លោកកឹម សុខា​៖ការលើក​កម្ពស់​សិទ្ធិសេរីភាព​ ជីវភាព​ពលរដ្ឋ​ខ្មែរ​បាន​ លុះណា​គណបក្ស​សង្គ្រោះជាតិ​​ឈ្នះ​ឆ្នោត​

03-07-2016 4:45 pm 4389

លោកកឹម សុខាបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ ក្នុងការលើក​កម្ពស់ សិទ្ធិ សេរីភាព ជីវភាព របស់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន កម្មករ-កម្មការិនី។ ប៉ុន្តែដើម្បី​អនុវត្ត​នូវ​កម្ម​វិធី​នយោបាយនេះបាន លុះត្រាតែគណបក្ស​សង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស។

 

ថ្លែងនៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខណៈជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ព្រឹក ថ្ងៃទី០៣ កក្កដា លោកកឹម សុខា ប្រធានស្តីទីគណបក្ស បានឲ្យដឹងថា គណបក្សសង្គ្រោះ​ជាតិ មានគោលនយោបាយច្បាស់​លាស់ ក្នុងការលើកកម្ពស់ សិទ្ធិ សេរីភាព ជីវភាព របស់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន កម្មករ-កម្មការិនី តាមរយៈ​ការអនុវត្តកម្មវិធីនយោបាយ ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ឲ្យ​បានច្រើន និង រកទីផ្សារលក់ផលិតផលជូនប្រជា​ពលរដ្ឋ ដើម្បីបង្កើតការងារនៅក្នុង​ប្រទេសឲ្យ​បាន​ច្រើនជាងសព្វថ្ងៃនេះ។

 

តែយ៉ាងណា លោកកឹម សុខាបញ្ជាក់ថា ដើម្បីអនុវត្តនូវកម្មវិធីនយោបាយនេះបាន លុះត្រាតែគណបក្ស​សង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស។ លោកថា ការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ពលរដ្ឋ​មានជីវភាព​រស់នៅថ្លៃថ្នូរ និងសម្បូររុងរឿងទៅបាន គឺត្រូវការចាំបាច់នូវ សន្ដិភាព និងស្ថិរភាព​ពិត​ប្រាកដ។

 

សន្ដិភាព​ និងស្ថិរភាពនយោបាយ ត្រូវបានលោកកឹម សុខា កំណត់ថា នៅក្នុងប្រទេសនីមួយៗ អាច​កើត​មានបាន​ពិតប្រាកដ គឺទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ពោលគឺ មិនអាចមាន សន្ដិ​ភាព ស្ថិរភាពពិតទេ បើគ្រាន់តែ​ភាគីខ្លាំង ឬ ភាគីឈ្នះ បដិសេធ​ការចូលរួម​របស់ភាគី​ផ្សេង​ទៀតនៅ​ក្នុងសង្គមនោះ។

 

នៅថ្ងៃទី០៣ កក្កដា នេះដែរ លោកកឹម សុខា ក្នុងនាមជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បាន ថ្លែង​ទៅកាន់ថ្នាក់​ដឹកនាំខេត្តតាកែវ ដោយបញ្ជាក់សារជាថ្មីទៀតថា គណបក្សសង្គ្រោះជាតិ​នៅតែ​ប្រកាន់​គោ​ល​ដៅដដែល គឺ ធ្វើដំណើរ​ឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។លោក​​ថា​ ស្ថានភាពនយោបាយបច្ចុប្បន្ននេះ ធ្វើឲ្យប៉ះ​​ពាល់ដល់បរិយាកាសនៃការបោះ​ឆ្នោត​​​នៅពេល​ខាង​មុខ ពិសេសប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិ ។

 

ធ្វើឲ្យប៉ះពាល់ ដោយលោកអះអាងថា នីតិរដ្ឋ សិទ្ធិសេរីភាពប្រជាពលរដ្ឋ អភ័យឯកសិទ្ធិអ្នកតំណាង​រាស្រ្ដ និងរដ្ឋធម្ម​នុញ្ញ ត្រូវបានគេរំលោភ។ ប៉ុន្តែលោកកឹម សុខា ពន្យល់ថា គណបក្សសង្គ្រោះ​ជាតិ​ចាំបាច់ ត្រូវតែធ្វើការតស៊ូមតិ តាម​រយៈវិធីផ្សេងៗដោយអហិង្សា បន្ដទៀត ដើម្បីឲ្យបរិកាស​វិលមក​រកប្រក្រតីភាពឡើងវិញ។

 

ប្រធានស្តីទី ដែលសំងំតែក្នុងទីស្នាក់ការ ជាង​មួយ​ខែមកហើយនេះ នៅតែទទូចចង់ដោះស្រាយ​បញ្ហា ដោយសន្ដិវិធី ដោយចង់ឲ្យមានការជួបចរចារគ្នា ជាមួយភាគីម្ខាងទៀត។ភាគីម្ខាងទៀត គឺ​លោក សំដៅដល់គណបក្សប្រជាជ​ន​កម្ពុជា។ប៉ុន្តែជារើយៗគណបក្សប្រជាជន​កម្ពុជា តែងតែបដិសេធ​ចរចា​ជាមួយគណបក្សសង្គ្រោះជាតិ៕

 

ដោយ៖ខាត់ សូធី

 

 ពាក្យគន្លឹះ  គណបក្សសង្គ្រោះជាតិ

ព័ត៌មានផ្សេងទៀត