ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​ទៅ​កោះ​Natuna​​ដូច​ចង់​ផ្ញើ​សារ​​ឌឺដង​ដាក់​ចិន​

23-06-2016 3:32 pm 1170
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ

​នៅ​ថ្ងៃ​ទី​២៣​មិថុនា​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូ បាន​ធ្វើដំណើរ​ទៅកាន់​កោះ​Natuna ជាមួយ​រដ្ឋមន្ដ្រី​ជា​ប្រធាន​ផ្នែក​សន្ដិសុខ​និង​រដ្ឋមន្ដ្រី​ការបរទេស​។​លោក​ធ្វើ​ដំណើរ​តាម​នាវាចម្បាំង ហើយ​បើ​តាម​សេចក្ដីថ្លែងការណ៍​ចេញពី​វិមាន​ប្រធានាធិបតី​ឲ្យដឹងថា លោក​ចូកូ វី​ដូ​ដូ​គ្រោង​បើក​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ដ្រី​នៅ​លើ​នាវា​ផងដែរ​។​


​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីឥ​ណ្ឌូ​នេ​ស៊ី​ទៅកាន់​កោះ​ដាច់ស្រយាល​Natuna ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ព្រំដែន ដោយ​លោក​វី​ដូ​ដូ​ចង់បង្ហាញ​ថា​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ធំ ហេតុ​នេះ​ត្រូវ​បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន​។​សម្ដី​លោក​ចូកូ វី​ដូ​ដូ​ចង់​សម្ដៅលើ​មហិច្ឆតា​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។​


​កោះ​Natuna​ជា​កោះ​ស្ថិត​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។​ឥណ្ឌូនេស៊ី​ជាមួយ​ចិន កំពុងតែ​មាន​ជម្លោះ​ជាមួយគ្នា​នៅ​តំបន់​នោះ​។​ទីក្រុង​ប៉េកាំង​បាន​និយាយថា ចិន​គ្មាន​ជម្លោះ​ជាមួយ ឥណ្ឌូនេស៊ី​នៅ​តំបន់​ប្រជុំ​កោះ​Natuna​ទេ តែ​ដែន​កម្មសិទ្ធិ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ពិតជា​ជាន់​លើ​ការអះអាង​របស់​ឥណ្ឌូនេស៊ី ទាំង​សិទ្ធិ​និង​ផលប្រយោជន៍​។​ឆ្លើយតប​ការលើកឡើង​របស់​ចិន រដ្ឋមន្ដ្រីការបរទេស​ឥណ្ឌូនេស៊ី​បាន​ច្រាន​ចោល​ជំហរ​ចិន ដោយ​និយាយ​ថា​ដែនទឹក​នៅ​ជុំវិញ​កោះ​Natuna​ស្ថិតក្នុង​ដែន​កម្មសិទ្ធិ​របស់​ឥណ្ឌូនេស៊ី​។​


​គួរបញ្ជាក់​ថា​នៅ​ទីនោះ​ឥណ្ឌូនេស៊ី​តែងតែ​រឹង​បន្ដឹង​ការគ្រប់គ្រង​មែនទែន ពិសេស​ហាម​មិនឲ្យ​មាន​ទូក​នេសាទ​បរទេសចូ​ល​ទៅ​នេសាទ​ខុស​ច្បាប់​ឡើយ​។​កន្លងមក​មាន​ទូក​នេសាទ​ចិន​ធ្លាប់បាន​ចូល​ក្នុង​តំបន់ហាមឃាត់ ហើយ​ត្រូវ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន និង​មាន​ការបាញ់​កម្ទេច​ទូក​នេសាទ​បរទេស​ជាច្រើន​គ្រឿង​ទៀត ក្រោយ​ជម្លៀស​មនុស្ស​ចេញ​។​ចំពោះ​ចិន​ទូក​នេសាទ​របស់​គេ​ចូល​តំបន់​នោះ ដោយ​អះអាង​ថា​ជា​ដែន​កម្មសិទ្ធិ​តែង​ចូល​នេសាទ​ជា​ទម្លាប់​។​


​ការប្រឈមមុខ​ដាក់​គ្នា​នៅតែ​កើតឡើង​មិន​ទាន់​បញ្ចប់ អ្វី​ដែល​សំខាន់​ប្រទេស​ទាំង​ពីរ​នៅ​តែ​អះអាង​ចង់បាន​ដែនទឹក​នៅ​ប្រជុំ​កោះ​Natuna​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​ជា​ទីតាំង​សម្បូរ​ដោយ​សម្បត្ដិ​ធម្មជាតិ​។​ហេតុនេះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ទៅ​ទីនោះ គឺជា​សារ​មួយ​ចង់​បង្ហាញ​ចិន​ថា​កោះ​Natuna​និង​ដែន​នៅ​ជុំវិញ​ជា​របស់​ឥណ្ឌូនេស៊ី​មិនមែន​របស់​ចិន​ឡើយ​៕

ព័ត៌មានផ្សេងទៀត