សេចក្តី​ព្រាង​ច្បាប់​​ឧក្រិដ្ឋ​កម្ម​​តាម​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ នៅបង្ក​​ក្តី​កង្វល់​ និង​ភាព​ចម្រូងចម្រាស់​

27-06-2016 4:36 pm 1748

មជ្ឈដ្ឋានទូទៅ នៅតែសម្តែងនូវក្តីកង្វល់ លើ​សេចក្តីព្រាងងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គម​នាគមន៍​ និង​ព័ត៌មាន​ បើទោះជាសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតនៅ​ក្នុង​ដំណាក់កាល ផ្តុំ​ឯកសារ​ បញ្ជូល  គ្នា​នៅ​ឡើយក៏ដោយ​។ មានកង្វល់ ដោយសារថា ច្បាប់នេះ ហាក់មានភាពរិតត្បិត និង​គំរាមកំហែង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​លោកមេធាវីសុខ សំអឿន លើកឡើង​ថា មានមាត្រា​ខ្លះគួរ កំណត់និយមន័យឲ្យបានច្បាស់។ តែសម្រាប់លោកកែម ឡី វិញថា លោកមិនបាន​ឲ្យ​​តម្លៃលើការ​តាក់តែង ច្បាប់របស់រដ្ឋាភិបាលទេ ព្រោះសូម្បីតែច្បាប់រដ្ឋធម្មនុញ្ញ ក៏រដ្ឋាភិបាលរំលោភ ដែរនោះ។

 

ជំហររបស់ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន នៅតែគាំទ្រ និងការពារ នូវខ្លឹមសារ​នៃសេចក្តីព្រាងច្បាប់នេះ។ ​ ក្រសួង​បានចេញសេចក្តី​បំភ្លឺ​ ជូន​សាធារណជន​ថា​ ដំណើរការ ​​ធ្វើ​ច្បាប់​នេះ​ គឺ​ស្ថិត​ក្នុង​​ដំណាក់ កាល​ផ្តុំ​ឯកសារ​បញ្ចូល​គ្នា​នៅ​ឡើយ​ ហើយបានប្រកាសថា ជាការ​គួរ​ឲ្យ​ស្តាយ នៅពេល​សេចក្តីព្រាងច្បាប់​ស្តីអំពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័​ត៌មាន នេះ​មិនទាន់​ទាំង​បាន​ឈានដល់​ដំណាក់​ការ​នៃ​ការបើក​ឲ្យ​មានការ​ពិគ្រោះ​ យោបល់​ផង ស្រាប់តែ​មានមតិ​មួយចំនួន​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា មានបំណង​ត្រួតត្រា​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងស្រុក និង​បំបិទ​គ្រប់ ការ​រិះគន់​ទាំងអស់​តាមរយៈ​អ៊ីនធឺណិត​។​ក្រសួងប្រៃសណីយ៍ យល់ថា ការ​វិនិច្ឆ័យ​លើ​សេចក្តីព្រាង​មួយ​ដែល​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ផ្គុំ​ ឯកសារ បញ្ចូល​គ្នា​នៅឡើយ ប្រៀបបាន​នឹង​ការ​ភ្លក្សសម្ល​មួយ​ដែល​មិនទាន់​ទាំង​បង់​គ្រឿងនៅឡើយ​ផង​ ។

 

យ៉ាងណាមិញ លោកមេធាវីសុខ សំអឿន ​ប្រធានអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ឋិកម្ពុជា បានមើល​ឃើញថា ជាទូទៅ សេចក្តីព្រាងច្បាប់នេះ មានចំណុចល្អច្រើន លើកលែងតែពីរ ឬបីមាត្រាប៉ុណ្ណោះ ដែល​​ចែងមិន​សូវ​ច្បា​ស់លាស់ ដែលគួរកំណត់និយមន័យឲ្យបានច្បាស់។ លោកបារម្ភលើការបកស្រាយ ពេល​អនុវត្ត​ច្បាប់។ លោកថា បើតុលាការ​ឯករាជ្យ នោះមិនជាអ្វីទេ តែបើតុលាការ ដូចសព្វថ្ងៃនេះ ពិត ជា​គួរឲ្យ​បារម្ភ​ណា​ស់​។​ លោកសុខ សំអឿន បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាល គួរពិនិត្យ​លើចំណុច​មួយ​ចំនួន​​នោះឲ្យ​មែន​ទែន​………………

 

សំឡេងលោកសុខ សំអឿន៖

 

ប៉ុន្តែសម្រាប់លោកកែម ឡី វិញមិនបានឲ្យតម្លៃលើការតាក់តែងច្បាប់របស់រដ្ឋាភិបាលទេ។មិនឲ្យតម្លៃ ព្រោះ​​លោកយល់​ថា សូម្បីតែច្បាប់រដ្ឋធម្មនុញ្ញ ក៏រដ្ឋាភិបាលរំលោភដែរ។លោកថា រាល់ការតាក់តែង ច្បា​ប់​ រដ្ឋាភិបាល មិនដែល​បានយកគំនិត យោបល់ល្អៗដាក់បញ្ចូលទេ គឺគ្រាន់តែសម្រាប់ត្រួតត្រា វាមិន​មែន​​ជាការអប់រំពលរដ្ឋឲ្យប្រព្រឹត្ត​ល្អទេ………………………………………………………………………….

 

សំឡេងលោកកែម ឡី៖

 

គួរបញ្ជាក់ថា កន្លងមក អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ បាន​រៀបចំ​វេទិកា​សម្រាប់​អ្នកជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​គមនាគមន៍​(ICT) និង​អ្នកជំនាញ​ផ្នែក​សេរីភាព និង​សិទ្ធិ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ល្បីៗ​នៅ​កម្ពុជា ដើម្បី​មក​រួម​គ្នា​ក្នុង​ការចែករំលែក​ជាមួយនឹងអ្នកប្រើប្រាស់​បណ្តាញ​សង្គម​ នូវ​ចំណេះដឹង​របស់​ពួកគេ ​អំពី​សារៈសំខាន់​នៃ ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ​គមនាគមន៍​ឱ្យបាន​ត្រឹមត្រូវ ក៏ដូចជា​បកស្រា​យ​​​អំពី​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​ផងដែរ​។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ តែងតែ​បង្ហាញ​ក្តីបារម្ភ​អំពី​ផលប៉ះពាល់ នៃ​សេចក្តីពង្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចំពោះ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​៕

 

ដោយ៖ខាត់ សុធី

 

ព័ត៌មានផ្សេងទៀត