បំផ្ទុះ​គ្រាប់បែក​​អត្ដ​ឃាត​​រួម​នឹង​ការបាញ់ប្រហារ​​នៅ​តួ​ក​គី​​សម្លាប់​មនុស្ស​​តិច​ណាស់​​៣៦​នាក់​

29-06-2016 9:17 am 439
ក្រុមជួយសង្គ្រោះចុះទៅកន្លែងកើតហេតុ

​ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​បី​គ្រាប់​រួមជាមួយ​ការបាញ់ប្រហារ​ផង បាន​កើតឡើង​នៅ​អាកាសយានដ្ឋាន​Ataturk​ក្នុង​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ប្រទេស​តួ​ក​គី បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​៣៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​ហេតុការណ៍​បាញ់ប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​១០​យប់​ម៉ោង​ក្នុង​តំបន់​ថ្ងៃទី​២៨​មិថុនា ដោយ​មាន​ក្រុម​អ្នក​វាយប្រហារ​បាន​បាញ់រះ​ទៅលើ​សន្ដិសុខ​នៅ​ច្រកចូល​អាកាសយានដ្ឋាន ដែល​ធ្វើឲ្យ​ការបាញ់ប្រហា​រមួយ​ប្រាវបាន​ផ្ទុះឡើង មុន​ពេល​ពួកគេ​បំផ្ទុះ​សម្លាប់​ខ្លួនឯង​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​តួ​ក​គី​។​


​តាម​សាក្សី​បាន​រៀបរាប់​ពី​ហេតុការណ៍​ថា វា​ជា​ការសម្លាប់​មនុស្ស​យ៉ាង​រន្ធត់​បំផុត ខណៈ​រូបភាព​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​ឃើញ​មាន​អ្នកដំណើរ​ដេក​នៅលើ​ឥដ្ឋ ហើយ​សម្ភារ​អ្នកដំណើរ​ខ្ទាត​ខ្ចាត់ខ្ចាយ​។​សាក្សី​ម្នាក់​ទៀត​បាន​ប្រាប់​ទូរទស្សន៍​CNN​ថា វា​ជា​ការវាយប្រហារ​ដ៏​ខ្លាំងក្លា ដោយ​មនុស្ស​គ្រប់គ្នា​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​រៀងៗ​ខ្លួន​។​មន្ដ្រី​សន្ដិសុខ​ក៏​បាន​ស្រែក​ឲ្យ​អ្នកដំណើ​រគេចខ្លួន​និង​បាន​ជម្លៀស​ពួកគេ​ចេញ​ពី​អាកាសយានដ្ឋាន​។​ប៉ូលិស​បាន​ដាក់​កងកម្លាំង​សន្ដិសុខ​ហ៊ុំ​ព័ទ្ធ​ជុំវិញ​កន្លែងកើតហេតុ ព្រមទាំង​មាន​ឡានពេទ្យ​ចូល​ជួយ​សង្គ្រោះ​អ្នក​របួស​ផងដែរ​។​


​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ មិនទាន់​មាន​ការអះអាង​ទទួលខុសត្រូវ​ពី​ក្រុម​ណាមួយ​ឡើយ ប៉ុន្ដែ​ជំហាន​ដំបូង​គេ​សង្ស័យ​លើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ដោយសារ​តួ​ក​គី​ធ្លាប់​រង​ការវាយប្រហារ​ជាច្រើនលើក​កាលពី​ឆ្នាំមុន ហើយ​គេ​បន្ទោស​ទៅ​លើ​ក្រុម​ឧទ្ទាម​ឃឺ​ដ​និង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​ប៉ូលិស​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​និង​ការបាញ់ប្រហារ​នៅ​អាកាសយានដ្ឋាន​ក្នុងប្រទេស​តួ​ក​គី​នេះ ក្រុម​រដ្ឋ​អ៊ី​ស្លា​ន​ត្រូវ​ជឿជាក់ថា​ជា​អ្នក​ធ្វើ​សកម្មភាព ទោះបី​មិន​ទាន់​មាន​ភស្ដុតាង ហើយ​ហាក់​ឆាប់​ពេក​សម្រាប់​ការសន្និដ្ឋាន​នេះ​ក៏ដោយ​។​


​លោក​ប្រធានាធិបតី​តួ​ក​គី​Recep Tayyip Erdogan​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​៣៦​នាក់ ខណៈ​ទីភ្នាក់ងារសារព័ត៌មាន​Dogan​ថា​មាន​មនុស្ស​៨៨​នាក់​ផ្សេង​ទៀត​រងរបួស​។​លោក​ក៏​បាន​ទទួច​ស្នើសុំ​ឲ្យ​អន្ដរជាតិ​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​បន្ទាប់ពី​ការវាយប្រហារ​នេះ​បាន​កើតឡើង​។​ជាការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​លើក​ទី​បួន​កើតឡើង​ក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​ក្នុង​ឆ្នាំនេះ​៕

ព័ត៌មានផ្សេងទៀត