មនុស្ស​​ជាង​២០០​នាក់​​ស្លាប់​​និង​របួស​​ដោយសារ​​ការ​បំផ្ទុះ​គ្រាប់បែក​​នៅ​អ៊ីរ៉ាក់​

03-07-2016 5:07 pm 818
អគ្គិសភ័យឆាបឆេះកន្លែងរងការបំផ្ទុះគ្រាប់បែក


​មនុស្ស​យ៉ាង​ហោច​ណាស់​៧៩​នាក់​បាន​ស្លាប់​និង​ជាង​១៣០​នាក់​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​រថយន្ត​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​អ៊ីរ៉ាក់​​។ ​រថយន្ត​បំផ្ទុះ​គ្រាប់​បាន​វាយប្រហារ​ភោជនីយដ្ឋាន និង​ផ្សារ ដែល​មាន​មនុស្សម្នា​ណែនណាន់​តាន់តាប់ កាល​ពី​កណ្តាល​អាធ្រា​ត្រឆ្លង​ចូល​យប់​ថ្ងៃអាទិត្យ​។ អណ្តាតភ្លើង​បាន​ឆាប់ឆេះ​ហាង និង​តូប​លក់ដូរ​ជាច្រើន រួម​ទាំង​រថយន្ត​ស៊ីវិល​នៅ​កន្លែង​កើតហេតុ​។ អណ្តាតភ្លើង​នៅ​តែ​បន្ត​ឆាបឆេះ​រហូត​ព្រឹក​ថ្ងៃ​អាទិត្យ មិន​ទាន់​រលត់​នៅឡើយ​។ បន្ទាប់មក​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ផ្សេងទៀត នៅក្នុង​រដ្ឋធានី​អ៊ីរ៉ាក់​ដដែល សម្លាប់​មនុស្ស​៥​នាក់​ទៀត​។​

 

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​ចុះ​ពិនិត្យ​ទីកន្លែង​ដែល​មាន​ការវាយប្រហារ បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​បាន​សន្យា​ដាក់ទោស​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ផងដែរ​។ ក្រុម​អ្នកស្រុក​បាន​ផ្ទុះ​កំហឹង​នឹង​នាយក​រដ្ឋមន្ត្រី​យ៉ាងខ្លាំង ពួកគេ​បាន​រត់តាម​ក្បួន​រថយន្ត​នាយករដ្ឋមន្ត្រី ដើម្បី​គប់​ដុំថ្ម​និង​ដុំឥដ្ឋ នៅ​ពេល​លោក Haider al-Abadi ទៅ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ​។​

 

​ភ្លាមៗ​ក្រុម​ជី​ហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​កំពុង​ប្រយុទ្ធ​ដណ្តើម​ទឹកដី នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ បាន​ទទួលខុសត្រូវ​កា​រ​វាយប្រហារ​នេះ​។ ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​បន្ត​គ្រប់គ្រង​ទឹកដី​ក្នុង​ទំហំ​ធំធេង​នៅ​ភាគ​ខាងលិច​និង​ខាងជើង​ប្រទេស រួមមាន​ទីក្រុង Mosul​ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ ​របស់​ប្រទេស​នេះ​ផងដែរ​។ យ៉ាងណាក៏ដោយ ក្រុម​សកម្មប្រយុទ្ធ​នេះ ​កំពុង​ស្ថិត​នៅក្រោម​សម្ពាធ​របស់​កងទ័ព​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អាមេរិក​ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

អ៊ីរ៉ាក់​បាន​ជួប​រលក​នៃ​អំពើហិង្សា​ឥត​ល្ហែ តាំង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ រឹបអូស​បាន​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងជើង​និង​ខាងលិច​ប្រទេស​ក្នុង​ឆ្នាំ​២០១៤​។ យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​សន្និដ្ឋានថា ពលរដ្ឋ​អ៊ីរ៉ាក់​ជាង​៦៦០​នាក់​បាន​ស្លាប់ និង​ជាង​១៤០០​ផ្សេង​ទៀត​រងរបួស នៅក្នុង​អំពើ​ភេរវកម្ម អំពើហិង្សា​និង​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ខែ​មិថុនា​៕

 ពាក្យគន្លឹះ  អ៊ីរ៉ាក់

ព័ត៌មានផ្សេងទៀត