ក្រុមប្រឹក្សា​សន្ដិសុខ​UN​​ថ្កោលទោស​​ការវាយប្រហា​រ​​នៅ​តួ​ក​គី​​ខណៈ​អ្នកស្លាប់​​មាន​ជាង​​៤០​នាក់​

01-07-2016 9:38 am 564
អ្នកដំណើរក្នុងអាកាសយានដ្ឋាន​ក្រោយពេលចាប់ផ្ដើមដំណើរការវិញក្រោយបំផ្ទុះគ្រាប់បែក

ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​៣០​មិថុនា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​នៃ​ប្រទេស​តួ​ក​គី​។​ហេតុការណ៍​វាយប្រហារ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨​មិថុនា ដោយ​មាន​ក្រុម​អ្នក​វាយប្រហារ​បីនាក់ សម្រុកចូល​បាញ់ប្រហារ​លើ​សន្ដិសុខ​នៅ​ច្រកចូល​អាកាសយានដ្ឋាន​Ataturk​ក្នុង​ក្រុង​អ៊ី​ស្ដង់​ប៊ុល បន្ទាប់មក​ក៏​ចូល​ទៅ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​សម្លាប់​ខ្លួនឯង​ទាំង​បី​នាក់​តែ​ម្ដង​។​ការ​បំផ្ទុះ​គ្រាប់បែក​បី​គ្រាប់​និង​ការបាញ់ប្រហារ​បាន​បណ្ដា​លឲ្យមនុស្ស​ស្លាប់​ជាង​៤០​នាក់ និង​របួស​ជាង​២០០​នាក់​។​


​ការវាយប្រហារ​ភេរវកម្ម​ដ៏​រន្ធត់​នេះហើយ បាន​ធ្វើឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក​១៥​ប្រទេស​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​អំពាវនាវ​ថា ត្រូវតែ​នាំ​អ្នករៀបចំ​ផែនការ​ធ្វើ​សកម្មភាព​ភេរវកម្ម​ទៅកាន់​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​រក​យុត្ដិធម៌​ដល់​អ្នកស្លាប់ អ្នករងរបួស​។​សេចក្ដីថ្លែងការណ៍​ក៏បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​ត្រូវ​សហការ​ជាមួយ​រដ្ឋាភិបាល​តួ​ក​គី​លើ​រឿងនេះ​ផងដែរ​។​


​ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បាន គីមូន​(Ban Ki-moon) បាន​បង្ហាញ​ពី​ការសោកស្ដាយ​ដែល​តួ​ក​គី​ជួប​រឿង​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​សម្លាប់​មនុស្ស​ជាច្រើន​នាក់ និង​បាន​សម្ដែង​ការរំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​។​លោក​បាន​និយាយថា សហគមន៍​អន្ដរជាតិ​ត្រូវតែ​រួបរួម​គ្នា​យក​ឈ្នះ​និង​ប្រយុទ្ធប្រឆាំង​ដាច់ខាត​នឹង​អំពើ​ភេរវកម្ម​និយម​។​


​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ទេ ប៉ុន្ដែ​គេ​បាន​ចោទប្រកាន់​និង​បន្ទោស​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​សូមបញ្ជាក់​ថា ស្ថានភាព​សន្ដិសុខ​ក្នុង​ប្រទេស​តួ​ក​គី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​រដ្ឋធានី​អង់កា​រ៉ា​(Ankara) ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ អ៊ី​ស្ដង់​ប៊ុល​(Istanbul) និង​តំបន់​មួយចំនួន​ទៀត​ក្នុង​ប្រទេស​តួ​ក​គី ត្រូវ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​៕

ព័ត៌មានផ្សេងទៀត