កម្ពុជា​​បដិសេធ​​មិន​បាន​​បំផ្លាញ​​សេចក្ដីថ្លែងការណ៍​​អាស៊ាន​​ពាក់ព័ន្ធ​​នឹង​​បញ្ហា​​សមុទ្រ​​ចិន​ខាងត្បូង​​

23-06-2016 11:35 am 1641

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​មួយ​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា កម្ពុជា​បាន​បំផ្លាញ​ការចេញ​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ទាំង​នៅ​ទីក្រុង​គួន​មីងនា​ពេល​ថ្មីៗ​នេះ និង​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​២០១២​។ គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា ផ្ទុយ​នឹង​ការចោទប្រកាន់ កម្ពុជា​បាន​ដើរតួនាទី​យ៉ាង​ល្អ​នៅក្នុង​ការសម្របសម្រួល​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​រក្សា​សាមគ្គីភាព និង​សុខុដុមរមនា​ក្នុង​ទំនាក់ទំនង​អាស៊ាន​-​ចិន ម្យ៉ាងទៀត​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ពុំមែន​ជា​បញ្ហា​រវាង​អាស៊ាន​-​ចិន ទេ​។​


​ជាមួយគ្នា​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្រកាស​គាំទ្រ​គោលជំហរ​របស់​រដ្ឋា​បាល ដែល​បាន​ថ្លែង​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​ទី ២០ មិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ​ថា ក្នុងនាម​ជា​សមាជិក​អាស៊ាន កម្ពុជា​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ស្មារតី​សហគមន៍ (​គោលការណ៍​កុងសង់ស៊ីស​) សមាហរណកម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍ និង​ការតភ្ជាប់ និង​ការប្រើប្រាស់​អាស៊ាន​ជា​ច្រក​ការទូត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ ជាមួយគ្នា​នោះ​ដែរ កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ ដែល​គាំទ្រ​ដល់​សាលដីកា​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការពាក់ព័ន្ធនឹ​ង    ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​


​គួរ​ជម្រាប​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ដ៏​រសើប និង​ក្ដៅគគុក​សម្រាប់​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​។ កន្លងមក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​លើកឡើង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​បញ្ហា​អាស៊ាន​ទាំងមូល​ទេ ប៉ុន្តែ​ជា​បញ្ហា​ពាក់ព័ន្ធ​ផ្ទាល់​រវាង​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​និយាយ​គ្នា​។ សម្ដេច​ហ៊ុន សែន បាន​ចាត់​ទុក​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថា ជា​ថ្ម​ក្ដៅ មិនមែន​ជា​ដំឡូង​ក្ដៅ​នោះទេ​។​


​យ៉ាងណាក្ដី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ អត់ធ្មត់ កុំ​ប្រើប្រាស់​កម្លាំង ឬ​គម្រោង​ប្រើប្រាស់​កម្លាំង ក្នុង​ទំនាក់ទំនង​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោយផ្ទាល់​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដោយ​ប្រើ​យន្តការ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ប្រតិបត្តិការ​របស់​បណ្ដា    ភាគី និង​ខិតខំ​ធ្វើ​ការរួម​គ្នា​រវាង​អាស៊ាន​និង​ចិន ដើម្បី​ឲ្យសម្រេចបា​នក្រមប្រតិបត្តិ (COC)៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត