បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកBernie Sanders ដែលមិនទាន់ទាំងបញ្ចប់យុទ្ធនាការការប្រកួតប្រជែងជាផ្លូវការផង លោកបាននិយាយកាលពីថ្ងៃទី២៤មិថុនាថានឹងបោះឆ្នោតឲ្យលោកស្រីHillary Clintonជាប់ជាប្រធានាធិបតីអាមេរិក ដើម្បីបិទផ្លូវលោកDonald Trump។លោកSandersកន្លងមកជាគូប្រកួតប្រជែងជាមួយលោកស្រីClintonក្នុងបក្សប្រជាធិបតេយ្យ ដណ្ដើមយកតំណែងបេក្ខជនប្រធានាធិបតីតំណាងបក្ស ទៅប្រកួតជាមួយបេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋ។ប៉ុន្ដែលោកមិនជោគជ័យដូចលោកស្រីClintonទេ ម្យ៉ាងដោយមើលឃើញពីចំណុចអវិជ្ជមានមួយចំនួនរបស់លោកDonald Trump ទើបសម្រេចចិត្ដគាំទ្រលោកស្រីClintonឲ្យយកឈ្នះលើលោកTrump ពេលបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
នៅពេលត្រូវគេសួរក្នុងកម្មវិធីមួយថា លោកពិតជាបោះឆ្នោតគាំទ្រលោកស្រីClinton ជាប្រធានាធិបតីអាមេរិកឬយ៉ាងណា លោកSandersឆ្លើយដោយគ្មានស្ទាក់ស្ទើរថា ត្រឹមត្រូវហើយ។“បញ្ហានៅពេលនេះគឺខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមដែលអាចទៅរួច ដើម្បីទម្លាក់លោកDonald Trump។ខ្ញុំគិតថាលោកTrumpក្នុងវិធីសាស្ដ្រជាច្រើនរបស់គេ ប្រាកដជាធ្វើឲ្យប្រទេសជួបគ្រោះថ្នាក់បើសិនបេក្ខជនរូបនេះត្រូវជ្រើសរើសជាប្រធានាធិបតីអាមេរិក។”នេះជាសម្ដីសង្កត់ធ្ងន់របស់លោកBernie Sanders។ប៉ុន្ដែទោះបញ្ជាក់ជំហរគាំទ្រលោកស្រីClinton លោក Sandersនឹងនៅតែបន្ដការប្រកួតប្រជែងក្នុងបក្សប្រជាធិបតេយ្យ រហូតដល់ការធ្វើសន្និបាតបក្សសម្រេចក្នុងខែកក្កដាឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នបេក្ខជនប្រធានាធិបតីអាមេរិកដែលលេចធ្លោ ហើយបានឈ្នះសំឡេងតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្ស គឺលោកស្រីHillary Clintonនៅបក្សប្រជាធិបតេយ្យ និងលោកDonald Trumpនៅបក្សសាធារណរដ្ឋ។អ្នកទាំងពីរបានឈ្នះសំឡេងគាំទ្រយ៉ាងច្រើន ព្រមទាំងបានផ្ដួលគូប្រជែងនៅក្នុងបក្សរៀងៗខ្លួន។យ៉ាងណាក៏ដោយមន្ទិលនៅតែមានអ៊ីចឹងដែរ លុះត្រាការតែងតាំងសម្រេចក្នុងបក្សត្រូវបិទបញ្ចប់ជាមុនសិន ព្រោះវាសនាពួកគេអាចប្រែប្រួល ប្រសិនបើនៅថ្ងៃចុងក្រោយសមាជិកបក្សបែរទៅគាំទ្រអ្នកផ្សេងវិញ។សមាជិកបក្សមានសិទ្ធិគាំទ្រអ្នកឯទៀតដែលគេពេញចិត្ដបាន នៅពេលធ្វើមហាសន្និបាតសម្រេចចុងក្រោយ។
អ្វីដែលឃើញជាក់ស្ដែងនៅពេលនេះ គឺលោកស្រីHillary ClintonនិងលោកDonald Trumpកំពុងបញ្ចេញថ្វីដៃទាក់ទាញប្រជាប្រិយភាពក្នុងរបៀបផ្សេងៗគ្នា។អ្វីដែលគួរឲ្យកត់សម្គាល់ គោលនយោបាយលោកTrumpហាក់ត្រូវរងការរិះគន់ខ្លាំងបន្ដិច ព្រោះមានចំណុចមួយចំនួនដែលប្រជាជនអាមេរិកមិនពេញចិត្ដ ជាក់ស្ដែងមានគោលនយោបាយទាក់ទងនឹងជនអន្ដោប្រវេសន៍អ៊ីស្លាមជាដើម៕