ក្រសួង​រ៉ែ​ ​​និង​​ថាមពល​​សម្រេច​​ព្យួរ​​អាជ្ញាប័ណ្ណ​ ​ក្រុមហ៊ុន​ចិន​​រុករក​រ៉ែ​​មាស​ ​នៅ​​ស្រុក​​ភ្នំព្រឹក​​

22-06-2016 12:57 pm 1475

នៅ​ក្នុង​កិច្ចពិភាក្សា​ការងារ ស្តី​ពី​ការជីក​រ៉ែ​នៅ​ស្រុក​ភ្នំព្រឹក នៅ​សាលាខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង របស់​ក្រុមហ៊ុន​ចិន «​ភូ​យ៉ាង​» ត្រូវបាន​ក្រសួង សម្រេច​ព្យួរ​ជា​បណ្តោះអាសន្ន​ហើយ​។

 

​ការសម្រេច​នេះ គឺ​បន្ទាប់ពី​ក្រសួង​បាន​រកឃើញ​ភាព​មិន​ក្រ​ក្រតី​មួយចំនួន ដែល​ធ្វើឲ្យ​មាន​ការប៉ះពាល់ ដល់​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​មួយ​នេះ​។ ម្យ៉ាងវិញទៀត ក៏​មាន​ភាព​អាណាធិបតេយ្យ​នៃ​ការរុករក​រ៉ែ ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ឈ្មួញ​ខិលខូច ដែល​បណ្តាលឲ្យ​មាន​ករណី​បាក់ដី​សង្កត់ និង​បំផ្ទុះ​ថ្ម​ត្រូវ​កម្មករ​រ៉ែ​មាស ស្លាប់​ជា​បន្តបន្ទាប់​។​

 

​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ស្របច្បាប់​គឺ​មាន​ការបង់ពន្ធ ចូល​រដ្ឋ​ដើម្បី​នាំមក​នូវ​កំណើន សេដ្ឋកិច្ចជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ប៉ុន្តែ​ការធ្វើ​អាជីវកម្ម​នោះ ត្រូវ​ធានា​ឱ្យបាន​កុំ​បង្ក​ឱ្យមាន​បញ្ហា​ជាមួយ​ពលរដ្ឋ និង​ប៉ះពាល់​ផលប្រយោជន៍​ពលរដ្ឋ​។​

 

​លោក​ស៊ុយ សែម ក៏​បាន​ជម្រុញ​ឱ្យ​ក្រុម​ឈ្មួញ ធ្វើ​អា​ជី​កម្ម​រ៉ែ​មាស​អាណាធិបតេយ្យ​ខុសច្បាប់ ត្រូវ​ទៅ​សុំ​ច្បាប់​អាជីវកម្ម​ស្របច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ឲ្យបាន​ច្បាស់លាស់ ហើយ​ចេញ​ច្បាប់​ជូន និង​ធ្វើ​ការបង់ពន្ធ​ចូល​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​។​

 

សូមបញ្ជាក់​ថា នៅ​ចំណុច​ភ្នំព្រឹក ត្រូវ​គេ​មើលឃើញ​ថា ការធ្វើ​អាជីវកម្ម​រ៉ែ​មាស មាន​ចំនួន​២​ក្រុម ដែល​មាន​ក្រុម​ឈ្មួញ​អាណាធិបតេយ្យ​ខុសច្បាប់​១​ក្រុម និង​ក្រុម​ខាង​ក្រុមហ៊ុន​ភូ​យ៉ាង​១​ក្រុម ដោយ​ក្រុមហ៊ុន​ភូ​យ៉ាង ត្រូវ​គេ​និយាយថា​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​។​

 

​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កន្លងមក​គេ​សង្កេតឃើញ ឈ្មួញ​អាណាធិបតេយ្យ​ខុសច្បាប់ បាន​ប្រើប្រាស់​កម្មករ​ជី​កលុង រក​រ៉ែ​មាស ដាក់​បំផ្ទុះ​រំសេវ​ផ្ទុះ​ខុស​បច្ចេកទេស បណ្តាលឱ្យ​បាក់​ដី សង្កត់ និង​ផ្ទុះ​ថ្ម​ត្រូវចំ​កម្មករ​ស្លាប់​ជា​បន្តបន្ទាប់ កាល​ពី​កន្លងទៅនេះ​។ សកម្មភាព នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ពី​សំណាក់​ក្រុម​អាណាធិបតេយ្យ​ខុសច្បាប់ ក៏​ត្រូវ​គេ​មើលឃើញ​ថា​គ្មាន​ការបង់ពន្ធ​ចូល​រដ្ឋ​នោះ​ទេ ហើយ​ថែមទាំង​បាន​បង្ក​ប៉ះពាល់​បរិស្ថាន​ផងដែរ​៕

 ពាក្យគន្លឹះ  ជីករ៉ែនៅភ្នំព្រឹក

ព័ត៌មានផ្សេងទៀត