លោក​អូ​បា​ម៉ា​​​ទោះ​មិន​ពេញចិត្ដ​​​ការចាកចេញ​​​របស់​អង់គ្លេស​​​តែ​ចំណង​​មិត្ដភាព​​​មិនប្រែ​ប្រួ​ល​

25-06-2016 10:15 am 1865
ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា

​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​កាលពី​ថ្ងៃ​២៤​មិថុនា ពោល​គឺ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​ប្រជាមតិ​នៅ​អង់គ្លេស លោក​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​។​លោក​ថា​ការចាកចេញ​នេះ​នឹង​គំរាមកំហែង​ដល់​ការ​ស្ទុះ​ងើប​នៃ​សេដ្ឋកិច្ច​អាមេរិក បង្អាក់​របៀបវារៈ​ពាណិជ្ជ​កម្ម​របស់លោក ព្រមទាំង​ដកហូត​អង់គ្លេស​ជា​សម្ព័ន្ធមិត្ដ​អាមេរិកមួយ​នេះ​ចេញពី​បញ្ហា​សន្ដិសុខ​សាកល​ថែមទៀ​ត​។​


​លោក​បា​រ៉ាក់ អូ​បា​ម៉ា​តាំងតែ​ពី​ដើម មិន​ដែល​ពេញចិត្ដ​នឹង​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​ឡើយ ព្រោះ​លោក​មើលឃើញ​ថា​ការចាកចេញ​នឹង​ធ្វើឲ្យមាន​បញ្ហា​កើតឡើង​។​តែ​ទោះជា​យ៉ាងនេះ វា​ជា​ការសម្រេចចិត្ដ​របស់​ប្រជាជន​អង់គ្លេស ហើយ​សូម្បី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ដេវីដ កា​មេ​រូ​ន​ក៏​មិន​អាច​ហាមឃាត់​ប្រជាជន​អង់គ្លេស​បាន​ដែរ​។​លោក​កា​មេ​រូ​ន​ក៏​មិន​ពេញចិត្ដ​នឹង​ការចាកចេញ​ពី​អឺរ៉ុប​ដូចគ្នា ប៉ុន្ដែ​នៅពេល​លទ្ធផល​ផ្ទុយ​ពី​ការរំពឹងទុក លោក​ក៏​បាន​ប្រកាស​ភ្លាមៗ​ថា​លោក​នឹង​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី​អង់គ្លេស​នៅពេល​ខាងមុខ ហើយ​ទុក​ឲ្យ​មេដឹកនាំ​ផ្សេង​មក​ដឹកនាំ​ប្រទេស​ជំនួស​លោក តាម​មាគ៌ា​ថ្មី​ដែល​ប្រជាជន​អង់គ្លេស​បាន​ជ្រើសរើស​។​


​និយាយ​ពី​ប្រធានាធិបតី​អាមេរិក​វិញ បាន​ថ្លែង​ទៅកាន់​នាយករដ្ឋមន្ដ្រី​អង់គ្លេស និង​អធិការបតី​អាល្លឺម៉ង់​ក្រោយ​លទ្ធផល​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ថា ការចាកចេញ​របស់​អង់គ្លេស​ពិត​ជា​ការវាយប្រហា​រ​ទៅលើ​សម្ព័ន្ធភាព​អឺរ៉ុប​មិន​ធ្លាប់មាន​តាំង​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​។​អ្វីៗ​មិន​ដូច​ជា​ការ​រពឹង​ទុក ប៉ុន្ដែ​ចំពោះ​លោក​អូ​បា​ម៉ា លោក​នៅ​តែ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​អង់គ្លេស​។​សេត​វិមាន​អាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​តំណាង​ឲ្យ​លោក​អូបា​ម៉ា​ថា ទំនាក់ទំនង​អាមេរិក​-​អង់គ្លេស​នឹង​នៅតែ​បន្ដ​ជា​និច្ច ដើម្បី​ធានាឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច​និង​ស្ថេរភាព​ហិរញ្ញវត្ថុ​៕

 ពាក្យគន្លឹះ  អាមេរិក-អង់គ្លេស

ព័ត៌មានផ្សេងទៀត