មួកសុវត្ថិភាព​គ្រប់ៗ​គ្នា​រួចជាស្រេច​ហើយ​នោះ លោក​ខា សុគន្ធ បានបញ្ជាក់​ថា​.....៖

​សំឡេង​លោក​ខា សុគន្ធ​

​គ្រោះថ្នាក់ យើង​មិន​អាច​ទស្សន៍ទាយ​ទុក​មុន​បានទេ ដូច្នេះ​មានតែ ការការពារ​ប្រក​ដោយ​ជំនឿ​ជឿជាក់ និង​ការទទួលខុសត្រូវ​ទេ ដែល​អាច​ធ្វើឲ្យ​យើង​មានសុវត្ថិភាព​។ ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា​”​ការពារ​ប្រសើរ​ជាង​ព្យាបាល​”​។​

សំឡេង​ប្រពន្ធ និង​កូន លោក​ខា​សុគន្ធ​

​បើ​តាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ថា ក្នុង​រយៈ​៦​ខែ ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២,២៧៨​ករណី​។ ចំនួន​នេះ មាន​ការថយចុះ​ចំនួន​២៣៦​ករណី ស្មើនឹង​៩% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥ ដែល​មាន​រហូត​ដល់​២,៥១៤​ករណី​។ រី​ឯ​អ្នកស្លាប់​មាន​ចំនួន​១,១០៨​នាក់ ខណៈ​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន ១,២២៩​នាក់ ថយចុះ​១២១​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក​ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​ទី ឡុង បញ្ជាក់បន្ថែម​ថា ក្នុងចំណោម​អ្នករងគ្រោះថ្នាក់​ទាំងនោះ ក៏​មាន​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​មាន​ការផ្សព្វផ្សាយ ពី​វិធានកា​រលើ​អ្នក មិន​ពាក់​មួកសុវត្ថិភាព​ពេល​បើកបរ​រួចមក ឃើញថា ចំនួន​អ្នកប្រើប្រាស់​មួកសុវត្ថិភាព មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​។​

​សំឡេងលោកទី ឡុង

​លោក​គឹម បញ្ញា នាយក​អង្គកា​រ​មូលនិធី​បង្ការរ​បួសអាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​(AIP)​ធ្លាប់បាន​មានប្រសាសន៍ថា​៖ AIP បាន​រៀបចំ​គម្រោង​មួយ​ឈ្មោះថា​“​មួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់​” ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​ឲ្យ​អត្រាការ​ពាក់មួក​សុវត្ថិភា​ព​សំរាប់​អ្នករួមដំណើរ​នៅតាម​ឃុំ​គោលដៅ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ​កើនឡើង​រហូត​ដល់​៣០​ភាគរយ​ក្នុង​ឆ្នាំ​ទី​១ និង​ឈាន​ដល់​កម្រិត ៨០​ភាគរយ​នៅ​ចុង​ឆ្នាំ​ទី​២​ដែល​ជា​លទ្ធផល​វា​អាច​ជួយ​បង្ការ នូវ​ការរង​របួស និង​ការស្លាប់ ពី​គ្រោះថ្នាក់​ចរាចរណ៍ ជា​ច្រើន​ពាន់​នាក់ ហើយ​នឹង​រួមចំណែក ជួយ​ដល់​ប្រទេស​កម្ពុជា ពី​ការខាតបង់​ថវិកា បាន​ជាច្រើន លាន​ដុល្លា​សហរដ្ឋអាមេរិក ផងដែរ​។​

​លោក​គឹម បញ្ញា បន្តថា AIP​នឹង​នៅតែ​បន្ត​ជំរុញ ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ឲ្យចូល​រួម​ពាក់មួក​សុវត្ថិភាព និង​ឃ្លាំមើល​ការអនុវត្ត​ច្បាប់ ឲ្យ​កាន់តែ​តឹងរឹង និង​ប្រសើរឡើង​។ 

​សំឡេង​លោកគឹម បញ្ញា​

​ដើម្បីឲ្យ​ការអនុវត្ត​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព ចាំបាច់​ត្រូវ​អនុវត្ត​ឲ្យមាន​តម្លាភា​ព ទាំង​មន្ត្រី​អ្នកមានអំណាច និង​ប្រជាពលរដ្ឋ​។ ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​មន្ត្រី​នគរបាល​ចរាច​រណ៍ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចេញ​វិក្ក័​យ​បត្រពិន័យ ជា​ប្រាក់​ចំនួន​១៥,០០០​រៀល បន្ទាប់ពី​សម្តេច បាន​ជិះ​ម៉ូតូឌុប អ្នករត់ម៉ូតូឌុប​ម្នាក់ ឆ្លងស្ពាន​កោះកុង ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​។ សម្តេច​ហ៊ុន សែន ក៏​បាន​ព្រម​ទទួល​ទោសកំហុស និង​សុំ​ទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ថា​កុំឲ្យ​យក​តាម​គំរូ​អាក្រក់​បែប​នេះ​។ មួយ​ថ្ងៃ​បន្ទាប់​ពី មន្ត្រី​នគរបាល​ចរាច​រណ៍ ចេញ​វិក្ក័​យ​បត្រពិន័យ សម្តេច​ហ៊ុន សែន បាន​ទៅ​បង់ប្រាក់ នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ចំពោះ​ទង្វើ​ល្មើស​នឹង​ច្បាប់​ចរាច​រណ៍​។ ទន្ទឹមនឹងនេះ សម្តេច​បាន​ផ្តាំផ្ញើ​ថា មិន​ថា​អ្នកធំ អ្នកតូច អ្នកមាន ឬ​អ្នកក្រ​ទេ ឲ្យតែ​ល្មើស​នឹង​ច្បាប់ ត្រូវបាន​ពិន័យ ឬ​ដាក់​ទោសទណ្ឌ​៕

សំឡេង​សម្តេច​ហ៊ុន សែន​

(ដោយៈ​សៅ វិសាល​)

ព័ត៌មានផ្សេងទៀត