កម្ពុជា​-​មី​យ៉ាន់​ម៉ា ​គាំទ្រ​​ការចរចា​​រក​ដំណោះស្រាយ​​ជម្លោះ​សមុទ្រ​​ចិន​ខាងត្បូង​​ដោយ​សន្តិភាព​​

04-07-2016 4:59 pm 1061

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ដ៏​រសើប និង​ក្ដៅគគុក​សម្រាប់​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​។ កន្លងមក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​លើកឡើង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​បញ្ហា​អាស៊ាន​ទាំងមូល​ទេ ប៉ុន្តែ​ជា​បញ្ហា​ពាក់ព័ន្ធ​ផ្ទាល់​រវាង​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​និយាយ​គ្នា​។ ទម្ទឹម​នឹង​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សា​ភាព​អត់ធ្មត់​ជា​អតិបរមា និង​ដោះស្រាយ​ដោយ​សន្តិវិធី​។ មិនតែប៉ុណ្ណោះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ថ្មី នា​ថ្ងៃ​ទី ០៤ កក្កដា ឆ្នាំ​២០១៦​នេះ  មី​យ៉ាន់​ម៉ា​ក៏​គាំទ្រ​ទាំងស្រុង​ចំពោះ​លើ​ការចរចា​ដោះស្រាយ​ជម្លោះ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិភាព​រវាង​ភាគី​ពាក់ព័ន្ឋ​ទាំងអស់​។​


​លោក Myint Soe ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ថ្មី ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា មុនពេល​មក​កាន់​ប្រទេស​កម្ពុជា លោក​បាន​ធ្វើ​ជា​អនុប្រធាន​បេសកកម្ម​នៅ​ក្រុង​ហ្សឺ​ណែ​វ ហើយ​បេសកកម្ម​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ។


​សម្តេច ហ៊ុន សែន បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក Myint Soe ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​នា​ពេល​នេះ​។ ជាមួយគ្នា​នោះ​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ពេញចិត្ត​ចំពោះ​គោលនយោបាយ​៥​ចំណុច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ក្នុងនោះ​មាន​ចំណុច​ដ៏​សំខាន់​បំផុត​មួយ​គឺ​ថែរក្សា​សន្តិភាព​។ សម្ដេច​មានប្រសាសន៍ថា ប្រសិនបើ​គ្មាន​សន្តិភាព​ហើយ គឺ​នឹង​គ្មានអ្វីៗ​ទាំងអស់ រួម​ទាំង​ឱកាស​នៃ​ការ អភិវឌ្ឍន៍​ប្រទេសជាតិ​។​


​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ដែរ សម្ដេច​បាន​លើកឡើង​ទៀត​ថា​តាមពិត​ទៅ​ប្រទេស​ទាំង​ពីរ​មាន​វប្បធម៌ ប្រហាក់ប្រហែលគ្នា ហើយ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​យូរ​មក​ដូចជា​តាមរយៈ​កិច្ច​ទំនាក់ទំនង​ផ្នែក​ព្រះពុទ្ឋសាសនា​ជា​ដើម​។ កម្ពុជា និង​មី​យ៉ាន់​ម៉ា​គាំទ្រ​ទាំងស្រុង​ចំពោះ​លើ​ការចរចា​ដោះស្រាយ​ជម្លោះ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិភាព​រវាង​ភាគី​ពាក់ព័ន្ឋ​ទាំងអស់​។​
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​មី​យ៉ាន់​ម៉ា​ដែល​បាន​ថែរក្សា​នូវ     ចំណងមិត្តភាព សហប្រតិបត្តិការ​ល្អ និង​បាន​ផ្តល់​នូវ​អាហារូបករណ៍​ដល់​កម្ពុ​ជា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ឋសាសនា​នៅ​ប្រទេស​នេះ ជាមួយគ្នានេះ​ដែរ​ព្រមទាំង​បាន​ជូនពរ​លោក Myint Soe ទទួលបាន​ជោគជ័យ​ថ្មីៗ​ជាច្រើន​ទៀត​ក្នុង​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត