កម្ពុជា​-​ឡាវ ​នឹង​បើក​​កុងស៊ុល​​ថ្មី​​នៅ​​ព្រំដែន​​ដើម្បី​​សម្រួល​​ការ​ចេញចូល​​របស់​​ប្រជាជន​​

27-06-2016 2:55 pm 1326

​ក្រោយពី​បាន​បាន​ចូល​កាន់តំណែង​ជាង​២​ខែ​កន្លងទៅ​នេះ លោក ថោង​លូន ស៊ី​ស៊ូ​លី​ដ (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​មក​ទស្សនកិច្ច​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៦​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការគោរព និង​ការយកចិត្តទុកដាក់​ម​កលើ​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​ភូមិ​ផង​របង​ជាមួយ​គ្នា​។

 

ក្នុង​ជំនួប​ជាមួយ​សម្ដេច​ហ៊ុន សែន នៅ​វិមាន​សន្តិភាព នាយករដ្ឋមន្ត្រី​ឡាវ​បាន​សាទ​ចំពោះ​សកម្មភាព​និង​សហប្រតិបត្តិការ​ធ្វើ​រួម​គ្នា​កន្លងមក ព្រមទាំង​មាន​សេចក្តី​រីករាយ ចំពោះ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ទេសចរណ៍ ជាពិសេស​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​។ លោកនាយក​រដ្ឋមន្ត្រី​ថ្មី​រូបនេះ បាន​បន្ត​ថា​ក្រសួង​សន្តិសុខ និង​ក្រសួង​ការពារជាតិ ក៏ដូចជា​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​សហការ​គ្នា​ជា​ប្រចាំ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​អំពើ​រត់ពន្ធ​ឆ្លងដែន​ការជួញដូរ​ខុសច្បាប់​និង​ការកាប់បំផ្លាញ​ព្រៃឈើ​។​


​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ពេញចិត្ត​ចំពោះ​ការផ្លាស់ប្តូរ​ទស្សនៈកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ និង​ប្រព័ន្ធ​យន្តការ​ដែល​មាន​ស្រាប់​ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាងសកម្ម ដើម្បី​ជុំរុញ​ការអនុវត្ត​កិច្ចសន្យា និង MOU ដែល​បាន​ចុះហត្ថលេខា​រួច​ជា​ស្រេច​មកហើយ រួម​ជាមួយ​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ    ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​អោយបាន​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ជំរុញ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ និង​ប្រជាជន​។ លោក ក៏បាន​ជុំរុញ​អោយមាន​ការវិនិយោគ ទេសចរណ៍ និង​សេដ្ឋកិច្ច ជុំរុញ​អោយមាន​ការដោះស្រាយ​បញ្ហា​ព្រំដែន អោយបាន​ឆាប់រហ័ស រួមទាំង​ការស្នើ​អោយ​មាន​ការបើក​ច្រកព្រំដែន​បន្ថែម​ទៀត​ផង​ដែរ​។​


​ទន្ទឹមនឹងនោះ សម្តេច​ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ឡាវ បាន​ឯកភាព​ក្នុង​ការបើក​ច្រក​ថ្មី​បន្ថែម ទៀត​ដើម្បី​បង្កលក្ខណៈ​អោយ​ប្រជាជន​ដែល​រស់នៅ​តាម​ព្រំដែន​អាច​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ជួយ​លើកស្ទួយ​ពាណិជ្ជកម្ម និង​ទេសចរណ៍ នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង​។ ប្រទេស​ទាំង​ពីរ​ក៏​នឹង​បើក​កុងស៊ុល​នៅ​ខេត្ត ស្ទឹងត្រែង និង ខេត្ត ចំប៉ា​សាក់ ដើម្បី​សម្រួល​ដល់​ការ​ចេញ​ចូល​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​


​សូមជម្រាបថា នៅ​ល្ងាច​នេះ សម្តេច ហ៊ុន សែន នឹង​រៀបចំ​អាហារ​ពេល​ល្ងាច​ទទួល លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​។ បន្ទាប់ពីនោះ នាយក​រដ្ឋមន្ត្រី​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​បន្ត​ទស្សនា​ប្រាសាទ​មួយចំនួន​នៅ​ព្រះរ​បម​រាជវាំង តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា នរោត្តម សីហ​មុនី ព្រះ​មហាក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

 ពាក្យគន្លឹះ  ព្រំដែនកម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត