ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់​បក់បោក​នឹង​កើតមាន​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៤​ខែមិថុនា ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា

24-06-2016 3:36 pm 884

បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា​បច្ចុប្បន្ន​ជ្រលង​សម្ពាធ​ទាប​បាននិងកំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ទន្ទឹមនឹង​នេះក៏មានវិ​សម្ពាធ​ទាប​មួយ​កើតឡើង​នៅ​ភាគ​កណ្តាល​សមុទ្រ​ចិន​ខាងត្បូង​។​នេះ​បើ​យោងតាមសេចក្តីជូនដំណឹង​​របស់ក្រសួង​ធនធានទឹក​និង​ឧតុនិយមស្តីពី​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមិ​ថុ​នា ឆ្នាំ​២០១៦​។​

 

​វិសម្ពាធ​ទាប​នេះ អាច​វិវត្ត​ទៅ​ជា​កូន​ព្យុះ​(TS) នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​។​ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិសពាយ័ព្យ​ក្នុង​ល្បឿន​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ស្ថានភាព​បែប​នេះ​អាច​បង្ក​ឲ្យ​៖
​ 

   ​-​តំបន់​មាត់សមុទ្រ​: អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្តាប់ ជាពិសេស​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង​។​

 

​    ​-​តំបន់​វាលទំនាប​:
​    ​ 

   ​+​ខេត្ត​កំពង់ស្ពឺ កំពត តាកែវ កណ្តាល រាជធានី​ភ្នំពេញ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិច ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​។​
​    ​ 

   ​+​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​ខេត្ត​សៀមរាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​។​
​  

 ​+​ខេត្ត​ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ធំ ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​។​
​  

 

 ​-​តំបន់​ខ្ពង់រាប​: អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បង្គួរ ចាប់ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ជា​ពិសេស​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ មណ្ឌល​គី​រី និង​ខេត្ត​ក្រចេះ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​បំផុត​។​

 

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ផងដែរ​៕
 


ព័ត៌មានផ្សេងទៀត