ឈី​លីលើកពាន Copa America 2016 ម្តងទៀតស្របពេល Lionel Messi ខកចិត្ត​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​

27-06-2016 1:37 pm 1669

វា​ជា​រឿង​ដដែលៗ​ពេក​ហើយ​សំរាប់​ក្រុម​ជម្រើស​អា​ហ្សង់​ទីន រំលឹក​ថយក្រោយ​បន្តិច​កាលពី​ព្រឹត្តិការណ៍ បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក World Cup គឺ​អា​ហ្សង់​ទីនបាន​ចាញ់​ជម្រើសជាតិ​អាល្លឺម៉ង់​ក្នុង​វគ្គ ផ្តាច់​ព្រាត់​។ ហើយ​កាលពី​ព្រឹត្តិការណ៍ Copa America 2015 អា​ហ្សង់​ទី​ន​បាន​ចាញ់​ជម្រើសជាតិឈី​លី​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​ទៀត​ដោយ​បាល់​ប៉េណាល់​ទី​។​

 

Copa America 2016 ទើបតែ​បញ្ចប់​ថ្មីៗ​នេះ ដោយ​គូរ​សត្រូវ​ចាស់​ប៉ះ​គ្នា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់​ព្រាត់ ដែល​ធ្វើឡើង​នៅ​ទឹកដី​សហរដ្ឋអាមេរិក​។ ការប្រកួត​មាន​ភាពស្វិតស្វាញ ព្រោះ​ក្រុម​ទាំង​ពីរ​ប្រាថ្នា​លើក ពា​ន Copa America នេះ​ដូច​គ្នា​។

 

​ការប្រកួត​ដ៏​ក្ដៅគគុក​នេះ​បានបញ្ចប់​លទ្ធផល ០-០ រហូតដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ខណៈ​ដែល​កីឡាករ​ក្រុម​ទាំង​២ Marcelo Diaz របស់​ឈី​លី ទទួលពិន័យ​កាត​ក្រហម នៅ​នាទី​២៨ (​លឿង​២​ដង​) និង Marcos Rojo របស់​អា​ហ្សង់​ទីនទ​ទួល​បានកាត​ក្រហម​មួយ​ដែរ​នៅ​នាទី​៤៣​។​

សោកស្តាយ​ចំពោះ​អា​ហ្សង់​ទីន រំភើប​និង​រីករាយ​ជា​មួយ​ឈី​លី​ដែល​បាន​គ្រង​តំណែង​ជើងឯក​ពីរ​ឆ្នាំ ជាប់​គ្នា​ដោយ​យក​ឈ្នះ​អា​ហ្សង់​ទីន​ដោយ​បាល់​ប៉េណាល់​ទី​កាត់សេចក្ដី ៤-២​។​

ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​ជម្រើស​អា​ហ្សង់​ទីន​តែងតែ​បង្ហាញ​មុខភាគ​ច្រើន​នៅ​វគ្គ​ផ្តាច់​ព្រាត់ តែ​ជា​អកុសល អា​ហ្សង់​ទីន​មិន​ដែល​ទទួលបានជ័​យ​ជំនះ​នោះឡើយ​។ ស្របពេល​ដែល​អា​ហ្សង់​ទីន បន្ត​ចាញ់ឈី​លី​ក្នុង​វគ្គ​ផ្តាច់ព្រាត់ Copa America 2016 នេះ​បាន​ធ្វើអោយ​ប្រធាន​ក្រុម Lionel Messi ខកចិត្ត​យ៉ាងខ្លាំង ហើយ​បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​តែម្តង​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត