កម្ពុជា​ត្រូវ​ពង្រឹង​ការអភិវឌ្ឍ​ជំនាញ​ដើម្បី​គាំទ្រ​ដល់​ការ ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​

22-06-2016 4:16 pm 1515

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​យល់ឃើញថា ធនធានមនុស្ស​និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស​ជា​កត្តា​កំណត់​មួយ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ពោល​គឺ​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច មាន​ភាព ប្រកួតប្រជែង និង​មាន​ភាព​ទាក់ទាញ​ការវិនិយោគ ពិសេស​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ដែល​មាន​តម្លៃ បន្ថែម​ខ្ពស់​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​។​

 

​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើកឡើង​នៅក្នុង​សិក្ខាសាលា ពិគ្រោះ​យោបល់​ជាមួយ គ្រប់​ភាគី​ពាក់ព័ន្ធ​ស្តីពី ការអភិវឌ្ឍ​ជំនាញ សម្រាប់​រៀបចំ​ច្បាប់​ថវិកា​ឆ្នាំ​២០១៧​នៅ​ទីស្តីការក្រសួង​ថា ទន្ទឹម​នឹង​ការ​ឈានឡើង​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប កម្ពុជា​ត្រូវ​ពង្រឹង​ការអភិវឌ្ឍ ជំនាញ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ពី​ឧស្សាហកម្ម អតិពលកម្ម​ទៅ​ឧស្សាហកម្ម​ដែល​មាន​ការប្រើប្រាស់​ជំនាញ ពិសេស​ដើម្បី​បញ្ចៀស​នូវ​ការជាប់​ក្នុង​អន្ទាក់ ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​។​

 

​លោក វង្សី វិស្សុត ក៏​បាន​បញ្ជាក់ទៀតថា ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ ក៏​ជួយ​ធ្វើឱ្យមាន ស្ថិរភាព​ក្នុង​ទីផ្សារ​ពលកម្ម និង​ជួយ ធ្វើឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ​កាន់តែ​មាន​ភាព​សុខដុមរមនា ដែល​ជួយ​បង្កើត​ឱ្យមាន​នូវ​បរិយាកាស​អំណោយ ផល​សម្រាប់​ផលិតកម្ម​។ ការអភិវឌ្ឍ​ធនធាន មនុស្ស ពិសេស​ការអភិវឌ្ឍ​ជំនាញ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ការធានា​ទ្រទ្រង់​ឱ្យ មាន​កំណើន​មួយ​ដែល​ខ្ពស់​ជាង ។ ក្នុង​ទិដ្ឋភាព​ខាង ផ្នែក​សមធម៌​សង្គម ការបណ្តុះបណ្តាល​ជំនាញ​នេះ ក្រៅ​ពី​ជួយ​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម របស់​យើង​មាន​ជំនាញ ជាង​មុន ក៏​អាច​ជួយ​ធ្វើឱ្យ​ពួកគាត់​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ជាង​មុន​ដែរ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់ខែ អ​ប្បរមា និង​បញ្ហា​បាតុកម្ម កូដកម្ម​ជាដើម​។​

 

​លោក វង្សី វិស្សុត ក៏​បាន​បន្ថែមទៀតថា​ការបណ្តុះបណ្តាល​ជំនាញ នឹង​ជួយ​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​របស់ កម្ពុជា​យើង​អាច​ទទួលបាន ការងារ​ធ្វើ​សមរម្យ ដែល​ជា​ការងារ ផ្អែកលើ​ជំនាញ ដើម្បី​អាច​ទទួលបាន​ប្រាក់ខែ​សមរម្យ និង​មាន ជីវភាព​រស់​ធូរធារ​ហើយ​កម្ពុជា​នឹង​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​ដល់​ការអភិវឌ្ឍជំ​នា​ញ ទាំង​ជំនាញ ផ្លូវការ និង​មិន​ផ្លូវការ ។

 

សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​គោលដៅ​ជំរុញ​ល្បឿន​នៃ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ចំណាយ​ថវិកា​ចរន្ត​របស់ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួល​បាន​កំណើន​ចំនួន ៤៥,៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លងទៅ​៕

 ពាក្យគន្លឹះ  ក្រសួងសេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត