អ្នក​ស្លាប់​​​​ដោយសារ​​​ការ​បំផ្ទុះ​​គ្រាប់បែក​​​នៅ​អ៊ីរ៉ាក់​​​កើន​ដល់​​​ជាង​១០០​នាក់​

04-07-2016 9:24 am 514
ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុក្រោយការវាយប្រហារ

​មនុស្ស​ស្លាប់​ដោយសារ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​រដ្ឋ​ធា​ទី​បា​ដា​ដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​កើនឡើង​ដល់​១២៦​នាក់​ហើយ ចំណែក​អ្នករងរបួស​វិញ​មាន​ប្រមាណ​១៥២​នាក់​។​នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​។​វា​គឺជា​ការវាយប្រហារ​បង្ហូ​រ​ឈាម​យ៉ាង​សាហាវ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នា​ឆ្នាំនេះ ដោយ​ការវាយប្រហារ​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១.០០​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ពេល​ជន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​បាន​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​ដឹក​ទំនិញ​មួយគ្រឿង​ខាងក្រៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ក្រុង​។​អគារ​កម្ពស់​បី​ជាន់​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក ហើយ​នៅ​មាន​អគារ​ជាច្រើន​នៅ​ជិតៗ​នោះ​ត្រូវ​រង​ការខូចខាត​និង​បំផ្លាញ ព្រមទាំង​ឆេះ​រថយន្ដ​ប្រជាជន​ជាច្រើន​គ្រឿង​ដែល​ចត​នៅ​កន្លែងកើតហេតុ​។​


​ខណៈនោះ​ដែរ​មាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ​មួយទៀត​បាន​កើតឡើង​នៅក្នុង​ផ្សារ​មួយ​កន្លែង​នៅ​ភាគ​ឦសាន​ទីក្រុង​បា​ដា​ដ បាន​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​៥​នាក់​។​សូមបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​អាច​បន្ដ​កើនឡើង ដោយសារ​អ្នករងរបួស​ខ្លះ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ចំពោះ​ការវាយប្រហារ​ដែល​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នេះ ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏​បាន​ចេញ​មុខ​ទទួលខុសត្រូវ​ភ្លាមៗ​ដែរ ដោយ​អះអាង​ថា​មាន​សមាជិក​នៃ​ក្រុម​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​របស់​ពួកគេ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​។​


​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​បន្ទាប់ពី​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ប្រកាស​ពី​ជោគជ័យ​នៃ​ការ​ដណ្ដើម​បាន​ក្រុង​Fallujah​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​មកវិញ​។​កងទ័ព​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ផែនការ​វាយប្រហារ​ដណ្ដើម​យក​ក្រុង​Mosul​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បន្ដទៀត ដែល​កំពុង​ស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់​ក្រុម​នេះ​២​ឆ្នាំ​មកហើយ​។​យ៉ាងណាមិញ​ក្រុម​រដ្ឋ​អ៊ីស្លាម​មិន​បាន​បញ្ជាក់​ទេ​ថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជាការ​សងសឹក​នឹង​កងទ័ព​រដ្ឋាភិបាល​ដែល​វាយប្រហារ​លើ​ពួកគេ​ឬ​យ៉ាងណា​​​។​


​រលក​នៃ​អំពើហិង្សា​ក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​កើតឡើង​ខ្លាំងក្លា​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដណ្ដើម​កាន់កាប់​បាន​ទឹកដី​មួយ​ភាគ​ធំ​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ប្រទេស​ក្នុង​ឆ្នាំ​២០១៤​។​បើ​តាម​របាយការណ៍​អង្គការសហប្រជាជាតិ មាន​ប្រជាជន​អ៊ីរ៉ាក់​ប្រមាណ​៦៦២​នាក់​បាន​ស្លាប់ និង​១,៤៥៧​នាក់​ត្រូវ​របួស​ដោយសារ​សកម្ម​ភាព​ភេរវកម្ម អំពើហិង្សា​និង​ជម្លោះ​ប្រដាប់អាវុធ​ក្នុង​ខែ​មិថុនា​ឆ្នាំនេះ នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់​៕

ព័ត៌មានផ្សេងទៀត