នៅថ្ងៃទី២៣មិថុនានេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ បានធ្វើដំណើរទៅកាន់កោះNatuna ជាមួយរដ្ឋមន្ដ្រីជាប្រធានផ្នែកសន្ដិសុខនិងរដ្ឋមន្ដ្រីការបរទេស។លោកធ្វើដំណើរតាមនាវាចម្បាំង ហើយបើតាមសេចក្ដីថ្លែងការណ៍ចេញពីវិមានប្រធានាធិបតីឲ្យដឹងថា លោកចូកូ វីដូដូគ្រោងបើកកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅលើនាវាផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីទៅកាន់កោះដាច់ស្រយាលNatuna ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ដោយលោកវីដូដូចង់បង្ហាញថាឥណ្ឌូនេស៊ីជាប្រទេសធំ ហេតុនេះត្រូវបង្ហាញពីភាពខ្លាំងរបស់ខ្លួន។សម្ដីលោកចូកូ វីដូដូចង់សម្ដៅលើមហិច្ឆតានៃការកសាងហេដ្ឋារចនាសម្ព័ន្ធ។
កោះNatunaជាកោះស្ថិតក្នុងដែនសមុទ្រចិនខាងត្បូង។ឥណ្ឌូនេស៊ីជាមួយចិន កំពុងតែមានជម្លោះជាមួយគ្នានៅតំបន់នោះ។ទីក្រុងប៉េកាំងបាននិយាយថា ចិនគ្មានជម្លោះជាមួយ ឥណ្ឌូនេស៊ីនៅតំបន់ប្រជុំកោះNatunaទេ តែដែនកម្មសិទ្ធិរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ពិតជាជាន់លើការអះអាងរបស់ឥណ្ឌូនេស៊ី ទាំងសិទ្ធិនិងផលប្រយោជន៍។ឆ្លើយតបការលើកឡើងរបស់ចិន រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ីបានច្រានចោលជំហរចិន ដោយនិយាយថាដែនទឹកនៅជុំវិញកោះNatunaស្ថិតក្នុងដែនកម្មសិទ្ធិរបស់ឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថានៅទីនោះឥណ្ឌូនេស៊ីតែងតែរឹងបន្ដឹងការគ្រប់គ្រងមែនទែន ពិសេសហាមមិនឲ្យមានទូកនេសាទបរទេសចូលទៅនេសាទខុសច្បាប់ឡើយ។កន្លងមកមានទូកនេសាទចិនធ្លាប់បានចូលក្នុងតំបន់ហាមឃាត់ ហើយត្រូវឥណ្ឌូនេស៊ីឃាត់ខ្លួន និងមានការបាញ់កម្ទេចទូកនេសាទបរទេសជាច្រើនគ្រឿងទៀត ក្រោយជម្លៀសមនុស្សចេញ។ចំពោះចិនទូកនេសាទរបស់គេចូលតំបន់នោះ ដោយអះអាងថាជាដែនកម្មសិទ្ធិតែងចូលនេសាទជាទម្លាប់។
ការប្រឈមមុខដាក់គ្នានៅតែកើតឡើងមិនទាន់បញ្ចប់ អ្វីដែលសំខាន់ប្រទេសទាំងពីរនៅតែអះអាងចង់បានដែនទឹកនៅប្រជុំកោះNatunaក្នុងសមុទ្រចិនខាងត្បូង ព្រោះជាទីតាំងសម្បូរដោយសម្បត្ដិធម្មជាតិ។ហេតុនេះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ីទៅទីនោះ គឺជាសារមួយចង់បង្ហាញចិនថាកោះNatunaនិងដែននៅជុំវិញជារបស់ឥណ្ឌូនេស៊ីមិនមែនរបស់ចិនឡើយ៕