ក្រសួង​ថា​​ការរិះគន់​​សេចក្តីព្រាង​ច្បាប់​ICT​​ប្រៀប​បាន​​នឹង​ការ​ភ្លក់​សម្ល​​មួយ​​ដែល​មិនទាន់​​បង់​គ្រឿង​​

26-06-2016 5:12 pm 812

ជុំវិញ​មតិ​រិះគន់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(ICT) ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បំភ្លឺ​បី​ចំណុច​។ សេចក្តីបំភ្លឺ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍​សង្កេតឃើញថា រយៈពេល​ចុងក្រោយ​នេះ មាន​ការពិភាក្សា ការសួរដេញដោល និង​ការធ្វើ​ប្រតិកម្ម​ជា​ច្រើន ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន រហូត​នាំ​ដល់​ការបញ្ចេញមតិ ការព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​

 

​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ក្រសួង​ប្រៃសណីយ៍ បាន​បំភ្លឺថា​៖ ១.​ការ​ព្រាង​ច្បាប់​នេះ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ជាការ​ផ្តុំ​ឯកសារ​បញ្ជូលគ្នា​នៅ​ឡើយ​។ ក្រសួង​បញ្ជាក់ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១០ ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញ​ការងារ​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ​។ ហើយ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ ក៏​មាន​ការសហការ​ពី​ប្រទេស​មួយចំនួន​ក្នុង​តំបន់ តួ​យ៉ាង​ប្រទេស​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន អូស្ត្រាលី និង​ណូវែល​សេ​ឡង់​។ យ៉ាងណាក៏ដោយ ដំណើរការ​ព្រាង​ច្បាប់​នេះ ទើបតែ​បាន​ចងក្រង​ឡើង ដោយ​ប្រមូល​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដាក់បញ្ចូល​គ្នា និង​បាន​ធ្វើ​ការពិភាក្សា​ខ្លះៗ​ក្នុង​កម្រិត​ការងារ​បច្ចេកទេស​តែប៉ុណ្ណោះ​។ ក្រោយមក​សេចក្តីព្រាងច្បាប់​នេះ ក៏​ត្រូវ​បាន​ទុក​មួយ​អន្លើ​សិន​។

 

​ចំពោះ​ចំណុច​ទី ២.​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ និង​សមត្ថកិច្ច​ជាច្រើន​។ តាម​ស្មារតី​នៃ​ការព្រាង​ពី​ដំបូង​ឡើយ ច្បាប់​នេះ​មាន​គោលបំណង​កំណត់​វិធានការ​អប់រំ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្ត បទល្មើស​នានា​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏ដូចជា​ធានា​សុវត្ថិភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ក្នុង​ការប្រើប្រាស់ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​....​។

 

រីឯ​ចំណុច​ទី ៣.​រាជរដ្ឋាភិបាល​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ និង​អភិវឌ្ឍន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ ជា​ការ​គួរ​ឱ្យ​ស្តាយ​ដែលថា ក្នុងខណៈ ដែល​សេចក្តីព្រាងច្បាប់​នេះ​មិន​ទាន់​ទាំង​បាន​ឈាន​ដល់​ដំណាក់កាល​នៃ​ការបើក​ឱ្យមាន​ការពិគ្រោះ​យោបល់​ផង ស្រាប់តែ​មាន​មតិ​មួយចំនួន​ចោទប្រកាន់ រាជរដ្ឋាភិបាល​ថា មានបំណង​ត្រួតត្រា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុងស្រុក និង​បំបិទ​គ្រប់​ការរិះគន់​ទាំងអស់​តាម​អ៊ី​ន​ធឺ​ណែ​ត​។​

 

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​យល់ថា វា​ជា​ការ​ឆាប់​ពេក​ក្នុង​ការជជែក​ដេញដោល និង​វិនិច្ឆ័យ​លើ​សេចក្តីព្រាង​មួយ​ដែល​ស្ថិត​ក្នុង​ដំណាក់កាល នៃ​ការ​ផ្តុំ​ឯ​កសារបញ្ចូល​គ្នា​នៅឡើយ ប្រៀប​បាន​នឹង​ការ​ភ្លក់​សម្ល​មួយ​ដែល​មិន ទាន់​ទាំង​បង់គ្រឿង​គ្រៅ​នៅឡើយ​ផង​។ ក្រសួង​បន្តថា ការវិនិច្ឆ័យ​តាម​របៀប​នេះ ជាការ​ផ្ទុយស្រឡះ​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការពង្រីក​មធ្យោបាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល និង​ការចែករំលែក​ព័ត៌មាន ចំណេះដឹង និង​ទស្សនៈ​។​

 

កន្លងមក អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​រៀបចំ​វេទិកា​សម្រាប់​អ្នកជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​គមនាគមន៍​(ICT) និង​អ្នកជំនាញ​ផ្នែក​សេរីភាព និង​សិទ្ធិ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ល្បីៗ​នៅ​កម្ពុជា ដើម្បី​មក​រួម​គ្នា​ក្នុង​ការចែករំលែក​ជាមួយនឹង អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នូវ​ចំណេះដឹង​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​គមនាគមន៍​ឱ្យបាន​ត្រឹមត្រូវ ក៏ដូចជា​បកស្រាយ​អំពី​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​ផងដែរ​។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ តែងតែ​បង្ហាញ​ក្តីបារម្ភ​អំពី​ផលប៉ះពាល់ នៃ​សេចក្តីពង្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចំពោះ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

 

​បើ​តាម​របាយការណ៍រ​បស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បញ្ជាក់ថា សព្វថ្ងៃ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ប្រទេស អាស៊ាន​លើ​អត្រា​អ្នកប្រើប្រាស់​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត (១៣៩%) ឯ​ចំនួន​អ្នក​ប្រើ ប្រាស់​អ៊ី​ន​ធឺ​ណែ​ត​កើន​ពី​៣២០.០០០​នាក់ ក្នុង​ឆ្នាំ​២០១០ ដល់​ជាង​៥​លាន​នាក់ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៥ គឺ​កើនឡើង​ដល់​ទៅជិត​១៦​ដង​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត