កូរ៉េខាងជើង​​ថ្កោលទោស​​​លើ​ទណ្ឌកម្ម​​អន្ដរជាតិ​​ដែល​ដាក់​​លើ​ខ្លួន​

02-07-2016 9:47 am 1423
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនក្នុងកិច្ចប្រជុំជាមួយមន្ដ្រីខ្លួន

​កូរ៉េខាងជើង​នៅ​ថ្ងៃ​០២​កក្កដា​នេះ បាន​បង្ហាញ​នូវ​ការមិន​សប្បាយចិត្ដ​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ ដែល​ទណ្ឌកម្ម​នេះ​ដូចជា​ការផ្លាស់ប្ដូរ​ចង់​ធ្វើឲ្យ​សេដ្ឋកិច្ច​ខ្លួន​ធ្លាក់ចុះ​។​នៅក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កូរ៉េ​ខាងជើង​បាន​អះអាងថា កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក កំពុងតែ​រំខាន​ដល់​សេដ្ឋកិច្ច ពាណិជ្ជកម្ម សូម្បី​តែ​ទំនាក់ទំនង​ការទូត​របស់​កូរ៉េខាងជើង ក្រោម​រូបភាព​នៃ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​កូរ៉េ​ខាងជើង​បាន​បន្ថែ​ម​ទៀតថា ទណ្ឌកម្ម​ថ្មី​ក៏​ជា​បញ្ហា​ប្រឈម​ប្រឆាំងនឹង​សិទ្ធិ​ជា​រដ្ឋ​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ​។​


​អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដោយ​សារ​ជា​ប្រទេស​តែងតែ​បង្កហេតុ​ប្រឆាំងនឹង​សហគមន៍​អន្ដរជាតិ​។​កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​បួន​ក្នុង​ខែ​មករា​ឆ្នាំ​២០១៦​នេះ ហើយ​បាន​ប្រកាស​ជោគជ័យ​ក្នុង​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​សកម្មភាព​ដូច្នេះ​ត្រូវបាន​អន្ដរជាតិ​ថ្កោលទោស​យ៉ាងខ្លាំង​។​


​កាលពី​ខែ​មុន កូរ៉េ​ខាងជើង​ក៏​អះអាង​ថា​ខ្លួន​បាន​ធ្វើតេស្ដ​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ដែល​អាច​បាញ់​ដល់​មូលដ្ឋានទ័ព​អាមេរិក​មួយចំនួន​ផង​ដូច​ជា​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​ជា​ដើម​។​សកម្មភាព​ធ្វើតេស្ដ​មី​ស៊ី​ល​ម្ដង​ហើយ​ម្ដងទៀត កូរ៉េ​ខាងជើង​ក៏​ត្រូវ​អន្ដរជាតិ​ចោទថា​ផ្គើន​កាន់តែខ្លាំង ទោះបី​ដឹងថា​ខ្លួនឯង​ត្រូវ​ប្រឈម​បញ្ហា​កាន់តែខ្លាំង​ក៏ដោយ​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើងថ្កោលទោស

ព័ត៌មានផ្សេងទៀត